Quantcast
Viewing all articles
Browse latest Browse all 40045

សមាជិក​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ថា​សមត្ថកិច្ច​មូលដ្ឋាន​សាកសួរ​ពី​គម្រោង​ឡើង​ទៅ​ភ្នំពេញ


ដោយ​ សូត សុខប្រាថ្នា RFA 2016-05-28

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង នៅ​ឃុំ​ទួលស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​ចេះតែ​សួរនាំ​អំពី​សកម្មភាព​របស់​លោក​ជាប្រចាំ ពិសេស​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ។ មិនតែប៉ុណ្ណោះ នៅ​តាម​ផ្លូវ​មាន​កងកម្លាំង​ចម្រុះ​ជា​ច្រើន​កន្លែង​ដាក់​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​អ្នក​ដំណើរ​ទៀត​ផង។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ហៅ​ករណី​នេះ​ថា ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា ពុំ​មាន​សកម្មភាព​ដូច​ការ​លើក​ឡើង​ទេ។

​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទួលស្នួល គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ដឹង​ថា បើទោះបី​ជា​មានការ​សួរនាំ​អំពី​សកម្មភាព​របស់​ខ្លួន​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​ទី​២៦ និង​ទី​២៧ ខែ​ឧសភា ក៏ដោយ ប៉ុន្តែ​ខាង​លោក​នឹង​នាំគ្នា​ឡើង​ទៅ​ភ្នំពេញ ប្រសិនបើ​មាន​ផែនការ​ពី​មន្ត្រី​ថ្នាក់លើ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទួលស្នួល គណបក្ស​ប្រឆាំង លោក ជ្រុន ចំរើន ឱ្យ​ដឹង​ថា នៅ​ពេល​មាន​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​រឿង​តាម​រក​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាម សមត្ថកិច្ច​ឃុំ​ទួលស្នួល បាន​ហៅ​ទូរស័ព្ទ​មក​សួរនាំ​រឿង​ឡើង​ទៅ​ភ្នំពេញ ភ្លាម​តែម្ដង។ លោក​បន្ត​ថា ស្ថានភាព​នៅ​ក្នុង​ឃុំ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ ហើយ​ខាង​លោក​នៅ​តែ​ធ្វើស្រែ​ចម្ការ​ដូច​សព្វដង ដោយ​មិន​ទាន់​មាន​បំណង​ឡើង​ទៅ​ភ្នំពេញ​ នោះ​ទេ៖ «នេះ​គឺ​មាន​បំណង ព្រោះ​នៅ​ខាង​ភ្នំពេញ គេ​មាន​ហេតុការណ៍​អី​ផ្សេងៗ ខ្ញុំ​អត់​ដឹង​ដែរ»។ ​

ក្រៅពី​សួរនាំ​មន្ត្រី​គណបក្ស​ជំទាស់​ហើយ​នោះ តាម​ផ្លូវ​ក្នុង​ឃុំ នៅ​ស្រុក​ក្រូចឆ្មារ មួយ​ចំនួន​ក៏​មាន​​ដាក់​កម្លាំង​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ​រថយន្ត​ដឹក​អ្នក​ដំណើរ ពិសេស​រថយន្ត​ដឹក​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំពេញ ទៀត​ផង។

ពលរដ្ឋ​នៅ​ឃុំ​ទួលស្នួល មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចម្ការ ឃើញ​មាន​កម្លាំង​ចម្រុះ​ដាក់​នៅ​តាម​ផ្លូវ​មាន​បួន​កន្លែង ហើយ​ឃុំ​ខ្លះ​មាន​ដាក់​កម្លាំង​ពីរ​កន្លែង​តែម្ដង។ លោក​ថា សមត្ថកិច្ច​ត្រួតពិនិត្យ​អ្នក​ជិះ​ក្នុង​រថយន្ត ហើយ​ថតរូប​អ្នក​ធ្វើ​ដំណើរ ប៉ុន្តែ​មិន​បាន​ឃាត់​ទុក​នោះ​ទេ។ លោក​យល់ថា សកម្មភាព​របស់​សមត្ថកិច្ច មិន​មែន​ការពារ​សន្តិសុខ​សុវត្ថិភាព​ចរាចរណ៍​ឡើយ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ឡើង​ទៅ​ភ្នំពេញ ច្រើន​ជាង ពីព្រោះ​ពី​មុន​មក​មិន​ធ្លាប់​មាន​សកម្មភាព​ដាក់​កម្លាំង​បែបនេះ​ឡើយ។

ប្រភព​ដដែល​យល់​ថា សកម្មភាព​ទាំង​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បារម្ភ៖ «ដាក់​អ៊ីចឹង ទប់ស្កាត់​អ៊ីចឹង គឺ​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី។ រឿង​ធម្មតា តវ៉ា ខ្ញុំ​ជា​ប្រជាពលរដ្ឋ ជា​ធម្មតា រឿង​តវ៉ា​រឿង​អ្វី​មួយ​គឺ​ដោយ​សន្តិវិធី និង​ស្រប​ច្បាប់»។

​ពលរដ្ឋ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ទោះបីជា​អាជ្ញាធរ​រារាំង ឬ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពួកគាត់​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​នៅតែ​ហ៊ាន​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ដដែល គឺ​តវ៉ា​ប្រឆាំង​ទៅ​នឹង​អំពើ​អយុត្តិធម៌។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ថា មិន​មាន​ករណី​ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​គ្រប់​ក្រុង និង​ស្រុក​ទាំង​អស់​បាន​ដាក់​កម្លាំង​ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​ចរាចរណ៍​នៅ​តាម​ផ្លូវ​តែប៉ុណ្ណោះ៖ «ខ្ញុំ​សូម​ឆ្លើយ​ថា មិន​មាន​សកម្មភាព​បែប​នោះ​ទេ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​គឺ​មាន​គ្រប់ៗ​គ្នា​ចំពោះ​មុខ​ច្បាប់»។

​លោក​បន្ត​ថា អាជ្ញាធរ​មិន​អាច​រារាំង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កន្លែង​ណា​មួយ​ដែល​ពួកគាត់​ចង់​ទៅ​បាន​ទេ ពីព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ប៉ុន្តែ​លោក​បញ្ជាក់​ប្រសិន​សកម្មភាព​ណា​មួយ​បង្ក​ភាព​អសន្តិសុខ ឬ​នាំ​ឱ្យ​មាន​អស្ថិរភាព​សង្គម អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

​អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​ដូច​អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​លើក​ឡើង​នោះ គឺ​ជា​រូបភាព​គំរាមកំហែង និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ភិតភ័យ​ទៀត​ផង៖ «ស្ថានភាព​នៃ​ទង្វើ​បែប​នេះ គឺ​ធ្វើ​ឱ្យ​បរិយាកាស​ផ្នែក​នយោបាយ​ហ្នឹង វា​កាន់តែ​តានតឹង ហើយ​វា​ធ្វើ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច ឬ​ក៏​ជ្រួលច្របល់»។

​លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូល​រួម​សម្ដែង​មតិ​ដោយ​អហិង្សា​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ប្រសិនបើ​ថ្នាក់ដឹកនាំ​របស់​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន សំខាន់​ឱ្យ​តែ​សកម្មភាព​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់៕

Viewing all articles
Browse latest Browse all 40045

Trending Articles