ដោយ ថា កិត្យា RFA 2016-05-23
ប្រជាពលរដ្ឋរស់នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រឈមមុខដាក់គ្នាជាមួយក្រុមហ៊ុន អ៊ុក ឃុន ដំណាំឧស្សាហកម្ម ពេញមួយថ្ងៃនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋអះអាងថា ការប្រឈមមុខដាក់គ្នានេះ គឺបន្ទាប់ពីក្រុមហ៊ុន អ៊ុក ឃុន បានរំលោភយកដីពួកគាត់ទាំងបំពាន។ ចំណែកអាជ្ញាធរមូលដ្ឋាន ក៏អះអាងថា ដីនោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែរ។
ជម្លោះដណ្ដើមកាន់កាប់ដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អ៊ុក ឃុន ដំណាំឧស្សាហកម្ម បានពុះកញ្ជ្រោលកាន់តែខ្លាំង និងប្រឈមមុខដាក់គ្នាដោយប្រើពាក្យសម្ដីខ្លាំងៗទៅវិញទៅមក ដោយក្នុងដៃមានដំបង កាំបិត ពូថៅទាំងសងខាង ប៉ុន្តែពុំឈានដល់ផ្ទុះអំពើហិង្សានោះទេ រហូតមកដល់ល្ងាចថ្ងៃទី២២ ខែឧសភា។
លោក ញឹម រិទ្ធី ដែលជាម្ចាស់ដីនៅភូមិកុមារពេទ្យ ឃុំអូរ ឲ្យដឹងថា ការប្រឈមមុខដាក់គ្នានេះ ដោយសារក្រុមហ៊ុន អ៊ុក ឃុន បានដឹកសម្ភារៈសាងសង់ផ្ទះឲ្យកម្មករ និងប្រើគ្រឿងចក្រចូលឈូសឆាយផលដំណាំលើដីរបស់គាត់ជាងមួយហិកតារ។ លោកអះអាងថា មានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ បានចូលរួមតវ៉ាទាមទារឲ្យក្រុមហ៊ុនមួយនេះដឹកសម្ភារៈ និងយកគ្រឿងចក្រចេញទៅវិញ៖ «លើកឈើដាក់ឡានដឹកទៅវិញភ្លាម មិនអាចទុកនៅទីនេះបានទេ»។
ប្រជាពលរដ្ឋឲ្យដឹងថា កន្លងមក ក្រុមហ៊ុន អ៊ុក ឃុន ទទួលបានដីសម្បទានពីរដ្ឋាភិបាលលើផ្ទៃដីជាង ១ម៉ឺន ២ពាន់ហិកតារ ដើម្បីដាំស្វាយចន្ទី ប៉ុន្តែដីនោះត្រូវបានរដ្ឋាភិបាលដកហូតយកវិញនៅសល់តែ ៥២ហិកតារប៉ុណ្ណោះ។ តែពលរដ្ឋអះអាងថា ក្រុមហ៊ុនមួយនេះមិនគោរពតាម ស.ជ.ណ របស់រដ្ឋាភិបាលឡើយ ពោលគឺនៅតែរំលោភយកដីប្រជាពលរដ្ឋដែលឋិតនៅក្បែរនោះ ហើយថែមទាំងប្ដឹងប្រជាពលរដ្ឋទៅតុលាការជាច្រើនដងទៀតផង។
មេឃុំអូរ លោកស្រី តាំង គឹមចេង មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះបានធ្លាក់ដល់ដៃតុលាការហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានសម្របសម្រួលដោះស្រាយមិនបានផល។ លោកស្រីអះអាងថា ដីនោះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកស្រីមិនយល់ឡើយថា មូលហេតុអ្វីបានជាក្រុមហ៊ុន អ៊ុក ឃុន នៅតែដណ្ដើមដីនោះទៀត៖ «កាន់កាប់ប្រាកដពីមុនមក គឺប្រជាពលរដ្ឋ ប៉ុន្តែយាយ ភាព (ប្រពន្ធរបស់លោក អ៊ុក ឃុន) គាត់ចេះតែតវ៉ាថាដីរបស់គាត់»។
ប្រជាពលរដ្ឋអះអាងថា ដីនោះពួកគាត់បានកាន់កាប់តាំងពីដូនតាមកម្ល៉េះ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការបំភ្លឺពីខាងក្រុមហ៊ុន អ៊ុក ឃុន ដំណាំឧស្សាហកម្មបានទេនៅថ្ងៃទី២២ ខែឧសភា នេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ដែលឃ្លាំមើលទំនាស់ដីធ្លីនេះ ឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិនោះបានសាមគ្គីគ្នាយ៉ាងខ្លាំង ដើម្បីបណ្ដេញក្រុមហ៊ុន អ៊ុក ឃុន ចេញពីដីពួកគាត់។ លោកអះអាងថា បើផ្អែកតាមទំហំដីសម្បទានដែលរដ្ឋាភិបាលផ្តល់ជូនក្រុមហ៊ុននោះ គឺមិនដល់ដីរបស់ពលរដ្ឋនោះទេ៖ «វាអត់មានពាក់ព័ន្ធមកដល់កន្លែងហ្នឹងទេ ព្រោះទីតាំងដីសម្បទានសេដ្ឋកិច្ច គឺនៅខាងលិចឆ្ងាយ។ តាមពិតរឿងនេះ ខេត្តដោះស្រាយត្រូវជាង ព្រោះជារឿងដីសម្បទានសេដ្ឋកិច្ច តែក្រុមហ៊ុនគាត់បែរជាប្ដឹងទៅតុលាការ ហើយតុលាការទុករឿងនេះចោលអត់ធ្វើអីទាំងអស់»។
ប្រជាពលរដ្ឋអះអាងថា នេះគឺជាលើកទីបីហើយដែលប្រជាពលរដ្ឋ និងក្រុមហ៊ុន អ៊ុក ឃុន បានប្រឈមមុខដាក់គ្នា តែពុំទាន់មានដំណោះស្រាយពីខាងអាជ្ញាធរនោះឡើយ ដែលជាហេតុនាំឲ្យមានការសង្ស័យថា អាជ្ញាធរខេត្តអាចទទួលបានផលប្រយោជន៍ពីខាងក្រុមហ៊ុន។ ប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការដោះស្រាយជាបន្ទាន់ ព្រោះក្រុមហ៊ុន អ៊ុក ឃុន មិនបានគោរព ស.ជ.ណ របស់លោក ហ៊ុន សែន ដែលកាត់ដីពីក្រុមហ៊ុនឲ្យប្រជាពលរដ្ឋនោះទេ៕