Quantcast
Viewing all articles
Browse latest Browse all 40045

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​ហៅ​សួរនាំ​​រឿង​ប្រមូល​ស្នាមមេដៃ​ពលរដ្ឋ


ដោយ ជិន ជេដ្ឋា RFA 2016-05-28

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ស្រុក​មួយ​ចំនួន នៃ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​អាជ្ញាធរ​ហៅ​ទៅ​ធ្វើ​កិច្ច​សន្យា និង​ព្រមាន​ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ គឺ​ជា​ការ​គំរាមកំហែង និង​រំលោភ​សិទ្ធិមនុស្ស។

អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា យ៉ាង​ហោច​មាន​សកម្មជន​របស់​ខ្លួន​ចំនួន ១៧​នាក់ នៅ​ស្រុក​សាមគ្គីមានជ័យ កំពង់ត្រឡាច ទឹកផុស ជលគីរី និង​ស្រុក​កំពង់លែង ត្រូវ​មេឃុំ និង​នាយ​ប៉ុស្តិ៍​របស់​ស្រុក​ទាំង​នោះ​ព្រមាន​មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា រហូត​មក។

មន្ត្រី​គណបក្ស​ប្រឆាំង លោក ដួង ចន្ដ្រា បញ្ជាក់​ថា នៅ​ទូទាំង​ខេត្ត​គ្រោង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ៤​ម៉ឺន​នាក់ ប៉ុន្តែ​ដោយ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ សកម្មជន​លោក​ទើប​ប្រមូល​បាន​ប្រមាណ ៣​ម៉ឺន​នាក់​ប៉ុណ្ណោះ។ លោក​ថា មន្ត្រី​បក្ស​ថ្នាក់​ខេត្ត​នឹង​សរុប​ស្នាម​មេដៃ​បឋម​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ហើយ​អាច​បន្ត​ផ្ដិត​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃ​ដែល​មន្ត្រី​ថ្នាក់​ជាតិ​ឲ្យ​ហែ​ញត្តិ​នេះ​ទៅ​រាជធានី​ភ្នំពេញ៖ «ការ​រារាំង​នេះ​ឃើញ​ថា ឃុំ​ខ្លះ​ធ្វើ​បាន​សម្រេច​តាម​ផែនការ ហើយ​ឃុំ​ខ្លះ​ទៀត រង​ការ​រារាំង​ខ្លាំង អ៊ីចឹង​ទៅ​ប្រហែល​មិន​បាន​ដល់ ៤​ម៉ឺន​ស្នាមមេដៃ​ទេ ប្រហែល​បាន​ជាង ៣​ម៉ឺន​ប៉ុណ្ណោះ។ នៅ​ក្នុង​ញត្តិ​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ទាំង​អស់ គឺ​ចំណុច​ទី​១ សូម​ឲ្យ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល ទី​២ បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ ដើម្បី​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ទី​៣ បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​រដ្ឋ ​ដោយ​មាន​ស្តង់ដារ​ពីរ និង​ទី​៤ បញ្ឈប់​ប្រើ​អំណាច​តុលាការ រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ជា​ពិសេស​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា»។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម ថា​លោក​បាន​ទទួល​ព័ត៌មាន​នេះ ប៉ុន្តែ​នេះ​គឺ​ជា​ការងារ​ខាង​សមត្ថកិច្ច​ប៉ូលិស ដែល​លោក​យល់​ថា ការ​ដែល​សមត្ថកិច្ច​ហាម​ឃាត់​នេះ​ទាក់ទង​នឹង​សន្តិសុខ​តាម​មូលដ្ឋាន។ ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​លោក ប្រាក់ វុឌ្ឍី និង​អ្នក​នាំ​ពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ គឺ​លោក លី វីរៈ មិន​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​សួរ​ពី​រឿង​នេះ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ហាម​ឃាត់ ឬ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សួរនាំ​ដោយ​អាជ្ញាធរ​នោះ គឺ​ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព។ លោក​ថា ការ​ប្រមូល​ស្នាម​មេដៃ គឺ​ជា​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ លើកលែង​តែ​ការ​ប្រមូល​នោះ គឺ​យក​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ដែល​ខុស​ច្បាប់ ដូច្នេះ​ពលរដ្ឋ​យល់​ព្រម​ចូល​រួម​ផ្ដល់​ស្នាមមេដៃ ឬ​មិន​ផ្ដល់ អាស្រ័យ​លើ​ខ្លឹមសារ​នៃ​លិខិត ឬ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ទាំង​នោះ៖ «លើក​លែង​តែ​យើង​ចាំ​បង្ខំ បើ​សិន​គេ​មើល​ទៅ​លើ​អត្ថន័យ ឬ​យល់​ដឹង​ពី​ខ្លឹមសារ​ហ្នឹង​ហើយ​គេ​ស្ម័គ្រចិត្ត​ផ្ដិត ពី​ព្រោះ​អា​នេះ​ជា​ការ​ស្នើសុំ​មិន​មែន​យក​ទៅ​ប្រព្រឹត្ត​នូវ​បទល្មើស​អ្វី​មួយ​ទេ។ ខ្ញុំ​ឃើញ​មាន​គណបក្ស​នយោបាយ​ផ្សេង​ក៏​គេ​ធ្វើ​ដូច​គ្នា​អ៊ីចឹង​ដែរ មាន​ការ​ផ្ដិត​មេដៃ​គាំទ្រ មាន​ស្អីៗ ដូចៗ​គ្នា​អ៊ីចឹង»។

នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សម្រេច​បន្ត​ធ្វើ និង​គាំទ្រ​លើ​សកម្មភាព​ការងារ​ចំនួន​បួន​ចំណុច។ ក្នុង​នោះ​គណបក្ស​ប្រឆាំង​ក៏​បាន​សម្រេច​ឲ្យ​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​មូលដ្ឋាន​គ្រប់​ខេត្ត-​រាជធានី ដង្ហែ​ញត្តិ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>