Quantcast
Viewing all articles
Browse latest Browse all 40045

ក្រសួង​មហាផ្ទៃ​កោះ​ហៅ​សកម្មជន​ដីធ្លី​ ១០ ​នាក់​ខណៈ​សមត្ថកិច្ច​បន្ត​បំបែក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ

Image may be NSFW.
Clik here to view.
សកម្មជន​ដីធ្លី​ពេល​ប្រឈម​ជាមួយ​សន្ដិសុខ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ស្លៀកពាក់​ខ្មៅ និង​ដុត​ទៀន​ដើម្បី​តវ៉ា​ឲ្យ​ដោះ​លែង​មន្ត្រី​សិទិ្ធ​មនុស្ស​អាដហុក និង​ គជប ​​។ ផា លីណា


ឡាយ សាមាន ភ្នំពេញ ​ប៉ុស្តិ៍ Tue, 24 May 2016

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​កោះ​ហៅ​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​ចំនួន ១០ នាក់​ឱ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ក្នុង​នាម​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​ចាស់​កាលពី​ឆ្នាំ ២០១៣ ស្រប​ពេល​ដែល​សកម្មជន​ដីធ្លី​​ទាំង​នេះ​កំពុង​បន្ត​​​ធ្វើ​​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ដើម្បី​​ទាមទារ​ឲ្យ​​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប ៥ រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​សំណុំ​រឿង​នាង​ ស្រីមុំ ដែល​ត្រូវ​​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។

កាលពី​ព្រលប់​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា ១០០ នាក់​បាន​សម្រុក​ចូល​ទៅ​បំបែក​ការ​រៀបចំ​ពិធី​បួងសួង​ដោយ​ស្លៀកពាក់​ខ្មៅ​របស់​សកម្មជន​ដីធ្លី​នៅ​ក្នុង​ផ្ទះ​ប្រជាសហគមន៍​មួយ​នៅក្នុង​តំបន់​បឹងកក់​ធ្វើ​ឲ្យ​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​មួយ​ប្រាវ​បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​រងរបួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​មិន​មាន​ការ​ចាប់​ឃាត់​ខ្លួន​ដូច​កាលពី​ថ្ងៃ​ចន្ទ​មុនៗ​ទេ។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០១៣ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា​ជាង ១០ នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ឯ​រមណីយដ្ឋាន​វត្តភ្នំ​ក្នុង​គោលបំណង​បួងសួង​សុំ​ឲ្យ​វិញ្ញាណ​ស័ក្ដិសិទ្ធិ​ដែល​ថែរក្សា​នៅ​ក្នុង​តំបន់​នេះ​ជួយ​សណ្ដំ​​ចិត្ត​មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ និង​លំនៅឋាន​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​រហ័ស និង​សណ្តំ​ចិត្ត​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជន​ដីធ្លី​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព។


Image may be NSFW.
Clik here to view.

ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១០ យប់​គេ​សង្កេត​ឃើញ​ក្រុម​សមត្ថកិច្ច​ជាច្រើន​រយ​នាក់​ និង​ជន​ស្លៀក​ស៊ីវិល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ពួកគេ​ដោយ​ខ្លះ​បាន​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​ទៅ​លើ​អ្នក​ធ្វើ​ពិធី​ទាំង​នោះ​បណ្តាល​ឱ្យ​អ្នក​ខ្លះ​របួស​​ដៃ ជើង ខ្លួន និង​ក្បាល។

ក្រោយ​មក​ពួកគេ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ឱ្យ​វែក​មុខ​រក​អ្នក​ប្រើ​ហិង្សា​ដោយ​បាន​ភ្ជាប់​នូវ​រូបថត​ជន​ដៃដល់ និង​បន្ទះ​ស៊ីឌី​ វីដេអូ​សកម្មភាព​នា​ពេល​បង្ក្រាប​នោះ។ ប៉ុន្តែ​ចាប់​តាំងពី​ដាក់​ពាក្យ​ប្តឹង​មក​គេ​មិន​ដែល​ឃើញ​តុលាការ​ចាត់​នីតិវិធី​លើ​សំណុំ​រឿង​នេះ​ទេ។

អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ​លោក​ អ៊ីវ រិទ្ធ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​បាន​បញ្ជូន​លិខិត​កោះ​ហៅ​ដើម​បណ្តឹង​ចំនួន ១១ ​នាក់​រួចរាល់​ហើយ​ដើម្បី​សាកសួរ​បន្ថែម​លើ​បណ្តឹង​របស់​ពួកគេ​ និង​ឈាន​ទៅ​​ចំណាត់ការ​​​បន្ទាប់។

លោក​ថា៖ ​«ឯកសារ​ទើប​ធ្លាក់​មក​ទើប​ខ្ញុំ​មាន​ចំណាត់​ការ​ជូន​គាត់​អ៊ីចឹង​រាល់​ឯកសារ​ដែល​​យើង​កសាង​​សំណុំ​រឿង​ទាល់តែ​​ខាង​​គាត់​មក​បំភ្លឺ​នៅ​ខាង​ខ្ញុំ​សិន​ក្នុង​នាម​ជា​ដើម​បណ្តឹង​បើ​អត់​មាន​ឯកសារ​ដើមបណ្តឹង​យើង​មិន​ដឹង​មាន​ចំណាត់ការ​តាម​វិធី​ណា​ទេ»។

តែ​លោក​ថា​បើ​សិន​ជា​អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​បាន​​កោះ​ហៅ​មិន​បាន​ចូល​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា​ទេ​អាច​ពន្យារ​បាន​ទៅ​ពេល​ក្រោយ។

លោក​ថា មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ​ទើប​តែ​កោះ​ហៅ​នា​ពេល​នេះ​ដោយសារ​ទើប​តែ​ទទួល​បាន​របាយការណ៍​ពី​តុលាការ​។

លោក​​ថា៖ «ពួកគាត់​បាន​​ប្តឹង​ទៅ​តុលាការ​មិន​បាន​ប្តឹង​មក​ខាង​ខ្ញុំ​ទេ​អ៊ីចឹង​ពេល​ស្ថាប័ន​ខាង​នោះ​កសាង​សំណុំ​រឿង​ហើយ​គាត់​ឱ្យ​ខាង​ខ្ញុំ​កសាង​សំណុំ​រឿង​បន្ថែម​ពី​លើ​ទៀត​វា​មិន​ជា​បញ្ហា​ដែល​ធ្វើ​ពេល​នេះ​ទេ​សំខាន់​យើង​មាន​ឆន្ទៈ​ក្នុង​ការ​​ធ្វើ»។

ស្រី្ត​សកម្មជន​ដីធ្លី​ម្នាក់​ក្នុង​ចំណោម​ ១១ នាក់​អ្នកស្រី ផាន់ ឈុនរ៉េត ដែល​ជន​មិន​ស្គាល់​មុខ​ប្រើ​ចម្ពារ​កៅស៊ូ​បាញ់​​ចំ​ក្បាល​របួស​ ៥ ​ថ្នេរ​កាលពី​ពេល​នោះ​ថ្លែង​ថា​អ្នកស្រី​នឹង​ទៅ​ចូល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ចង់​ដឹង​ចង់ឮ​ថា​បណ្តឹង​​នោះ​បាន​ដំណើរការ​ដល់​ណា​ហើយ​ខណៈ​អ្នកស្រី​យល់​ថា​ចំណាត់​របស់​ក្រសួង​មហាផ្ទៃ​មាន​ការ​យឺតយ៉ាវ។

អ្នកស្រី​ថា៖ «ក្រសួង​ហាក់បី​ដូចជា​មិន​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​ខ្ញុំ​សោះ​ខ្ញុំ​បាន​ប្តឹង​ដល់ ៣ ឆ្នាំ​ហើយ​អត់​មាន​ដំណើរការ​សោះ​ទើប​តែ​នឹក​ឃើញ​អី​កោះ​ហៅ​យើង​ពេល​ហ្នឹង​ខ្ញុំ​ដូច​ឆ្ងល់​ដែរ»។

យ៉ាង​នេះ​ក្តី​ អ្នកស្រី​ពុំ​មាន​ជំនឿ​ថា​ក្រសួង​នឹង​រក​ឃើញ​ជន​ដៃដល់​ដែល​បាន​ប្រើ​​អំពើ​ ហិង្សា​មក​លើ​​ពួក​អ្នកស្រី​នោះ​ទេ។ អ្នកស្រី៖ «ខ្ញុំ​គ្មាន​ជំនឿ​ទេ​សុទ្ធ​តែ​បក្ខ​ពួកគេ​ជា​ក្រុម​តែ​មួយ»។

តំណាង ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​អ្នកស្រី ទេព វន្នី ថ្លែង​ថា​អ្នកស្រី​នឹង​ឃ្លាំ​មើល​ករណី​នេះ​ហើយ​ត្រៀម​រំឭក​ព្រឹត្តិការណ៍​ នោះ​ឡើង​វិញ។

Image may be NSFW.
Clik here to view.
សកម្មជន​ដីធ្លី​​នៅ​ក្នុង​តំបន់​បឹងកក់​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ និង​អុជ​ភ្លើង​ទៀន​កាលពី​យប់​មិញ​។ ផា លីណា



អ្នកស្រី​ថា៖ «ពេល​ទៅ​ហ្នឹង​ពួកយើង​ធ្វើ​យុទ្ធសាស្រ្ត​មួយ​ល្អ​ដែល​អ៊ីចឹង​អ្នក​ណា​បែក​ក្បាល​ប៉ុន្មាន​ថ្នេរ​ត្រូវ​យក​ថ្នាំ​ក្រហម​ដាក់​ស្នាម​ឈាម​លើ​ក្បាល​អ្នក​ណា​បាក់​ដៃ រុំស្បង់​ដៃ​ព្រោះ​ឥឡូវ​បី​ឆ្នាំ​ហើយ​ក្រសួង​មហាផ្ទៃ​គិត​ថា​យើង​​បាត់​ការ​ឈឺចាប់​អស់​តែ​យើង​ឈឺចាប់​ក្នុង​ចិត្ត​រហូត​អ៊ីចឹង​ធ្វើ​បែប​នេះ​ដើម្បី​រំឭក​ឱ្យ​ក្រសួង​មហាផ្ទៃ​បាន​ដឹង​»។

ចំណាត់ការ​នេះ​ស្រប​ពេល​​ដែល​ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី​ផ្សេងៗ​គ្នា​បាន​កំពុង​បន្ត​​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ដើម្បី​បង្ហាញ​ពី​ការ​ខកចិត្ត និង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ៤ រូប និង​មន្ត្រី គជប ១ រូប​ដែល​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​នាង​ ស្រី មុំ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្រីកំណាន់​របស់​លោក​ កឹម សុខា។

អ្នកស្រី ទេព វន្នី ថ្លែង​ថា​កាលពី​ម្សិលមិញ​ពួក​អ្នកស្រី​ក្នុង​ភូមិ​បឹងកក់ និង​អ្នក​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​ផ្សេង​ទៀត​ប្រមាណ​ ១០០ នាក់​បាន​ស្លៀក​ខ្មៅ និង​ចូលរួម​ប្រារព្ធ​ពិធី​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី​។

អ្នកស្រី​ថ្លែង​ថា៖ ​«ក្នុង​សប្តាហ៍​​នេះ​យើង​ធ្វើ​ខុស​ពី​សប្តាហ៍​មុន​ពី​មុន​យើង​ធ្វើ​ពេល​ព្រឹក​តែ​ពេល​នេះ​យើង​ជួបជុំ​គ្នា​ម៉ោង ៥ ល្ងាច​បញ្ចប់​វិញ​​ម៉ោង ៧ យប់​ដោយ​មាន​គ្នា ១០០ នាក់​ចូលរួម​ស្លៀកពាក់​ខ្មៅ​ដោយ​មាន​រៀបចំ​ផ្កាឈូក ទៀន លើក​បដា​ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​ ៥ ក្នុង​នោះ​យើង​ក៏​ច្រៀង​ចម្រៀង​សុំ​យុត្តិធម៌​ និង​មាន​ការ​គោះ​ស្គរ​ជាដើម»។

អ្នកស្រី​បន្ត​ថា៖ ​«ពួក​ខ្ញុំ​គ្មាន​ការ​ភ័យខ្លាច​ទេ​ដោយសារ​ពួក​ខ្ញុំ​មិន​បាន​ធ្វើ​បដិវត្តន៍​ពណ៌ ពាក់​អាវ​ខ្មៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​អី​ទេ​ហើយ​ក៏​មិន​បាន​បង្កច​លាចល​ឱ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម​ដែរ​អ៊ីចឹង​រដ្ឋាភិបាល​គាត់​គំរាម​តែ​អ្នក​ពាក់​អាវ​ខ្មៅ​ធ្វើ​បដិវត្តន៍​ប៉ុណ្ណោះ​តែ​យើង​ពាក់​ខ្មៅ​គ្រាន់​តែ​ផ្ញើ​សារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា​ខណៈ​​ពេល​ដែល​សកម្មជន​ដីធ្លី​កំពុង​រៀបចំ​ពិធី​ក្នុង​លំនៅឋាន​មួយ​សមត្ថកិច្ច​ប្រមាណ ១០០ នាក់​បាន​ចូល​ទៅ​រារាំង​មិន​ឲ្យ​រៀបចំ​ពិធី​ដោយ​ជាន់​កម្ទេច​ផ្កា​ឈូក និង​គ្រឿង​សក្ការ​បូជា​ផ្សេង​ទៀត​យក​​ទៅ​គ្រវែង​ចោល​ធ្វើឲ្យ​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​បណ្តាល​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់​គឺ​អ្នកស្រី​ ង៉ែត ឃុន រងរបួស​ហើយ​ត្រូវ​បាន​ក្រុម​សកម្មជន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

កាលពី​ម្សិលមិញ​នេះ​ដែរ​មន្រ្តី​​​អង្គការ​សង្គម​ស៊ីវិល​​ជាច្រើន​ដែល​កំពុង​ធ្វើការ​បម្រើ​សង្គម​ក៏​បាន​​ស្លៀកពាក់​ខ្មៅ​នៅ​តាម​កន្លែង​ធ្វើការ​របស់​ខ្លួន​ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ផង​ដែរ​ជា​មួយ​ និង​សារ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប ទាំង​ ៥ រូប​ដែល​ពួកគេ​ថា​ត្រូវ​បាន​ចាប់​ឃុំ​ «ទាំង​អយុត្តិធម៌»​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​​ត្រៀម​ធ្វើការ​បង្រ្កាប​នូវ​រាល់​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​ទាំង​ឡាយ​ណា​​ដែល​លោក​ចាត់​ទុក​ថា​មាន​ចរិត​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​ និង​អស្ថិរភាព​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​សកម្មជន​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ដោយ​ពួកគេ​អះអាង​ថា ​ពួកគេ​គ្រាន់​តែ​ធ្វើ​ការ​សម្តែង​មតិ​​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​ឲ្យ​​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី គជប ចំនួន​ ៥ រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ប៉ុណ្ណោះ​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ​ហើយ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​រហូត​ទាល់​តែ​មាន​ការ​ដោះលែង​មន្ត្រី​ទាំង​នោះ​ពី​ពន្ធនាគារ​ ខណៈ​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ប្រកាស​ពី​ការ​នៅ​តែ​បន្ត​ស្លៀក​ពាក់​ខ្មៅ​នៅ​កន្លែង​ធ្វើការ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ក្នុង​គោល​បំណង​ដូច​គ្នា​នេះ​៕

Viewing all articles
Browse latest Browse all 40045

Trending Articles