Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​កោះ​ហៅ​លោក កឹម សុខា មក​បំភ្លឺ​ជា​សាក្សី​រឿង​សញ្ចារកម្ម​ជា​លើក​ទី២

$
0
0
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev


ដោយ អ៊ុង សេរីវុទ្ធ RFA 2016-05-18

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា មក​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី២ ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​​នឹង​អំពើ​សញ្ចារកម្ម។

ដីកា​របស់​ព្រះរាជអាជ្ញារង​នៃ​អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចុះ​ថ្ងៃ​ទី​១៨ ឧសភា ​បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ឧសភា វេលា​ម៉ោង​៩​ព្រឹក។

កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា លោក កឹម សុខា រួម​នឹង​មេធាវី​របស់​លោក​ផង មិន​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំរឿង​សញ្ចរកម្ម​ឡើយ។

ចំណែក​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​នេះ គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ដែល​ជាប់​ចោទ​ថា បាន​នាំ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ទៅ​ជួប​លោក កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ ក៏​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ដូច​គ្នា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

លោក កឹម សុខា មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​២​លើក​ហើយ រួម​នឹង​​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​កញ្ញា ធី សុវណ្ណថា ផង។ ការ​មិន​​ចូល​ឆ្លើយ​​បំភ្លឺ​នេះ បន្ទាប់​ពី​គណបក្ស​ប្រឆាំងបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​នេះ មាន​អភ័យឯកសិទ្ធិសភា ហើយ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ត្រង់មាត្រា​៨០ ​ដែល​ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​បាន​ឡើយ លុះត្រា​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរ​លែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>