Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​បន្ត​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"

Image may be NSFW.
Clik here to view.
ក្រុម​សមត្ថកិច្ច​​​​ឃាត់​ពលរដ្ឋ​ដែល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" មិន​អោយ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​ព្រៃស ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់​ដែល​ជាប់​ឃុំ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya


ដោយ តាំង សារ៉ាដា RFA 2016-05-17

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តាម​រដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រារព្ធ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំឃាំង។

លោក មាស ជា ដែល​ជា​សកម្មជន​សហគមន៍​ខ្មែរ​ម្នាក់​រស់​នៅ​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា (Philadelphia) នៃ​រដ្ឋ​ផែនស៊ីលវែនញ៉ា (Pennsylvania) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ឧសភា ថា យុទ្ធការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"ដែល​ក្រុម​របស់​លោក​កំពុង​ធ្វើ​ឡើង​នេះ គឺ​ចង់​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បាន​ដឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ផ្ទុយ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

លោក មាស ជា៖ «អ្នក​ការពារ​សិទ្ធិមនុស្ស​ហើយ​ត្រូវ​គេ​ចាប់​ទៅ​វិញ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ប្រទេស​ប្រជាធិបតេយ្យ​មួយ ហើយ​គេ​ចាប់​អ្នក​ដែល​ការពារ​សិទ្ធិមនុស្ស​យក​ទៅ​ដាក់​គុក។ ដូច្នេះ​យើង​សម្ដែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្អែក​ទៅ​លើ​សុភវិនិច្ឆ័យ និង​យុត្តិធម៌​ទៅ​ដល់​អស់​លោក​ទាំង​អស់​នោះ»។
រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល ១៩​ថ្ងៃ​ហើយ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ម្នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ពី​បទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"នេះ​ដែរ អ្នកស្រី នួន មីឈែល ដែល​ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) មាន​ប្រសាសន៍​ថា ការ​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"នេះ​ឡើង មិន​ត្រឹមតែ​ទាមទារ​ឲ្យ​ដោះលែង​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចំនួន ៥​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​រាល់​អ្នក​ទោស​មនសិការ​ទាំង​ឡាយ​ទៀត​ដែរ។

អ្នកស្រី នួន មីឈែល៖ «ប្រជាពលរដ្ឋ​ដែល​គាត់​គ្មាន​កំហុស​អ្វី​ដូចជា​លោក មាជ សុវណ្ណារ៉ា អ៊ីចឹង។ យើង​ធ្វើ​នេះ​គឺ​កាន់ទុក្ខ​ទាំង​អស់​គ្នា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ដែល​ជាប់​ពន្ធនាគារ​ទាំង​អស់​នោះ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​គ្នា​គឺ​យើង​ត្រូវ​តែ​រួបរួម​ដើម្បី​រំដោះ​ជាតិ​យើង»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"នេះ នៅ​តាម​រដ្ឋ​មួយ​ចំនួន​ដូចជា​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) រដ្ឋ​ណ័រស៍ ឃែរ៉ូឡាយណា (North Carolina) រដ្ឋ​ផែនស៊ីលវែនញ៉ា និង​រដ្ឋ​កាលីហ្វ័រញ៉ា។

យ៉ាង​ហោច​ណាស់​មាន​សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ប្រហែល ២០​នាក់​ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ សហគមន៍​អន្តរជាតិ​ចាត់​ទុក​មនុស្ស​ទាំង​នោះ​ជា​អ្នក​ទោស​មនសិការ ដោយសារ​ពួកគេ​ត្រូវ​ជាប់​ទោស​ដោយសារ​ការ​បញ្ចេញ​មតិ និង​កិច្ច​ការពារ​សិទ្ធិមនុស្ស៕

Viewing all articles
Browse latest Browse all 40045

Trending Articles