Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ស្រុក​បាភ្នំ​រារាំង​មិន​ឲ្យ​សម្ព័ន្ធ​កសិករ​ជួប​ជុំ​ពិភាក្សា​លើ​គម្រោង​លើក​កម្ពស់​ជីវភាព

Image may be NSFW.
Clik here to view.
អាជ្ញាធរ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ហាម​ឃាត់​មិន​ឲ្យ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​សហគមន៍​កសិករ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided


ដោយ ថា កិត្យា RFA 2016-05-23

អាជ្ញាធរ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ហាម​ឃាត់​មិន​ឲ្យ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​សហគមន៍​កសិករ ដើម្បី​ពង្រឹង​គណៈកម្មាធិការ និង​ពិភាក្សា​ការ​អភិវឌ្ឍ​សហគមន៍​លើ​គម្រោង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​ឡើយ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

អាជ្ញាធរ​លើក​ហេតុផល​ថា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មិន​បាន​ជូន​ដំណឹង​ជា​មុន រីឯ​សង្គម​ស៊ីវិល ថា​ការ​ជួប​ជុំ​ពិភាក្សា​ការងារ គ្មាន​ច្បាប់​ណា​តម្រូវ​ឲ្យ​សុំ​ច្បាប់ ឬ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា បម្រាម​របស់​អាជ្ញាធរ​ឃុំ​បឹងព្រះ ស្រុក​បាភ្នំ នេះ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ប្រជុំ និង​ការ​ចូលរួម​ពិគ្រោះ​យោបល់​ជា​សាធារណៈ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ គឺ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​ជា​ព្រឹត្តិបត្រ​ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ថា​ការ​ជួប​ជុំ​ក្រៅ​ពី​ការ​តវ៉ា ដូចជា​ជួប​ជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ការ​បណ្តុះបណ្តាល សិក្ខាសាលា វេទិកា​សាធារណៈ និង​សន្និសីទ​សារព័ត៌មាន​ជាដើម ពុំ​ចាំបាច់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​នោះ​ទេ៖ «យើង​ជួប​ជុំ​នេះ គឺ​អត់​មាន​បំណង​អី​ផ្សេង​ទេ គឺ​យើង​ពង្រឹង និង​ការ​អភិវឌ្ឍ​សហគមន៍ ជាពិសេស​យើង​ជ្រើសរើស​សកម្មជន​ដែល​ជា​កសិករ​ដែល​កំពុង​រងគ្រោះ​ដោយសារ​តែ​អត់​មាន​មុខ​របរ ហើយ​ធ្វើ​ចំណាក​ស្រុក។ អ៊ីចឹង​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក យើង​ក៏​ទៅ​ប្រជុំ​ដើម្បី​ជ្រើស​សកម្មជន​ទាំងអស់​នោះ ដើម្បី​ចូលរួម​ក្នុង​គម្រោង​មួយ​លើក​កម្ពស់​ការ​រស់នៅ គឺ​ចែក​មាន់​ចែក​ទា និង​ចែក​ដើម​ឈើ​ហូប​ផ្លែ និង​ដាំ​ដំណាំ​តាម​បែប​ប្រព័ន្ធ​ជីវចម្រុះ​ឲ្យ​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​ទ្រទ្រង់​ចិញ្ចឹម​ជីវិត កាត់​បន្ថយ​ទៅ​ថៃ និង​វៀតណាម»។
លោក ថេង សាវឿន បញ្ជាក់​ថា ការ​ជួប​ជុំ​នៅ​តាម​ភូមិ-ឃុំ​ឋិត​ក្នុង​ស្រុក-ខេត្ត​ផ្សេងៗ​ទៀត ពុំ​មាន​ការ​រារាំង ឬ​ហាម​ឃាត់​ឡើយ គឺ​មាន​តែ​អាជ្ញាធរ​ឃុំ​បឹងព្រះ ស្រុក​បាភ្នំ មួយ​ទេ ដែល​ហាម​ឃាត់​ពួក​គាត់​ពីរ​លើក​មក​ហើយ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មេ​ឃុំ​បឹងព្រះ លោក ណុប ចឹក មាន​ប្រសាសន៍​ថា លោក​មិន​ជំទាស់​មិន​ឲ្យ​ជួប​ជុំ​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​សុំ​ឲ្យ​មាន​សេចក្តី​ជូន​ដំណឹង ដើម្បី​រាយការណ៍​ជូន​ថ្នាក់​លើ ទោះ​បី​ជា​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ថា​មិន​តម្រូវ​ឲ្យ​ពួក​គាត់​សុំ​ច្បាប់​ក្តី៖ «ខ្ញុំ​ដឹង​ថា​មាន​ច្បាប់​ចេញ​ពី​ក្រសួង​មហាផ្ទៃ ហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​សុំ​ដឹង​ថា អង្គការ​ហ្នឹង និង​សមាគម​ហ្នឹង មក​ធ្វើ​អី​នៅ​កន្លែង​ណា តែ​ប៉ុណ្ណឹង​ទេ»។

រីឯ​អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ លើក​ឡើង​ថា ថ្វីត្បិតតែ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​នេះ​រំលោភ​គោលការណ៍​ច្បាប់​ក្តី តែ​អង្គការ​សង្គម​ស៊ីវិល គួរ​តែ​មាន​ចរិត​ទន់​ភ្លន់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដែរ៖ «គាត់​ជា​អ្នក​ចាត់ចែង​ទឹក​ដី​នៅ​កន្លែង​នោះ ដូច្នេះ​ការ​ដែល​យើង​ជូន​ដំណឹង​ទៅ​គាត់ ក៏​ជា​សីលធម៌​មួយ និង​ជា​ទំនាក់ទំនង​មួយ​ដែល​ត្រូវ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដែរ»។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​ហាក់​ដូចជា​ខ្លាច​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​ថ្មីៗ​នេះ អាជ្ញាធរ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង ដើម្បី​ទប់ស្កាត់​អ្នក​ពាក់​អាវ​ខ្មៅ ឬ​ពណ៌​ណា​ក៏ដោយ ឲ្យ​តែ​ជួប​ជុំ​ប្រមូល​ផ្តុំ​គ្នា។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ជា​ស្ថាប័ន​សមាជិកភាព​មាន​សមាជិក​សហគមន៍​ចំនួន​៤០ នៅ​ក្នុង​ខេត្ត​ចំនួន​៨ ផ្ដោត​លើ​សកម្មភាព​ចំនួន ៤ ធំៗ គឺ​ចងក្រង​ពួក​គាត់​ជា​សហគមន៍​ដើម្បី​ធ្វើ​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដូចជា​បញ្ហា​ដីធ្លី ធនធាន​ធម្មជាតិ និង​ការ​បណ្ដេញ​ដោយ​បង្ខំ និង​ពង្រឹង​សមត្ថភាព​ដល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ ការ​តស៊ូ​មតិ ព្រម​ទាំង​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ ដូចជា​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>