Quantcast
Viewing all articles
Browse latest Browse all 40045

ធនាគារ​ពិភព​លោក​ត្រលប់​មក​ផ្តល់​ជំនួយ​វិញ ក្រោយ​ដក​ខ្លួន​អស់ ៥ ឆ្នាំ

Image may be NSFW.
Clik here to view.
សកម្មជន​ដីធ្លី​តវ៉ា​មុខ​ទីស្នាក់ការ​ធនាគារ​ពិភព​លោក​កាល​ពី​ឆ្នាំ ២០១៤។


Kali Kotoskiភ្នំពេញ ​ប៉ុស្តិ៍ Mon, 23 May 2016

ភ្នំពេញៈ ធនាគារ​ពិភព​លោក​បាន​អនុម័ត​ផ្តល់​ថវិកា​ចំនួន ១៣០ លាន​ដុល្លារ​អាមេរិក​ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចូលរួម​ដោយ​ផ្ទាល់​ឡើង​វិញ​ជា​លើក​ដំបូង​​របស់​ធនាគារ​នេះ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ធនាគារ​នេះ​​បាន​ដក​ខ្លួន​កាល​ពី​ឆ្នាំ ២០១១ ក្រោយ​ពីមាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដ៏​ធំ​បំផុត​មួយ​ដោយ​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៣០០០ គ្រួសារ​បាត់​បង់​លំនៅឋាន។

សេចក្តី​សម្រេច​​នេះ​ បាន​ធ្វើ​ឡើង​​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​នាយក​ប្រតិបត្តិ​ច្រើន​នាក់​របស់​ធនាគារ​ពិភព​លោក​​​ បាន​បោះ​ឆ្នោត​លើ​កំណត់​សម្គាល់​ស្តីពី​ការ​ចូលរួម​ជាថ្មី​ដែល​បាន​អនុម័ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ចំនួន ៤ រួម​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ​គម្រោង​ទឹក​ស្អាត គម្រោង​ផលិត​កម្ម​កសិកម្ម​ និង​គម្រោង​ស្តីពី​លទ្ធភាព​ប្រើប្រាស់​សេវា​ថែទាំ​សុខ​ភាព។

គម្រោង​បួនថ្មី​នេះ​នឹង​​ទទួល​បាន​ប្រាក់​​ចំនួន ១៣០ លាន​ដុល្លារ​អាមេរិកដែល​ជា​ឥណទាន​សម្បទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគារ ហើយ​តារាង​បង់សង​ប្រាក់​កម្ចី​មាន​រយៈពេល​វែង​ពី ២៥ ទៅ ៤៥ ឆ្នាំ។
លោក Ulrich Zachau នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការ​ចូល​រួម​ថ្មី​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើម​ជាមួយ​នឹង​គម្រោង​ ដែល​​​មាន​គោលដៅ​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់​ស្តែង​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា»។

ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​ផ្តល់​កម្ចី​ឡើង​វិញ​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ ធនាគារ​បាន​បង្កក​កម្ចី​កាល​ពី​ឆ្នាំ ២០១១ នៅ​ពេល​ដែល​ប្រជាជន​ជាង ៣០០០ គ្រួសារ​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​បឹងកក់​ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា លោកឡាវ ម៉េងឃីន ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្តើម​ចាក់​​បំពេញ​​ដី​ខ្សាច់​​ក្នុង​បឹងក្រោយ​ពី​ក្រុមហ៊ុន​របស់​លោក​គឺ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ​បានទ​ទួល​​សម្បទាន៩៩ ឆ្នាំ​លើ​ផ្ទៃ​ដី​ជាង ១០០ ហិកតា​ក្នុង​ឆ្នាំ ២០០៧ ដើម្បី​អភិវឌ្ឍ​គម្រោង​មជ្ឈមណ្ឌល​រាជធានី​ភ្នំពេញ។

នៅ​ពេល​នោះ​ធនាគារ​ពិភព​លោក​បាន​ចូល​រួម​​ក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដែល​មាន​ទឹក​ប្រាក់ ២៤,៣ លាន​ដុល្លារ​អាមេរិក ដែល​គម្រោង​នេះរង​ការ​ចោទ​ប្រកាន់​ថា បាន​បដិសេធ​សិទិ្ធ​កម្ម​សិទិ្ធ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ Equitable Cambodia បាន​ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ចន្លោះ​ពី​ ៥០ ទៅ ១០០ គ្រួសារ​នៅ​តែ​រង់​ចាំ​ទទួល​សំណង​ដែល​គ្រប់​គ្រាន់។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ខក​ចិត្ត​ ដែល​ធនាគារ​ពិភព​លោក​បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​ជា​ថ្មី​ម្តង​ទៀត​ ខណៈ​​នៅ​មាន​ក្រុម​គ្រួសារ​ជា​ច្រើន​ដែល​គ្មាន​ដីធ្លី។ ប្រជាជន​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​លើក​លែង​តែ​មួយ​ចំណែក​នៃ​ប្រាក់​ ១៣០ លាន​ដុល្លារ​អាមេរិក​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សកម្មភាព ​ដើម្បី​ជួយដល់​អ្នក​ទាំង​ឡាយ​​ដែល​ត្រូវបាន​បណ្តេញ​ចេញ​នោះ»។

លោក​បាន​បន្ថែម​ថា ខណៈ​ដែល​កម្មវិធី​ខ្វះ​ព័ត៌មាន​លម្អិត​អំពី​របៀប​អនុវត្ត ​នៅតែ​មាន​សំណួរ​ថា ​តើមាន​ប្រការ​ការពារ​គ្រប់​គ្រាន់​ដែរ​ឬទេ?​

លោក អៀ សុផល អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​​ជំនួយ​នៅកម្ពុជា: របៀប​ដែល​ជំនួយ​បរទេស​​ប៉ះ​ពាល់​ដល់​ប្រជាធិបតេយ្យ» បាន​ពន្យល់​ថា​ សេចក្តី​សម្រេច​​ក្នុង​ការ​​ផ្តល់​ប្រាក់​កម្ចី​នេះ​ អាច​​ចំ​ពេល​អាក្រក់​មួយ​។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​បន្ថែម​ទៀត​​ថា៖ «ធនាគារ​ពិភព​លោក​បាន​ [​ជ្រើស​យក] ចំពេល​អាក្រក់​បំផុត​នៅ​ពេល​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​​បាន​ក្លាយ​ជា​​មុខ​សញ្ញា​សំខាន់​»។

លោក​បន្ត​ថា៖ «សារៈសំខាន់​ជា​រួមគឺ​អាជ្ញាធរ​អាច​យក​ចំណុច​នេះ​ដាក់​លើ​ធនាគារ​និង​និយាយ​អំពី​របៀប​ដែល​ស្ថានភាព​ប្រក្រតី​បាន​វិល​មក​រក​ដើម​វិញ នៅ​កម្ពុជា​ ជាមួយ​នឹង​ការ​បោះ​ឆ្នោត​​ផ្តល់​ទំនុក​ចិត្ត​ពី​ធនាគារ​ពិភព​លោក​​នេះ»។

លោក​បាន​បន្ថែម​ថា ស្ថាប័ន​នេះ​មិន​គិត​ពី​ស្ថានភាព​នយោ​បាយ​ទេ​៕ TK


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>