Quantcast
Viewing all articles
Browse latest Browse all 40045

មជ្ឈមណ្ឌល​ជាតិ​មួយ​នៅ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

Image may be NSFW.
Clik here to view.
មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​កាលពី​ពេល​កន្លង​មក​។ ផា លីណា


ភ្នំពេញ​ ប៉ុស្តិ៍ Stuart White and ប៊ុន សេងគង់ Tue, 24 May 2016

ភ្នំពេញៈ រយៈពេល​ជិត​បី​ឆ្នាំ​បន្ទាប់ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​​មាន​​រឿង​អាស្រូវ​សូកប៉ាន់​​​មាន​ទឹក​ប្រាក់​រហូត​ដល់​ ៤០ ម៉ឺន​ដុល្លារ​ស្ថាប័ន​នេះ​នៅ​តែ​​មាន​ការ​ជាប់​​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​​។ នេះ​បើ​តាម​​ភ័ស្តុតាង​ឯកសារ និង​អ្នក​នៅ​ក្នុង​​ក្រសួង​​សុខាភិបាល​ដែល​បាន​ថ្លែង​​អំពី​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា «​វប្បធម៌​» ​​នៃ​​សាច់ញាតិ​និយម និង​​​ការ​ក្លែងបន្លំ​។

ឯកសារ​ដែល​​ ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​​បាន​រួម​ជាមួយ​នឹង​បទ​សម្ភាស​​​ជាមួយ​មន្រ្តី​ក្រសួង​សុខាភិបាល​មួយ​ចំនួន​បាន​បង្ហាញ​ថា​ មន្រ្តី​ក្រសួង​សុខាភិបាល​ថ្នាក់​កណ្តាល​ដែល​​ស្ថិត​នៅ​ក្នុង​​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ាស៊ីត​សាស្រ្ត​ និង​បាណកសាស្រ្ត​បាន​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ដើម្បី​​ធ្វើ​​ឲ្យ​សមាជិក​គ្រួសារ​របស់​ពួកគេ​ និង​ខ្លួន​ពួកគេ​មាន​បាន​ពី​លុយ​ដែល​​លួច​ពី​ម្ចាស់​ជំនួយ​។

កាលពី​ឆ្នាំ​ ២០១៣ អតីត​នាយក​មជ្ឈមណ្ឌល​នេះ​លោក ដួង សុជាតិ ​និង​​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ទៀត​នៅ​​​​​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​​​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីតសាស្រ្ត​ និង​បាណកសាស្រ្ត​ត្រូវ​បាន​​រកឃើញ​ថា​បាន​យក​ប្រាក់​​ប្រមាណ ៤១ ម៉ឺន​ដុល្លារ​ជា​ «​​កម្រៃ​កុំមីស្យុង​​» ជា​​ថ្នូរ​នឹង​ការ​ផ្តល់​កិច្ចសន្យា​ដេញ​ថ្លៃ​​ក្រោម​មូលនិធិ​ជំនួយ​របស់​អង្គការ​​មូលនិធិ​សកល​ (Global Fund) ដើម្បី​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់​ទៅ​ក្រុមហ៊ុន​ដេញ​ថ្លៃ​មួយ​​ចំនួន​។ ​
ក្រោយ​មក ​អង្គការ​មូលនិធិ​សកល​បាន​ទាមទារ​​ឲ្យ​បុគ្គលិក​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីតសាស្រ្ត​​ និង​បាណកសាស្រ្ត​ដាក់​​វិក្កយបត្រ​​ជា​ភ័ស្តុតាង​នៃ​ការ​ធ្វើ​ដំណើរ​ប៉ុន្តែ​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​​​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្រ្ត​ និង​​បាណកសាស្រ្ត​បាន​បដិសេធ​។

ប្រភព​មួយ​នៅ​ជិតស្និទ្ធ​នឹង​​អង្គការ​មូលនិធិ​សកល​កាលពី​ឆ្នាំ​មុន​បាន​អះអាង​ថា​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​​​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្រ្ត​ និង​​បាណកសាស្រ្ត​បាន​យក​ការ​ចរចា​ជា​ «​ចំណាប់​ខ្មាំង​» ដោយ​បដិសេធ​ប្តូរចិត្ត​​ និង​​ទុក​​ឲ្យ​លុយ​​ជំនួយ​​រាប់​លាន​​ដុល្លារ​នៅ​ជាប់​​ស្ងៀម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​។

ភាព​ជាប់​គាំង​នេះ​នៅ​ទីបំផុត​បាន​​​បញ្ចប់​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​​នៅពេល​ដែល​​អង្គការ​មូលនិធិ​សកល​បាន​សុខចិត្ត​ចាញ់​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​​ និង​​បញ្ចេញ​លុយ​បើ​ទោះបី​ជា​​ភ័ស្តុតាង​បង្ហាញ​ថា​ពួកគេ​​ត្រឹម​ត្រូវ​ចំពោះ​ការ​​សង្ស័យ​របស់​ពួកគេ​ក្តី​។ ​

ចាប់​តាំងពី​មាន​រឿង​អាស្រូវ​ឆ្នាំ ២០១៣ និង​បន្ទាប់ពី​មាន​ការ​ទទូច​ពី​ម្ចាស់​ជំនួយ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​​តឹងរ៉ឹង​ជាង​មុន​ទៅ​លើ​មូលនិធិ​អំពើ​ពុករលួយ​បាន​ប្តូរ​ពី​ទម្រង់​កិច្ចព្រមព្រៀង​​ដេញ​ថ្លៃ​ទ្រង់ទ្រាយ​ធំ​ទៅ​ជា​ទម្រង់​តូចៗ​ដោយ​ប្រធាន​អង្គភាព​មួយ​ចំនួន​នៅ​មជ្ឈមណ្ឌល​នេះ​ឥឡូវ​នេះ​​កំពុង​ប្រើប្រាស់​តំណែង​​របស់​ខ្លួន​ផ្តល់​ការងារ​ទៅ​សមាជិក​គ្រួសារ​របស់​ខ្លួន​​​ដែល​មិន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​​ហើយ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​​ធ្វើ​ដំណើរ​​​ក្នុង​ចំនួន​ច្រើន​​ក្នុង​នោះ​រួម​ទាំង​អ្នក​បើកបរ​ឡាន​។ ឯកសារ​បាន​បង្ហាញ​ថា​បញ្ហា​​​​​ពុករលួយ​ហិរញ្ញវត្ថុ​​គឺ​នៅ​តែ​​ពាក់ព័ន្ធ​នឹង​​លុយ​របស់​អង្គការ​មូលនិធិ​សកល​ដែល​លុយ​​មួយ​ផ្នែក​ធំ​​ក៏​មកពី​អង្គការ​សុខភាព FHI 360 ផង​ដែរ​។

Image may be NSFW.
Clik here to view.
មុង​ជ្រលក់​ថ្នាំ​ទប់ស្កាត់​ជំងឺ​គ្រុន​ចាញ់​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​កន្លង​មក។ ហេង ជីវ័ន


សំណើ​ចំណាយ​ជាច្រើន​ដែល​​ទាំងអស់​នោះ​ត្រូវ​​បាន​ចុះ​ហត្ថលេខា​​ដោយ​​​ ហុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​​​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្រ្ត​ និង​បាណកសាស្រ្ត​​ដែល​ជា​អ្នក​​ស្នង​តំណែង​ពី​លោក ចរ ម៉េងជូ បង្ហាញ​ថា​ក្នុង​ចំណោម​​រឿង​ផ្សេងៗ​ទៀត​​​​បេសកកម្ម​​​​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ជាច្រើន​ដែល​ក្នុង​នោះ​អ្នក​ចូលរួម​បី​នាក់​ក្នុង​ចំណោម​បួន​នាក់​ជា​​​ «អ្នក​​បើកបរ» ឬ​​មិន​មាន​តំណែង​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​​នេះ ឬ​នៅ​ក្រសួង​យ៉ាង​ហោច​ណាស់​ដំណើរ​បេសកកម្ម​មួយ​ក្នុង​នោះ​ប្រធាន​អង្គភាព​បងប្អូន​ប្រុស​ថ្លៃ​របស់​គាត់​ និង​មន្រ្តី​ម្នាក់​ទៀត​​​ទទួល​បាន​​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​​ពីរ​ដង​សម្រាប់​ការ​ធ្វើ​ដំណើរ​តែ​មួយ​ពី​​​ម្ចាស់​​ជំនួយ​ដទៃ​ផ្សេង​គ្នា និង​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត​​ដែល​ក្នុង​នោះ​កូន​ប្រុស​របស់​ប្រធាន​អង្គភាព​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​​​ថា​ស្ថិត​នៅ​​ក្នុង​ខេត្ត​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ពេល​​តែ​មួយ​។

ចំណុច​សំខាន់​​នៃ​បញ្ហា​បើ​តាម​អ្នក​នៅ​ក្នុង​ក្រសួង​ដែល​សុំ​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ថា​គឺ​​ប្រព័ន្ធ​​សាច់​ញាតិ​និយម​ដែល​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ទទួល​បាន​​​អត្ថប្រយោជន៍​ក្រោម​​ការ​គ្រប់គ្រង​របស់​លោក​ រ៉េកុល។

មន្រ្តី​ម្នាក់​នៅ​ក្រសួង​​ថ្លែង​ថា​៖ «​​វា​ក្លាយ​ជា​អាក្រក់​ទៅៗ​»​។«​​វា​ក្លាយ​ជា​វប្បធម៌​នៃ​​សាច់​ញាតិ​និយម​ និង​ពុករលួយ​»។ «​វា​កាន់តែ​អាក្រក់​​ចាប់​តាំង​ពី​ ហុយ រ៉េកុល ​ក្លាយ​ជា​​ប្រធាន​បន្ទាប់ពី​លោក​ ចរ ម៉េងជូ ចូល​និវត្តន៍»។

បើ​តាម​​មន្រ្តី​ក្រសួង​​​ម្នាក់​ទៀត​និយាយ​ថា​លោក រ៉េកុល ពេញចិត្ត​នឹង​ការ​និយាយ​ថា​អ្នក​​​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ពុករលួយ​​គឺ​ដូច​ «​គ្រួសារ​»​។

បើ​តាម​ការ​រៀបរាប់​របស់​អ្នក​នៅ​ខាង​ក្នុង​បាន​ឲ្យ​ដឹង​ថា​ខណៈ​​លោក​នៅ​ធ្វើ​ជា​​​អនុប្រធាន​រដ្ឋបាល​លោក ម៉ាត់ អ៊ីមរ៉ន ទទួល​បាន​កិច្ចសន្យា​សម្រាប់​​សមាជិក​គ្រួសារ​ និង​មិត្តភក្តិ​​យ៉ាង​ហោច​ណាស់​ ៦ ​​​​នាក់​រួម​ទាំង​កូន​ប្រុស​ ម៉ាត់ សាហ្វារី និង រ៉ន ហ្សានី ​និង​ប្អូន​ប្រុស​​របស់​លោក ម៉ាត់ ហាគីម និង ​ក្មួយ​ប្រុស តន់ សំហ្វាន់ណា។

សាហ្វារី ដែល​​អ្នក​នៅ​ខាង​ក្នុង​​នោះ​​និយាយ​ថា​មិន​មាន​ជំនាញ​​ខាង​​វិជ្ជាជីវៈ​វេជ្ជសាស្រ្ត និង​មាន​តំណែង​​អ្នក​ជាប់​កិច្ចសន្យា​ជា​អ្នក​បើក​ឡាន​នៅ​ក្រសួង​សុខាភិបាល​គឺ​មាន​ឈ្មោះ​ច្រើន​នៅ​ក្នុង​ឯកសារ​ធ្វើ​ដំណើរ​សម្រាប់​បេសកកម្ម​បច្ចេកទេស​។ ទម្រង់​សំណើ​ធ្វើ​ដំណើរ​មួយ​ពី​ខែ​មីនា​ឆ្នាំ​ ២០១៥ ​​បាន​ដាក់​បញ្ជី​គាត់​ជា​ផ្នែក​នៃ​ក្រុម​​មួយ​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​ដែល​ជា​បេសកកម្ម​មាន​អ្នក​បើក​ឡាន​រួច​ហើយ​​​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ដែល​ផ្តល់​មូលនិធិ​ដោយ FHI360​។

ឯកសារ​ផ្សេង​មួយ​ទៀត​ដាក់​បញ្ជី​គាត់​នៅក្នុង​ការ​​ធ្វើ​ដំណើរ​មួយ​ទៀត​​ដែល​​ផ្តល់​ថវិកា​ដោយ​អង្គការ​មូលនិធិ​​សកល​ដែល​​ជា​ការ​ធ្វើ​ដំណើរ​មួយ​ដែល​មាន​​​​អ្នក​បើក​ឡាន​​​​រួច​ហើយ​ដែរ​ទៅ​​​ខេត្ត​ប៉ៃលិន​គឺ ៤២០ គីឡូម៉ែត្រ​ដែល​​ជាន់​គ្នា​រយៈពេល ៦ ថ្ងៃ​។ ​

ទម្រង់​​សំណើ​ធ្វើ​ដំណើរ​មួយ​ទៀត​ពី​ខែ​កុម្ភៈ​ ២០១៥ បង្ហាញ​ថា​ សាហ្វារី នៅ​ក្នុង​ដំណើរ​មួយ​ដែល​ផ្តល់​មូលនិធិ​ដោយ FHI ទៅ​ខេត្ត​តាកែវ​ដែល​អម​ដំណើរ​ដោយ​អ្នក​បើក​ឡាន​ម្នាក់​ទៀត និង​បុគ្គលិក​ពីរ​នាក់​ទៀត​ដែល​មិន​មាន​ជំនាញ​វេជ្ជសាស្រ្ត​ដើម្បី​​​​ធ្វើ​សិក្ខា​សាលា​អប់រំ​មួយ​រយៈពេល​ ៧ ​ថ្ងៃ​។ ទម្រង់​ដោយ​​ឡែក​ផ្សេង​​ទៀត​បាន​ដាក់​បញ្ជី​គាត់​​ជា​ផ្នែក​​នៃ​ដំណើរ​​ដែល​ផ្តល់​ថវិកា​ដោយ​​អង្គការ​មូលនិធិ​សកល​ទៅ​សិក្សា​អំពី​​សារធាតុ​លាប​ស្បែក​ត្រូពិច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ប្រហែល ២៧០ គីឡូម៉ែត្រ​​ពី​រាជធានី​ភ្នំពេញ​។

ខណៈ​ឯកសារ​ទាំង​​ពីរ​​ដុំ​លើក​​ឡើង​នូវ​សំណួរ​​អំពី​​ថា​តើ​ សាហ្វារី ​អាច​​នៅ​កន្លែង​ពីរ​ក្នុង​ពេល​​តែ​មួយ​បាន​​យ៉ាង​ដូចម្តេច​ប្រភព​នៅ​ក្នុង​ក្រសួង​និយាយ​ថា​គាត់​ និង​​អ្នក​ជាប់​កិច្ចសន្យា​ដទៃ​ទៀត​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក អ៊ីមរ៉ន ​ហើយ​ដែល​ពេល​ខ្លះ​មិន​​បាន​ចុះ​ទៅ​បេសកកម្ម​ទាល់​តែ​សោះ​​។

ប្រភព​មួយ​ទៀត​ដែល​បាន​ដឹង​​អំពី​បញ្ហា​នេះ​និយាយ​ថា​ ពួកគេ​ដឹង​អំពី​ករណី​ចំនួន​បួន​លើក​ដែល​​ សាហ្វារី មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេសកកម្ម​ដែល​គាត់​មិន​បាន​ចូលរួម​ធ្វើ​ដំណើរ​។

បើ​យោង​តាម​ប្រភព​៖ «​បុគ្គលិក​រដ្ឋបាល​មិន​ដែល​ទៅ​បេសកកម្ម​ទេ​»។ ប្រភព​នេះ​​បន្ត​ថា​៖ «​អ៊ីម រ៉ន ​បាន​ដាក់​ឈ្មោះ​របស់​ពួកគេ​ហើយ​ អ៊ីម រ៉ន បាន​កាត់​ប្រាក់​ឧបត្ថម្ភ​​ប្រចាំ​ថ្ងៃ​»​។

«​ឧទាហរណ៍​ពួកគេ​ទទួល​បាន​ ១០០ ដុល្លារ​​សម្រាប់​បេសកកម្ម​ពេញ​លោក អ៊ីម រ៉ន ផ្តល់​ឲ្យ​ពួកគេ​តែ ៤០ ដុល្លារ​ហើយ​នៅ​សល់​គឺ​ អ៊ីម រ៉ន យក​ដោយ​ខ្លួន​ឯង​។ នោះ​​ជា​មូលហេតុ​ដែល អ៊ីម រ៉ន ដាក់​បុគ្គលិក​រដ្ឋបាល​នៅក្នុង​បញ្ជី​បេសកកម្ម​»។

ប្រភព​ដោយ​ឡែក​មួយ​ទៀត​និយាយ​ថា​ពួកគេ​បាន​ដឹង​អំពី​ករណី​លោក អ៊ីម រ៉ន បុគ្គលិក​រដ្ឋបាល​ដទៃៗ​ទៀត​នៅ​ក្នុង​​បញ្ជី​​បេសកកម្ម​គ្រាន់​តែ​ដើម្បី​យក​លុយ​ចូល​​ហោប៉ៅ​​របស់​ខ្លួន​​។ ​

ទោះ​​យ៉ាង​ណា​ក្តី​ ប្រភព​បាន​កត់សម្គាល់​ថា​ការ​ដាក់​កំហិត​ថ្មី​ដែល​ត្រូវ​បាន​​អនុវត្ត​​ក្នុង​រយៈកាល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ​បាន​​រារាំង​​គាត់​ពី​ការ​បន្ត​​ការ​អនុវត្ត​​បែប​នេះ​ជាមួយ​​លុយ​​របស់​អង្គការ​មូលនិធិ​​សកល​។

ប្រភព​នោះ​ឲ្យ​ដឹង​ថា​នៅ​ពេល Global Fund បាន​ហាមឃាត់​បុគ្គលិក​​ផ្នែក​រដ្ឋបាល​​មិន​ឲ្យ​ទៅ​​បំពេញ​​បេសកកម្ម​បច្ចេកទេស​លោក អ៊ីម រ៉ន ភ្ជាប់​សាច់ញាតិ​របស់​គាត់​ទៅ​​នាយកដ្ឋាន​ផ្សេង​ទៀត​។

ក្នុង​បទសម្ភាស​មួយ​កាលពី​សប្តាហ៍​មុន​លោក អ៊ីម រ៉ន បាន​ទទួល​ស្គាល់​​ថា​បាន​ជួល​សមាជិក​គ្រួសារ​​របស់​លោក​ជា​អ្នក​​ជាប់​កិច្ចសន្យា​ដោយ​បញ្ជាក់​ថា​ពួកគេ​​ទទួល​បាន​កុងត្រា​រយៈពេល​​មួយ​ឆ្នាំ​ដែល​បន្ត​​​​​ថ្មី​បាន​។

លោក​​បញ្ជាក់​ថា៖ «នៅ​ពេល​​ខ្វះ​បុគ្គលិក​យើង [ជួល] ពួកគេ​ ១ ឆ្នាំ​ដែល​​ទទួល​ស្គាល់​ដោយ​ក្រសួង។ វា​ជា​រឿង​តូច​មួយ​​​​»។

លោក​ អ៊ីម រ៉ន បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ក្រុម​​គ្រួសារ​រប​ស់​លោក​ទទួល​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ពួកគេ​ប៉ុន្តែ​លោក​​​បញ្ជាក់​ថា​ប្រាក់ខែ​​ជាក់ស្តែង​​របស់​ពួកគេ​មាន​ចំនួន​តិច​តួច​ណាស់​។

លោក​បន្ត​ថា៖ «​​​​​​ប្រាក់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​គឺ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ២០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​​ពាក់​កណ្តាល​ឆ្នាំ ២០១៥ នៅ​ពេល​អត្រា​នេះ​បាន​​កើនឡើង​ដល់ ៣៤ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​»។

ប៉ុន្តែ​ លោក​បាន​បន្ថែម​ថា៖ «ក្រសួង​បាន​ទទួល​ស្គាល់ [ពួកគេ] ហើយ​បើក​ប្រាក់​ឲ្យ​ពួកគេ​តែ​ ១៤០ ០០០ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ អ៊ីចឹង​សូម​​​ពិចារណា!»។

លោក អ៊ីមរ៉ន បាន​បិទ​ទូរស័ព្ទ​របស់​អ្នក​កាសែត​មុន​ពេល​អ្នក​កាសែត​​ត្រូវ​​សួរ​សំណួរ​​អំពី​ការ​ចោទប្រកាន់​ផ្សេង​ទៀត​ហើយ​​ការ​ហៅ​ទូរស័ព្ទ​ក្រោយៗ​មក​ពុំ​មាន​ការ​ឆ្លើយតប​ទេ​។

ប្រភព​ពី​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ការ​ចោទ​ពី​បញ្ហា​បក្ខពួក​និយម​មិន​បាន​​ចប់​ត្រឹម​លោក​ អ៊ីម រ៉ន ​ទេ​។ អតីត​មេ​របស់​គាត់​ដែល​ជា​​អតីត​ប្រធាន​រដ្ឋបាល​ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ CNM ​លោកស្រី​ មុត ស៊ីនួន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​កិច្ចសន្យា​ទៅ​​ឲ្យ​សមាជិក​គ្រួសារ​ និង​អ្នក​ស្មោះត្រង់​របស់​គាត់​។

លោកស្រី ស៊ីនួន ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ឲ្យ​កិច្ចសន្យា​​ទៅ​​សមាជិក​គ្រួសារ​យ៉ាង​ហោច​ណាស់​បួន​នាក់​ក្នុង​នោះ​រួមមាន​បងប្អូន​ថ្លៃ ២ នាក់​ឈ្មោះ វ៉ាន់ ញិល និង​ យស សុខា ប្អូនស្រី​ថ្លៃ​ឈ្មោះ ស៊ិន ស៊ីលាង និង​​ក្មួយ​ស្រី​ឈ្មោះ វ៉ាន់ ម៉ូលីដេន។ អ្នក​ខាង​ក្នុង​ក៏​បាន​ចោទ​​ប្រកាន់​លោកស្រី ស៊ីនួន ថា បាន​​​ផ្តល់​​ដំណើរ​បេសកកម្ម​​ទៅ​ឲ្យ​​សាច់ញាតិ​ដែល​អាច​ខ្លាំង​​ជាង​លោក អ៊ីម រ៉ន ​ទៅ​ទៀត។ អ្នក​ជាប់​​កិច្ចសន្យា​ដែល​ភ្ជាប់​ក្រោម​លោកស្រី ស៊ីនួន គឺជា​អ្នក​​ធ្វើ​ដំណើរ​ចាយ​ច្រើន​។

តាម​ឯកសារ​បង្ហាញ​ឲ្យ​ឃើញ​ថា ​អ្នកស្រី ស៊ិន ស៊ីលាង បាន​ធ្វើ​ដំណើរ​ច្រើន​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មួយ​លើកៗ​មាន​រយៈពេល​ប្រហែល​ពីរ​សប្តាហ៍​គឺ​គ្រប់គ្រាន់​ដើម្បី​​ទារ​ប្រាក់ ១ ពាន់​ដុល្លារ​ជា​ប្រាក់​ប្រចាំ​ថ្ងៃ​។ លោក វ៉ាន់ ញិល ចំណាយ​ពេល​គ្រប់គ្រាន់​លើ​ការ​ធ្វើ​ដំណើរ​ដើម្បី​​ទារ​ប្រាក់​ចំនួន ១០២០ ដុល្លារ​។

ឯកសារ​​មួយ​ដុំ​បង្ហាញ​ថា​រយៈពេល ៦៨ ថ្ងៃ​ចាប់​ពី​ដើម​ឆ្នាំ​ ២០១៥ ​នាង វ៉ាន់ ម៉ូលីដេន បាន​ធ្វើ​ដំណើរ ៥១ ដង​ដែល​​ស្មើ​នឹង​ប្រាក់​ប្រចាំ​ថ្ងៃ ១០២០ ដុល្លារ​។ ខណៈ​ឯកសារ​ដែល​ភ្នំពេញ ប៉ុស្តិ៍ មាន​គឺជា​ចំនួន​​តូច​មួយ​នៃ​ឯកសារ​​ទាំងអស់​របស់​មជ្ឈមណ្ឌល​អ្នក​ខាង​ក្នុង​​បាន​ទទូច​ថា​ការ​អនុវត្ត​របស់​លោកស្រី​ ស៊ីនួន ដែល​ឲ្យ​អ្នក​រួម​ដំណើរ​បេសកកម្ម​​ទៅ​អ្នក​​ជំនិត​​​ដែល​​គ្មាន​លក្ខណ​សម្បតិ្ត​គ្រប់គ្រាន់​នោះ​គឺជា​ទម្លាប់​អនុវត្ត​ជា​​លក្ខណៈ​ប្រព័ន្ធ​ និង​​​កើត​មាន​ជា​ទូទៅ​។

ពួកគេ​បាន​លើក​ឡើង​ថា ​វា​មិន​ចម្លែក​ទេ​ដែល​អ្នក​ជាប់​កិច្ចសន្យា​​ចំណាយ​ពេល​ជាង ២០ ថ្ងៃ​ក្នុង​មួយ​ខែ​ដើម្បី​ធ្វើ​ដំណើរ​បេសកកម្ម​ដែល​មាន​តែ​លើ​ក្រដាស។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ម្តង​ហើយ​ម្តង​​ទៀត​ដើម្បី​ទាក់ទង​លោកស្រី​ ស៊ីនួន ដើម្បី​​​ស្នើសុំ​ការ​អត្ថាធិប្បាយ​កាលពី​សប្តាហ៍​មុន​ពុំ​ទទួល​​បាន​ជោគជ័យ​ទេ​។

ខណៈ​​ដែល​ការ​គ្រប់គ្រង​​មូលនិធិ​របស់​ម្ចាស់​ជំនួយ​មិន​ត្រឹមត្រូវ​គឺជា​​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ទម្លាប់​នេះ​ក៏​ដាក់​សម្ពាធ​មក​លើ​ការងារ​របស់ CNM ផង​ដែរ​។ ​

ទោះបី​ជា​លោក អ៊ីម រ៉ន ទទូច​ថា​អ្នក​ជាប់​កិច្ចសន្យា​ពី​ខាង​ក្រៅ​ត្រូវ​បាន​គេ​ជួល​នៅ​ពេល​ត្រូវការ​ជំនួយ​បន្ថែម​ក៏ដោយ ក៏​ប៉ុន្តែ​ការ​ទទូច​របស់​គាត់​ និង​លោកស្រី ស៊ីនួន ដែល​​​ដាក់​សមាជិក​គ្រួសារ​ឲ្យ​ធ្វើ​ដំណើរ​បេសកកម្ម​ពុំ​បញ្ចូល​​​បុគ្គលិក​ពេញ​ម៉ោង​​ដែល​មាន​ជំនាញ​ដើម្បី​សម្រេច​នូវ​គោលដៅ​នៃ​​បេសកកម្ម​​នោះ​ទេ។

ប្រភព​មួយ​បាន​រៀបរាប់​ពី​ស្ថាន​ភាព​នេះ​ថា​ ជា​ការ​ដាក់​បន្ទុក​លើស​ជ្រុល​សម្រាប់​បុគ្គលិក​បច្ចេកទេស​តែ​ម្នាក់​ក្នុង​ការ​ទៅ​ធ្វើការ​សិក្សា និង​ត្រួត​ពិនិត្យ។

ប្រភព​នេះ​ពន្យល់​ថា​ជា​ញឹកញាប់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ជួប​ជាមួយ​នឹង​អ្នក​​ផ្តល់​សេវា​ថែទាំ​សុខភាព​នៅ​មូលដ្ឋាន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ហើយ​​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ធានា​ថា​​វិជ្ជាជីវៈ និង​ថ្នាំ​ត្រូវ​តាម​ស្តង់ដារ​។ នៅ​ពេល​​មាន​តែ​អ្នក​ជំនាញ​ម្នាក់​​​ធ្វើ​ដំណើរ​គេ​មិន​​អាច​​យក​ចិត្ត​ទុក​ដាក់​​គ្រប់​យ៉ាង​បាន​ទេ​។

ប្រភព​បន្ត​ថា៖ ​«បុគ្គលិក​រដ្ឋបាល​មិន​​ដឹង​ពី​របៀប​​ធ្វើការ​នេះ​ទេ។​ គុណភាព​ [នៃ​ការ​ថែទាំ​នៅ​តាម​ជនបទ] នឹង​ធ្លាក់​ចុះ​ហើយ​ទីបំផុត​អ្នក​ជំងឺ​នឹង​ស្លាប់»។

ដោយ​រំពឹង​ទុក​ពី​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ​អង្គការ Global Fund ​​បាន​ចាប់ផ្តើម​​តម្រូវ​ឲ្យ​មាន​ផែនការ​ធ្វើ​ដំណើរ​ប្រចាំ​ត្រីមាស​ពី CNM។ អ្នក​ខាង​ក្នុង​ថ្លែង​ថា​​ដោយសារ​​តែ​ផែន​ការ​ប្រចាំ​ត្រីមាស​​ខ្វះ​ចន្លោះ​សម្រាប់​សរសេរ​ពី​តំណែង​អ្នក​ជាប់​កិច្ចសន្យា​នៅ​តែ​អាច​​ឆ្លៀត​ចូល​បាន​។

យោង​តាម​អ្នក​​នាំ​ពាក្យ​លោក Seth Faison ឱ្យ​ដឹង​ថា​ទោះ​ជា​យ៉ាង​ណា​អង្គការ​ Global Fund បាន​ចាប់​ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ថ្មី​មួយ​​លើ​ករណី​ប្រើ​ហិរញ្ញវត្ថុ​មិន​​ត្រឹមត្រូវ​នៅ CNM​។

លោក Faison ​​​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «អង្គការ​ Global Fund មិន​​អត់​ឱន​​ចំពោះ​អំពើ​ពុករលួយ​ ឬ​ការ​លួច​​បន្លំ​ហើយ​ធ្វើ​សវនកម្ម​ និង​​ការ​ស៊ើបអង្កេត​រឹងមាំ​​»។ ប៉ុន្តែ​ លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចោទ​ប្រកាន់​ជាក់លាក់​ដោយសារ​តែ​​ការ​ស៊ើបអង្កេត​កំពុង​បន្ត​​ដំណើរការ​។ ​

ទោះ​ជា​យ៉ាង​ណា ​លោក​បន្ថែម​ថា​អង្គការ​ Global Fund ​បាន​​ដាក់​​​ភ្នាក់ងារ​ហិរញ្ញវត្ថុ​​ថ្មី​នៅក្នុង​ឆ្នាំ ២០១៥ ហើយ​បាន​កត់សម្គាល់​ថា៖ «​អង្គការ​រក្សា​សិទិ្ធ​​ផ្អាក ឬ​ដក​យក​​មូលនិធិ​នៅ​ពេល​ណា​​ក៏​បាន​នៅ​ពេល​ដែល​​គេ​រំលោភ​លើ​​លក្ខខណ្ឌ​នៃ​​ជំនួយ​ឥត​សំណង​»​។

តំណាង​​ឲ្យ​អង្គការ FHI 360 មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អធិប្បាយ​​តាម​​អ៊ីមែល​ទេ​។

ទោះ​​យ៉ាង​ណា ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​លោក Jay Raman បាន​​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា​ទីភ្នាក់ងារ USAID ដែល​បាន​ផ្តល់​មូលនិធិ​ច្រើន​ដល់​​ការងារ​របស់​អង្គការ FHI 360 បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​​ផ្ទាល់​ខ្លួន​​​​​។ «ឥឡូវ​នេះ​ការិយាល័យ​អធិការ​ទូទៅ​កំពុង​ស៊ើបអង្កេត​​បញ្ហា​នេះ​។ ដោយសារ​តែ​ការ​ស៊ើបអង្កេត​កំពុង​បន្ត​យើង​​មិន​មាន​​អ្វី​​អត្ថាធិប្បាយ​បន្ថែម​ទេ​»​។

លោក ហ៊ុយ រីកុល ប្រធាន CNM បាន​ឱ្យ​ដឹង​​ក្នុង​​ការ​​ឆ្លើយតប​ទៅ​នឹង​សំណើ​តាម​អ៊ីមែល​​ថា​បច្ចុប្បន្ន​លោក​នៅ​ក្រៅ​ប្រទេស​ហើយ​​លោក​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​​បាន​ភ្លាមៗ​ទេ​។

លោក លី សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​​បញ្ហា​នេះ​ដោយសារ​លោក​មិន​បាន​ឃើញ​ភ័ស្តុតាង​ដោយ​​លោក​​​បញ្ជាក់​ថា​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ​​។

ទោះបី​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សន្យា​​​ស៊ើបអង្កេត​​ក្នុង​រឿង​អាស្រូវ​ CNM ឆ្នាំ ២០១៣ ក៏ដោយ​ក៏​ប៉ុន្តែ​​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ទេ​ទោះបី​ជា​លោក Faison បាន​បញ្ជាក់​ថា​មូលនិធិ​របស់​ម្ចាស់​ជំនួយ​បាន​បង់​សង​គ្រប់​ចំនួន​រួច​ហើយ​ក៏ដោយ។ ការ​ហៅ​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ឆែក​មើល​ថា​តើ​អង្គភាព​នឹង​បើក​ការ​ស៊ើបអង្កេត​ថ្មី ឬ​យ៉ាង​ណា​នោះ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប​ទេ​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា​ផ្អែក​លើ​ការ​រៀបរាប់​ពី​ស្ថានភាព​នៅ​ CNM នេះ​គឺ «ដូចជា​ការ​រៀបចំ​បក្ខពួក​និយម​មួយ ... ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​​​ទេ​ដែល​អំពើ​ពុករលួយ ឬ​ភាព​មិន​ប្រក្រតី​អាច​​កើតឡើង»។ ​លោក​បាន​លើក​ឡើង​ថា៖ «​ទាំង​នេះ​គឺជា​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ត្រូវ​ពន្យល់។ យើង​ជំរុញ​​​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​លម្អៀង​ដោយ​ក្រសួង​សុខាភិបាល​ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​»។

លោក​បាន​បន្ត​ថា​ ៖ «វា​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ដែល​ករណី​​នេះ​បាន​​បិទ​ដោយ​គ្មាន​ការ​ផ្តន្ទាទោស ឬ​ដោយ​គ្មាន​នរណា​ម្នាក់​ទទួល​ខុស​ត្រូវ។ ខ្ញុំ​គិត​ថា​ការ​សង​ប្រាក់​វិញ​ជា​វិធី​មួយ​ប៉ុន្តែ​វា​មិនមែន​ជា​វិធី​ល្អ​បំផុត​ជា​គំរូ​ល្អ​នៅ​ពេល​ដោះស្រាយ​ភាព​មិន​ប្រក្រតី​បែប​នេះ​ឡើយ​»៕ PS/TK



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>