អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលជាឯកសារដ៏សំខាន់មួយ សម្រាប់ប្រើក្នុងការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោត។ ~Reader
Image may be NSFW.
Clik here to view.

ដោយ អ៊ឹម រចនា25/05/2016 rfi
ពលរដ្ឋគ្រប់អាយុជាង២លាននាក់នៅតែមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បើទោះបីជាសេវាកម្មផ្តល់អត្តសញ្ញាណប័ណ្ណ ត្រូវបានពង្រីកទៅដល់មូលដ្ឋានទូទាំងប្រទេសរួចហើយក្ដី។ ខណៈដែលការចុះឈ្មោះបោះឆ្នោតកាន់តែខិតជិតចូលមកដល់ នៅខែកញ្ញាខាងមុខ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី។ អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលជាឯកសារដ៏សំខាន់មួយ សម្រាប់ប្រើក្នុងការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោត។
រហូតមកទល់ពាក់កណ្ដាលឆ្នាំ២០១៦នេះ ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីសម្រេចបានប្រមាណ៨លាន២សែននាក់ ក្នុងចំណោមពលរដ្ឋខ្មែរគ្រប់អាយុទទួលបានអត្តសញ្ញាណប័ណ្ណ ដែលមានចំនួនជាង១០លាននាក់។ មានន័យថា នៅមានពលរដ្ឋគ្រប់អាយុជាង២លាននាក់ទៀត ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី។
ការខកខានរបស់ប្រជាពលរដ្ឋជាង២លាននាក់ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណនេះ ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពន្យល់ថា បណ្ដាលមកពីប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណ។ បញ្ហាចំណាកស្រុក ក៏ជាមូលហេតុដែលធ្វើឲ្យពលរដ្ឋខកខានមិនបានមកបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណគំរូថ្មីដែរ។
មិនមែនមានតែប្រជាពលរដ្ឋទេដែលមានបញ្ហាក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណគំរូថ្មី ប្រតិបត្តិករដែលជាសមត្ថកិច្ច ក៏ត្រូវជួបនឹងបញ្ហាប្រឈមមួយចំនួនផងដែរ។ ប្រព័ន្ធអ៊ីនធឺណែតមិនអាចគ្របដណ្ដប់ដល់ទីជនបទដាច់ស្រយាល និងបញ្ហាសម្បកអត្តសញ្ញាណប័ណ្ណគំរូថ្មីគ្មានគុណភាព គឺជាបញ្ហាចម្បងដែលជួបប្រទះញឹកញាប់ជាងគេ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានស្នើដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណគំរូថ្មីតែរបកខូច ឲ្យទាក់ទងទៅប៉ុស្តិ៍នគរបាលមូលដ្ឋានដែលខ្លួនរស់នៅ ឬទាក់ទងផ្ទាល់ទៅកាន់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយផ្ទាល់តែម្ដង ដើម្បីបោះពុម្ពថ្មីដោយមិនយកកម្រៃសេវា។
ដោយឡែក សម្រាប់ពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទទូចឲ្យទៅបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលមូលដ្ឋានដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា។ អត្តសញ្ញាណប័ណ្ណ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ប្រើក្នុងការចុះឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា នឹងអាចចាប់ផ្ដើមនៅខែកញ្ញា បន្តរហូតដល់ខែវិច្ឆិកាចុងឆ្នាំ២០១៦ បន្ទាប់ពី គជប ទទួលបានសម្ភារៈបច្ចេកទេសពីម្ចាស់ជំនួយនៅក្នុងខែកក្កដាខាងមុខនេះ៕