
ដោយ យាង សុជាមេត្តា RFA 2016-11-12
ក្នុងព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ខ្មែរក្រោមបានត្រៀមលក្ខណៈជាស្រេចដើម្បីចូលរួមក្នុងការប្រកួតទូកងជាមួយទូកងមកពីតាមបណ្ដាខេត្តនានា។ អ្នកគ្រប់គ្រងទូកងខ្មែរកម្ពុជាក្រោម លើកឡើងថា បើការប្រកួតទទួលបានជ័យជំនះ វាជាមោទនភាពរបស់ខ្មែរក្រោម តែបើមិនបានជយលាភីទេវាក៏ជាការរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីខ្មែរមួយនេះដែរ។
ទូកងរបស់ខ្មែរក្រោមមានឈ្មោះជាផ្លូវការថា "ខ្មែរកម្ពុជាក្រោមមានជ័យ"។ ទូកងនេះត្រូវបានបង្កើតឡើងដោយពលរដ្ឋខ្មែរក្រោម និងបានចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកតាំងពីឆ្នាំ២០០១ មក។
ប្រធានគណៈកម្មការទូកង "ខ្មែរកម្ពុជាក្រោមមានជ័យ"និងជាប្រធានក្រុមប្រឹក្សាភិបាលមិត្តសមាគមខ្មែរកម្ពុជាក្រោម គឺលោក តាំង សារៈ។ លោកឲ្យដឹងថា ដោយសារពិធីបុណ្យប្រណាំងទូកគឺជាទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរ ហើយដោយឡែកនៅដែនដីកម្ពុជា ក្រោមឯណោះ ពលរដ្ឋខ្មែរក្រោម ក៏បានធ្វើពិធីបុណ្យអុំទូកនេះជារៀងរាល់ឆ្នាំដែរ លោក តាំង សារៈ ថា ការបង្កើតទូកងខ្មែរកម្ពុជាក្រោមមានជ័យ គឺខ្មែរក្រោមមានបំណងចូលរួមក្នុងការថែរក្សាទំនៀមទម្លាប់នេះឲ្យគង់វង្សតទៅទៀត។
លោក តាំង សារៈ៖ «យើងយល់ឃើញថា យើងខ្ញុំដែលជាខ្មែរកម្ពុជាក្រោមដែលភៀសខ្លួនមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គិតថា នេះជាប្រពៃណីដែលខ្មែរកម្ពុជាក្រោម តែងប្រកាន់ខ្ជាប់មកដែរ ហេតុដូច្នេះនៅពេលខ្មែរកម្ពុជាក្រោម បានមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏គួរតែមានទូកដើម្បីចូលរួមប្រណាំងដើម្បីរក្សានូវទំនៀមទម្លាប់នោះ ហើយម្យ៉ាងទៀត ដូចជាឯកសារផ្សេងៗបានបញ្ជាក់ហើយថា ការប្រណាំងទូក គឺជាពិធីមួយដែលមានប្រភពមកពីដែនដីកម្ពុជាក្រោមនេះឯង គឺមកពីខេត្តបាសាក់ សព្វថ្ងៃគឺខេត្តឃ្លាំងនេះឯង»។
និមិត្តសញ្ញានៃទូកង "ខ្មែរកម្ពុជាក្រោមមានជ័យ"គឺរូបរាហូចាប់ច័ន្ទ រំលេចទៅដោយទង់ពណ៌ខៀវ លឿង ក្រហម ដែលជាទង់ជាតិរបស់ខ្មែរកម្ពុជាក្រោមទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ សម្រាប់សម្លៀកបំពាក់របស់កីឡាករនៅឆ្នាំនេះ លោក តាំង សារៈ បញ្ជាក់ថា គឺមានមួកពណ៌ខៀវ អាវពណ៌លឿង និងខោពណ៌ក្រហម ដែលជាពណ៌នៃទង់ជាតិខ្មែរកម្ពុជាក្រោម ដែរ។
បច្ចុប្បន្នទូកង "ខ្មែរកម្ពុជាក្រោមមានជ័យ"ត្រូវបានរក្សាទុកនៅក្នុងវត្តសាមគ្គីរង្សី នារាជធានីភ្នំពេញ។ ទូកនេះ គឺជាប្រភេទទូកប្រណាំងអន្តរជាតិមានចំណុះ ២២នាក់ ប៉ុន្តែបើរាប់បញ្ចូលទាំងកីឡាករបម្រុង និងក្រុមការងារផ្សេងទៀត មានគ្នាទាំងអស់ចំនួន ២៨នាក់។
លោក តាំង សារៈ ឲ្យដឹងថា កីឡាករនៃទូក "ខ្មែរកម្ពុជាក្រោមមានជ័យ"ទាំងអស់ គឺសុទ្ធសឹងតែជាពលរដ្ឋខ្មែរក្រោមដែលរស់នៅក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។ ពួកគេបានចាប់ផ្ដើមហ្វឹកហាត់នៅទីនោះ តាំងពីថ្ងៃទី២៥ ខែតុលា និងត្រូវឡើងមកហាត់សមជាមួយទូកងមកពីបណ្ដាខែត្រផ្សេងទៀត នៅថ្ងៃទី១០ ខែវិច្ឆិកា ក្រោយពីទូក "ខ្មែរកម្ពុជាក្រោមមានជ័យ"នឹងត្រូវធ្វើពិធីក្រុងពាលីដង្ហែទៅកាន់ទន្លេចតុមុខ នៅមុខព្រះបរមរាជវាំង នៅថ្ងៃដដែល។
លោក តាំង សារៈ បញ្ជាក់ថា ការសម្រេចជ្រើសរើសយកកីឡាករខ្មែរក្រោមចេញពីខេត្តតាកែវ តែមួយនៅឆ្នាំនេះ គឺដើម្បីកាត់បន្ថយការចំណាយ៖ «ពីមុនយើងបានយកបងប្អូនខ្មែរកម្ពុជាក្រោមដែលនៅរាជធានីភ្នំពេញ តែវាជួបការលំបាកដោយហេតុថា ការប្រមូលផ្តុំគ្នានៅពេលដែលហ្វឹកហាត់យើងត្រូវមានរថយន្តដើរ ប្រមូលពួកគាត់ទម្រាំគ្រប់ចំនួន យើងត្រូវចំណាយច្រើន»។
ខុសពីទូកងនៅកម្ពុជា មួយចំនួនដែលមានអ្នកមានទ្រព្យសម្បត្តិ និងយសស័ក្ដិជួយចូលរួមឧបត្ថម្ភជាថវិកា ឬសម្ភារៈផ្សេងៗក្នុងពេលហ្វឹកហាត់ និងក្នុងអំឡុងពេលប្រកួតនៅរាជធានីភ្នំពេញ ទូកងខ្មែរក្រោមពុំសូវមានអ្នកធំណាជួយឧបត្ថម្ភឡើយ។ លោក តាំង សារៈ អះអាងថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ មក គឺមានតែពលរដ្ឋ ជាពិសេសពលរដ្ឋខ្មែរក្រោមខ្លួនឯងដែលជាអ្នកចូលរួមជ្រោមជ្រែងឧបត្ថម្ភតាមការអំពាវនាវរបស់គណៈកម្មការទូក។
សម្រាប់ឆ្នាំនេះ លោក តាំង សារៈ ថា កីឡាករទូកងខ្មែរក្រោមទាំងអស់នឹងមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងអំឡុងពេលនៃការហ្វឹកហាត់ និងការប្រណាំងទូកនៅភ្នំពេញ៖ «នៅថ្ងៃអុំពេលព្រឹកត្រូវមានរថយន្តដឹកគាត់ពីវត្តសាមគ្គីរង្សី ចូលមកហូបបាយនៅផ្ទះខ្ញុំ តែមិនមែនមានន័យថា ផ្ទះរបស់ខ្ញុំជាអ្នកទទួលរ៉ាប់រងទេ ប៉ុន្តែថវិកាយកមកឲ្យគ្រួសារខ្ញុំជាអ្នកធ្វើ»។
ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរដ្ឋាភិបាលអាក់ខានរៀបចំមិនទៀងទាត់ចាប់តាំងពីឆ្នាំ២០១១ មក ដោយហេតុផលផ្សេងៗ។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ រដ្ឋាភិបាលឲ្យដឹងថា ក្នុងឆ្នាំនេះមានទូកងជិត ៣០០ នឹងចូលរួមប្រណាំង។
លោក តាំង សារៈ រម្លឹកថា តាំងពីចូលរួមប្រកួតនៅឆ្នាំ២០០១ មក ទូក "ខ្មែរកម្ពុជាក្រោមមានជ័យ"មិនធ្លាប់ទទួលបានចំណាត់ថ្នាក់ក្នុងផែនលេខ១ នោះទេ គឺជាប់ត្រឹមចំណាត់ថ្នាក់មធ្យមប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោក តាំង សារៈ អះអាងថា ក្នុងកីឡា រឿងការចាញ់ឈ្នះជារឿងធម្មតា។ លោកថា បើឈ្នះវាជាកិត្តិយសរបស់ខ្មែរក្រោម តែបើចាញ់វិញ វាក៏បានបង្ហាញថា ការចូលរួមប្រណាំងរបស់ខ្មែរក្រោមគឺជាការរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរឲ្យគង់វង្សឋិតថេរតរៀងទៅ៕