Quantcast
Viewing all articles
Browse latest Browse all 40045

"មន្ត្រី​មូលដ្ឋាន​បក្ស​ប្រជាជន​នៅ​កំពង់ចាម​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​បក្ស​ខ្លួន"

ដោយ ប្រាជ្ញ ចេវ 2016-05-21 RFA

ពលរដ្ឋ និង​មន្ត្រី​ឃុំ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​ប្រធាន​ភូមិ និង​អនុ​ប្រធាន​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​ធ្វើ​យុទ្ធនាការ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​ឆ្លើយ​តប​ថា ខ្លួន​ពិត​ជា​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​មែន។

ជំទប់​ទី​២ ឃុំ​ព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​សិទ្ធិមនុស្ស លោក ទួត ម៉ៅ ឲ្យ​ដឹង​ថា មាន​ទាំង​មេ​ភូមិ និង​អនុ​ប្រធាន​ភូមិ នៅ​ភូមិ​តាមល់ ភូមិ​តាម៉ឺន មេ​ភូមិ​តាកយ នៃ​ឃុំ​ព្រែកដំបូក កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ ដោយ​ក្រុម​មន្ត្រី​ភូមិ​អះអាង​ថា គាំទ្រ​ឲ្យ​យក​ប្រភព​ទឹក​ស្អាត​ពី​ទន្លេ​មេគង្គ​មក​ប្រើប្រាស់ និង​គោល​បំណង​មួយ​ទៀត​ដើម្បី​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៖ «សកម្មភាព​ហ្នឹង​ខ្ញុំ​គិត​ថា ការ​ដើរ​យក​ទឹក​ស្អាត​ជា​ខែល​ដើម្បី​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា»។

​ជំទប់​ទី​២ ឃុំ​ព្រែកដំបូក លោក ទួត ម៉ៅ ឲ្យ​ដឹង​ទៀត​ថា  សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា រហូត​មក​ទល់​ពេល​នេះ។

ពលរដ្ឋ និង​មន្ត្រី​ឃុំ​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នៅ​ពេល​នេះ នឹង​មាន​បំណង​ធ្វើ​អ្វី​ផ្សេង​ពី​ការ​អះអាង​របស់​មេ​ភូមិ​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​ក្នុង​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង និង​មាន​ការ​ប្រកាស​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ល្បីឈ្មោះ​ម្នាក់​គឺ​កញ្ញា ធី សុវណ្ណថា ថា​នឹង​ប្រមូល​ស្នាម​មេដៃ​ចំនួន ១​លាន​នាក់ ដើម្បី​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

​ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណថា បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា។

ពលរដ្ឋ​រស់​នៅ​ភូមិ​តាមល់ ឃុំ​ព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោកស្រី តុន ស្រីឡូត ដែល​ផ្ដិត​មេដៃ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​សំណើ​មេ​ភូមិ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោកស្រី​មិន​ចង់​ផ្ដិត​មេដៃ​ទេ ប៉ុន្តែ​លោក​មេភូមិ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​អោយ​លោកស្រី​ជួយ​ផ្ដិត​មេដៃ​ទើប​លោកស្រី​យល់ព្រម​តាម​សំណើ៖ «គាត់ (លោក​អនុ​ប្រធាន​ភូមិ) ប្រាប់​ខ្ញុំ​ថា ស្រីឡូត ឯង​គាំទ្រ​គណបក្ស​ប្រជាជន​ទៅ។ ចិត្ត​ខ្ញុំ​រារែក​ដែរ​មិន​ចង់​ផ្ដិត​មេដៃ​ផង​ហ្នឹង»។

​អនុ​ប្រធាន​ភូមិ​តាមល់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក គឹម ពៅ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ផ្ដិត​មេដៃ​ចង់​បាន​ទឹក​ស្អាត។ លោក​បន្ត​ថា ការ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​លោក​ធ្វើ​តាម​ការ​បញ្ជា​របស់​ថ្នាក់​លើ​នៃ​គណបក្ស​ប្រជាជន ដើម្បី​ចង​ពលរដ្ឋ​ជា​ក្រុមៗ​នៅ​ថ្នាក់​មូលដ្ឋាន៖ «ផ្ដិត​មេដៃ​គ្រាន់​ចង់​ចង​ជា​ក្រុម មិន​បង្ខិតបង្ខំ​គាត់​ទេ យើង​មិន​យក​ធ្វើ​អី​ទេ គ្រាន់​តែ​ចង​ជា​ក្រុម​ទេ»។

លោក​អនុ​ប្រធាន​ភូមិ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ក្រុម​មាន​ពលរដ្ឋ​ប្រមាណ​ជា ៦​នាក់ ហើយ​ក្នុង​មួយ​គ្រួសារ​អ្នក​ណា​នៅ​ផ្ទះ​ជាប់​លាប់​នឹង​ធ្វើ​ជា​ប្រធាន​ក្រុម។

​ទោះជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​បដិសេធ​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​គោលការណ៍​ឲ្យ​ថ្នាក់​ក្រោម​ដើរ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​គាំទ្រ​គណបក្ស​ឡើយ។ ប៉ុន្តែ​លោក​ក៏​មិន​បញ្ជាក់​ថា គណបក្ស​នឹង​ស្រាវជ្រាវ​រក​ការ​ពិត​លើ​ករណី​នេះ​ទេ៖ «គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​មាន​គោលការណ៍​អ៊ីចឹង​ទេ រឿង​គេ​ហៅ​ទៅ​ស្បថ ហៅ​គេ​ទៅ​សច្ចា ហៅ​គេ​ទៅ​ផ្ដិត​មេដៃ​គាំទ្រ សមាជិក​មក​ចូល​ជាមួយ​គណបក្ស​លុះ​ត្រា​តែ​គេ​ភ្ញាក់​រលឹក​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)  លោក គល់ បញ្ញា មាន​ប្រសាសន៍​មេភូមិ​ជា​បុគ្គល អព្យាក្រឹត្យ និង​អ្នក​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ ហើយ​ករណី​មេ​ភូមិ​ជា​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​ដូច​នេះ​ជា​ការ​ដាក់​បន្ទុក​ដល់​ពលរដ្ឋ​ដែល​មិន​បាន​គាំទ្រ​គណបក្ស​កាន់​អំណាច៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>