
ដោយ ម៉ម មុនីរតន៍ RFA 2016-05-23
គណបក្សប្រឆាំងស្នើឲ្យតំណាងមូលនិធិ កូហ្វី អាណាន់ (Kofi Annan) អន្តរាគមន៍ចំពោះស្ថានភាពនយោបាយកម្ពុជាកំពុងអាប់អួ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ។
នៅរសៀលថ្ងៃទី២៣ ឧសភា នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជួបតំណាងមូលនិធិ កូហ្វី អាណាន់ នៅទីស្នាក់ការកណ្ដាលបក្សរបស់ខ្លួន។
កាលពីទី១៧ ឧសភា គណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដើម្បីឲ្យលោកធ្វើអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់ រវាងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដើម្បីបញ្ចៀស ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតនោះបញ្ជាក់ថា គណបក្សកាន់អំណាច បានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយ ក្នុងការបំបិទមាត់ ក្រុមដែលមានសំឡេងផ្ទុយពីបក្សខ្លួន ហើយប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
កាលពីព្រឹកមិញតំណាងមូលនិធិ កូហ្វី អាណាន់ បានជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីស្វែងយល់ពីការបោះឆ្នោត។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនមកកម្ពុជាចំនួន ៣ថ្ងៃនេះ តំណាងមូលនិធិ កូហ្វី អាណាន់ នឹងជួបពិភាក្សាស្វែងយល់ការងារជាមួយភាគីពាក់ព័ន្ធមួយចំនួនដូចជា គ.ជ.ប អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ គណបក្សនយោបាយ បណ្ដាស្ថាប័នទូត និងរដ្ឋាភិបាល។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនៅយប់នេះ...