ដោយ សុ ជីវី RFA 2016-05-17
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បញ្ជាក់ថា ចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារមានការកើនឡើងខ្លាំង នៅក្នុងរយៈពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងមតិរិះគន់។
សេចក្ដីថ្លែងការណ៍របស់អង្គការនេះ ឲ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មក ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាលទៅលើអ្នករិះគន់ គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗ និងបានធ្វើឲ្យចំនួនអ្នកជាប់ពន្ធនាគារដោយបញ្ហានយោបាយ ក៏កើនឡើង។
អង្គការលីកាដូ បង្កើតឲ្យមានទំព័រអ្នកទោសនយោបាយមួយនៅក្នុងគេហទំព័ររបស់អង្គការនេះ ដោយមានអាសយដ្ឋាន (http://www.licadho-cambodia.org/political_prisoners/) ដែលផ្ទុកនូវព័ត៌មាននៃអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារ ថែមទាំងដាក់រូបថតអ្នកទាំងនោះទៀតផង។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ បញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទាំងអស់នោះ មនុស្សមួយចំនួន គឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស។ អ្នកទាំងអស់នោះ ត្រូវបានគេឃុំដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌជាច្រើនខុសៗគ្នា ប៉ុន្តែជារួម ការជាប់ឃុំរបស់អ្នកទាំងនោះបង្ហាញពីការរឹតបន្តឹងលើផ្នែកនយោបាយកាន់តែខ្លាំងឡើងៗក្នុងប្រទេសកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងជាច្រើនលើកច្រើនសាហើយថា នៅកម្ពុជា ពុំមានអ្នកទោសនយោបាយឡើយ គឺមានតែអ្នកនយោបាយដែលមានទោស៕