ដោយ ម៉ៅ សុធានី RFA 2016-05-18
ភាពអសកម្មរបស់អាជ្ញាធរ អាចជំរុញឲ្យមានការងើបឡើងនៃការធ្វើបដិវត្តន៍ពណ៌។ នេះជាការអះអាងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី៧១ នៃថ្ងៃកំណើតនគរបាលជាតិ កាលពីថ្ងៃទី១៦ ខែឧសភា លោក ស ខេង សង្កត់ធ្ងន់ថា បដិវត្តន៍ពណ៌ ឬបដិវត្តន៍ប្រជាជន អាចកើតមានឡើងដោយសារបញ្ហាខ្វះខាត និងអសកម្មនៃចំណាត់ការរបស់រដ្ឋាភិបាល បើទោះបីជារដ្ឋាភិបាលបានបំពេញតួនាទី ភារកិច្ចគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព អធិបតេយ្យភាព បូរណភាពទឹកដីក៏ដោយ ដូច្នេះអាជ្ញាធរត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះខាត និងអសកម្មនានា។
លោក ស ខេង ក៏បានលើកឧទាហរណ៍ថា ប្រសិនបើប្រជាពលរដ្ឋរិះគន់ចំណាត់ការរបស់អាជ្ញាធរព្រៃឈើមិនល្អ ចាំបាច់យើងត្រូវដោះស្រាយ ដើម្បីធ្វើឲ្យប្រសើរឡើងស្របទៅតាមច្បាប់។ យើងមិនត្រូវប្រើកងកម្លាំងបង្ក្រាបក្រុមអ្នកតវ៉ាទេ ប្រសិនបើយើងធ្វើអ្វីខុស ប្រការដែលធ្វើដូច្នេះមានន័យថា យើងមិនបានទទួលខុសត្រូវ ហើយទង្វើនេះគឺមានភាពអយុត្តិធម៌។
ក្រុមអង្គការជាតិ អន្តរជាតិ រិះគន់យ៉ាងខ្លាំងថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល កំពុងបង្ក្រាបក្រុមគណបក្សប្រឆាំងពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
យ៉ាងហោចណាស់មានសកម្មជនបរិស្ថាន សកម្មជននយោបាយ និងសកម្មជនការពារសិទ្ធិមនុស្សប្រហែល ២០នាក់ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ សហគមន៍អន្តរជាតិចាត់ទុកមនុស្សទាំងនោះជាអ្នកទោសមនសិការ ដោយសារពួកគេត្រូវជាប់ទោសដោយសារការបញ្ចេញមតិ និងកិច្ចការពារសិទ្ធិមនុស្ស៕