Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ជាង​៣០​នាក់​ប្រមូល​ផ្ដុំ​មុខ​តុលាការ​ខេត្ត​បាត់ដំបង​គាំទ្រ​តំណាង​២​នាក់​ដែល​ចូល​បំភ្លឺ

Image may be NSFW.
Clik here to view.
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មាន​សម្បត្តិ នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ជួប​ជុំ​គ្នា​ដើម្បី​គាំទ្រ​តំណាង ២​រូប​ដែល​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ដោយ ហ៊ុំ ចំរើន RFA 2016-05-23

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មាន​សម្បត្តិ ចំនួន ២​រូប​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ក្រោម​បទ​ចោទ​ញុះញង់ បំផុសបំផុល និង​រំលោភ​ដី​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ស្រុក​ភ្នំព្រឹក ជាង ៣០​នាក់ បាន​លើក​គ្នា​ទៅ​គាំទ្រ​តំណាង​របស់​ខ្លួន​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង និង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​ពីរ​រូប និង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ភ្នំប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក គឺ​អ្នកស្រី ប៉ាត ហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ថា មូលហេតុ​ដែល​លើក​គ្នា​មក​គាំទ្រ​តំណាង ២​រូប នៅ​ពេល​ពួក​គាត់​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​នេះ ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ។ អ្នកស្រី​អះអាង​ថា តំណាង​ទាំង ២​នាក់ ពុំ​បាន​ទៅ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន សួន មាន​សម្បត្តិ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ផ្ទុយ​ទៅ​វិញ គឺ​ខាង​ក្រុមហ៊ុន​ទេ​ដែល​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ចំនួន​ជាង ១៤០​ហិកតារ នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ធ្វើ​ឲ្យ​ពួក​គាត់​ចំនួន ៣៩​គ្រួសារ​គ្មាន​ដី​ដាំ​ដុះ​តាំង​ពី​ឆ្នាំ​២០១១៖ «សុំ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ដី​របស់​ពួក​ខ្ញុំ​ផង ពីព្រោះ​ពួក​ខ្ញុំ​ក្រីក្រ​គ្មាន​រំពឹង​អ្វី​ក្រៅ​ពី​ដី​នេះ សម្រាប់​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ»។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន សួន មាន​សម្បត្តិ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ឧសភា។

ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គឺ ប៊ុណ្ណារ៉ា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង អញ្ជើញ​អ្នកស្រី សឿន ស៊ីវន អាយុ ៤០​ឆ្នាំ និង​លោក មាស ណូន អាយុ ៤១​ឆ្នាំ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ឧសភា គឺ​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ភ្នំប្រាំពីរ ឃុំ​បួរ តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន សួន មាន​សម្បត្តិ ពាក់ព័ន្ធ​នឹង​រឿង​ញុះញង់ បំផុសបំផុល និង​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា តុលាការ​គួរ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​អ្នក​ស្រុក​ពុំ​បាន​ទៅ​រំលោភ​ដី​របស់​ក្រុមហ៊ុន​ឡើយ។ លោក​កត់​សម្គាល់​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​អាជ្ញាធរ​ឃុំ និង​ស្រុក ពុំ​បាន​ទៅ​ដោះស្រាយ​តែ​ម្ដង៖ «ប្រជាពលរដ្ឋ​ហាក់​បី​ដូចជា​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ឃុំ និង​ស្រុក​ហើយ។ អ៊ីចឹង​អាជ្ញាធរ​ខេត្ត​បាត់ដំបង គប្បី​រៀបចំ​គណៈកម្មការ​មួយ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង។ ហើយ​និយាយ​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ ជៀសវាង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដាក់​គំនាប​មក​លើ​ពួក​គាត់»។

បន្ទាប់​ពី​តំណាង​អ្នក​ភូមិ​ទាំង​ពីរ​រូប​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ប្រមាណ ១​ម៉ោង មន្ត្រី​តុលាការ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង ២​រូប​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ដដែល។ ទោះ​បី​ជា​យ៉ាង​ណា ខាង​តុលាការ​ពុំ​ទាន់​សម្រេច​ថា​នឹង​កោះ​ហៅ​ប្រជាពលរដ្ឋ​មក​បំភ្លឺ​សាជាថ្មី​ទៀត ឬ​ថា​យ៉ាង​ណា​នៅ​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>