
ដោយ ម៉ៅ សុធានី RFA 2016-05-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដាមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា មានប្រសាសន៍ថា រុស្ស៊ី ចាត់ទុកប្រទេសកម្ពុជា ជាមិត្តចាស់ និងជាដៃគូដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុត។
មេដឹកនាំទាំងពីរក៏ពិភាក្សាផ្ដោតលើការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងបញ្ហាអន្តរជាតិមួយចំនួន មានដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការប្រើថាមពលនុយក្លេអ៊ែរដោយសន្តិវិធីជាដើម។
កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨ លើវិស័យពាណិជ្ជកម្ម វិនិយោគទុន ទូរគមនាគមន៍ កសិកម្ម និងលទ្ធភាពសាងសង់រោងចក្រនុយក្លេអ៊ែរនៅកម្ពុជា ជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនមានមហិច្ឆតាដើម្បីទទួលបានអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ និងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនេះ គឺក្នុងគោលបំណងប្រើប្រាស់សម្រាប់មធ្យោបាយសន្តិវិធី ដែលជាកត្តាមួយជំរុញឲ្យកម្ពុជា ឈានទៅដល់កម្រិតនៃប្រទេសអភិវឌ្ឍន៍។
លោក ហ៊ុន សែន បញ្ជាក់ជំហរថា កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសរុស្ស៊ី៕