
ដោយ សេក បណ្ឌិត RFA 2016-05-26
ក្រុមមេធាវីរបស់លោក កឹម សុខា បានផ្ញើលិខិតទៅតុលាការរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីករណីលោក កឹម សុខា មិនអាចចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកោះហៅចំនួនពីរលើកមកហើយ ហើយនៅថ្ងៃទី២៦ ខែឧសភា នេះ ជាលើកទីពីរហើយដែលតុលាការបានកំណត់ឲ្យលោកចូលខ្លួនទៅបំភ្លឺក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿងសញ្ចារកម្ម។
ក្រុមអ្នកច្បាប់បង្ហាញថា ករណីលោក កឹម សុខា កំពុងមានភាពប្រទាំងប្រទើសគ្នារវាងនីតិវិធីរបស់តុលាការ និងរដ្ឋធម្មនុញ្ញស្ដីពីអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ។
លោក សំ សុគង់ ជាមេធាវីម្នាក់ក្នុងចំណោមមេធាវី ៥នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា មានប្រសាសន៍នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃយប់ថ្ងៃទី២៥ ឧសភា ថា ខ្លឹមសារលិខិតដែលក្រុមមេធាវីផ្ញើលិខិតទៅតុលាការកាលពីថ្ងៃពុធ ទី២៥ ឧសភា នោះ គឺជាការជូនដំណឹង និងបញ្ជាក់ពីហេតុផលដែលលោក កឹម សុខា មិនអាចចូលទៅបំភ្លឺក្នុងនាមជាសាក្សីទៅតាមដីកាកោះចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
លោកបន្តថា កូនក្តីលោកមានឆន្ទៈគោរពច្បាប់ និងមិនជំទាស់ទៅនឹងការអនុវត្តច្បាប់នោះទេ ប៉ុន្តែក្នុងនោះក៏មានច្បាប់មួយចំនួនបានការពារលោក និងមិនឲ្យធ្វើអ្វីដែលផ្ទុយពីច្បាប់កំពូលដែលបានចែងរួចមកហើយនោះដែរ។
មេធាវី សំ សុគង់ បានពណ៌នាហេតុផលការដែលកូនក្តីលោកមិនចូលទៅបំភ្លឺនោះ ដោយយោងតាមមាត្រា៣៨ និងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ៖ «មាត្រា៣៨ ការចាប់ខ្លួន ការនាំខ្លួន ការចូលបំភ្លឺអីផ្សេងៗហ្នឹង គឺត្រូវអនុវត្តតាមផ្លូវច្បាប់។ ម្យ៉ាងទៀត ច្បាប់បានការពារលោក កឹម សុខា ជាអ្នកតំណាងរាស្ត្រតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ស្ដីពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ»។
លោកបានលើកពីហេតុផលផ្សេងទៀត គឺដោយសារលោក កឹម សុខា ជាតំណាងរាស្ត្រមានការមមាញឹកចុះជួបប្រជាពលរដ្ឋតាមមណ្ឌលនានាទូទាំងប្រទេស ដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលបំភ្លឺបាន។
លោកបន្តថា ជាងនេះទៅទៀត ការកោះហៅលោក កឹម សុខា នោះ ក្នុងនាមជាសាក្សីដែលមិនសូវមានភាពចាំបាច់ក្នុងការបំភ្លឺ។ ម្យ៉ាងវិញទៀត ជនសង្ស័យមិនទាន់បានចូលបំភ្លឺនៅឡើយ ហើយតុលាការក៏មិនទាន់ចោទប្រកាន់ជនសង្ស័យណាម្នាក់ជាផ្លូវការនៅឡើយ៖ «អ៊ីចឹងហើយបានក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដាក់ពាក្យនេះដើម្បីសុំមានការបកស្រាយច្បាប់មួយត្រឹមត្រូវ»។
ទាក់ទងករណីលោក កឹម សុខា នេះដែរ ក្រុមអ្នកច្បាប់ផ្សេងទៀតបង្ហាញថា ករណីលោក កឹម សុខា កំពុងមានភាពប្រទាំងប្រទើសគ្នារវាងនីតិវិធីរបស់តុលាការ និងច្បាប់ស្ដីពីអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ។
មេធាវីផ្សេងក្រៅពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោកមេធាវី សេក សុភ័ណ្ឌ។ លោកមានចម្ងល់ថា តុលាការកោះហៅលោក កឹម សុខា ក្នុងនាមជាសាក្សី ប៉ុន្តែដីកាកោះមិនបានបញ្ជាក់ថា លោកត្រូវទៅធ្វើសាក្សីឲ្យបុគ្គលណា ឬជាជនជាប់ចោទរូបណាមួយពិតប្រាកដនោះទេ៖ «ក្នុងនាមគាត់ជាអ្នកតំណាងរាស្ត្រមិនចូល តើអាចបង្កើតជាបទល្មើសមួយទៀតដែរឬអត់ ក្នុងនាមជាសាក្សីក្នុងដំណាក់កាលនេះ អ៊ីចឹងហៅគាត់ទៅធ្វើសាក្សីហ្នឹង តើទៅធ្វើសាក្សីឲ្យអ្នកណា? តើមានជនជាប់ចោទហើយឬនៅ? ហើយតុលាការបានស្តាប់ជនជាប់ចោទហើយឬនៅ?»។
លោកបន្តថា តាមការយល់ដឹងពីច្បាប់ដែលលោកបានសិក្សាកន្លងមក គឺថាក្នុងដំណាក់កាលសំណុំរឿងកំពុងស្ថិតនៅក្នុងដៃអយ្យការនេះ គឺមិនទាន់ត្រូវការស្តាប់ចម្លើយសាក្សី ក្នុងសំណុំរឿងមួយដែលមិនទាន់ដឹងថា អ្នកណាជាជនជាប់ចោទ ឬមិនទាន់មានការចោទប្រកាន់ជាផ្លូវការនោះទេ។
សាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានការឆ្លើយតបជាផ្លូវការយ៉ាងណាឡើយ ទាក់ទងនឹងលិខិតជូនដំណឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា នោះទេ។ ប៉ុន្តែកន្លងមក មន្ត្រីតុលាការបញ្ជាក់ថា នឹងចាត់ការតាមនីតិវិធីបន្តទៀត ចំពោះករណីដែលលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះនោះ ប៉ុន្តែគេមិនទាន់ដឹងថា នីតិវិធីបន្តនោះ តុលាការធ្វើយ៉ាងណាទៀតនោះទេ។
ដីការបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចុះថ្ងៃទី១៨ ឧសភា បង្គាប់ឲ្យលោក កឹម សុខា ចូលឆ្លើយបំភ្លឺជាលើកទីពីរនៅថ្ងៃទី២៦ ឧសភា នេះ។
កាលពីថ្ងៃទី១៧ ឧសភា លោក កឹម សុខា រួមនឹងមេធាវីរបស់លោកផង មិនបានចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្មនោះឡើយ។ ចំណែកតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សនេះ គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ដែលជាប់ចោទថា បាននាំអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ទៅជួបលោក កឹម សុខា នៅទីក្រុងបាងកក ប្រទេសថៃ នោះ ក៏មិនបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការដូចគ្នាដែរ កាលពីថ្ងៃទី១៦ ខែឧសភា៕