Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​កំពុង​ពិនិត្យ​ឯកសារ​ដើម្បី​បន្ត​នីតិវិធី​លើ​សំណុំរឿង​លោក កឹម សុខា

$
0
0
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។  RFA/Morm Moniroth

ដោយ ខែ សុណង RFA 2016-05-17

សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​ពិនិត្យ​លើ​ឯកសារ​នានា ដើម្បី​ចាត់ការ​ជា​បន្ត​តាម​ច្បាប់​លើ​សំណុំរឿង​លោក កឹម សុខា ដែល​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ចំនួន ២​ករណី​ជាប់​គ្នា។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​អាស៊ីសេរី ដឹង​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា ព្រះរាជអាជ្ញា​រង​ដែល​ចាត់​ការ​លើ​សំណុំ​រឿង​នេះ​កំពុង​ពិនិត្យ​លើ​ឯកសារ និង​នីតិវិធី​ដើម្បី​ចាត់​ការ​ជា​បន្ត​លើក​ករណី​លោក កឹម សុខា នេះ។

ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មេធាវី​របស់​លោក​មិន​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំរឿង​សញ្ចរកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ទាក់ទិន​នឹង​សំណុំរឿង​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​នេះ គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ដែល​ជាប់​ចោទ​ថា បាន​នាំ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ទៅ​ជួប​លោក កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ ក៏​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ដូច​គ្នា។

មេធាវី​ចំនួន​ពីរ​រូប​របស់​លោក កឹម សុខា បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ក្នុង​រឿង​នេះ។

ការ​មិន​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ដីកា​កោះ​របស់​លោក កឹម សុខា នេះ​ជា​លើក​ពីរ​ហើយ។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា លោក​ក៏​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ដែរ តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ប្ដឹង​ទារ​សំណង ១​លាន​ដុល្លារ​ពី​បទ​បរិហារ​កេរ្តិ៍ តាម​រយៈ​ខ្សែ​អាត់​សំឡេង​សន្ទនា​ស្នេហា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ មូលហេតុ​ដែល​លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​នេះ មាន​ឯកសិទ្ធិ ហើយ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>