
មាស សុខជា The Phnom Penh Post Tue, 31 May 2016
ភ្នំពេញៈ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិភ្លាមៗបន្ទាប់ពីតំណាងរាស្ត្រ ៦៨ រូប ដែលសុទ្ធតែមកពីគណបក្សប្រជាជន បានបោះឆ្នោតគាំទ្រឲ្យតុលាការ បន្តនីតិវិធីទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទពីបទល្មើសជាក់ស្តែងក្នុងសំណុំរឿងដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា គឺជារឿងនយោបាយ។
គណបក្សប្រឆាំងបានប្រកាសមិនទទួលយកការសម្រេចដែល«គ្មានមូលដ្ឋានច្បាប់»នេះឡើយ ហើយប៉ុន្មានម៉ោងក្រោយមក បានដង្ហែញត្តិដែលមានស្នាមមេដៃជិត២០ ម៉ឺន យកទៅដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំឲ្យព្រះអង្គជួយព្រះរាជអន្តរាគមន៍លើបញ្ហានយោបាយដែលកំពុងតែឡើងកម្តៅខ្លាំងឡើងៗនេះ ហើយជាមួយគ្នានេះ សហគមន៍អឺរ៉ុប បានអំពាវនាវឲ្យមាន «ការបញ្ឈប់ការយាយីដោយតុលាការ ទៅលើប្រធានស្តីទីរបស់គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល»។
ប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងថា ចំពោះតំណាងរាស្ត្រ កឹម សុខា ដែលត្រូវបានចោទប្រកាន់ដោយតុលាការ រដ្ឋសភាបោះឆ្នោតអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើករណីលោក កឹម សុខា ដោយសំឡេងដាច់ខាត។
លោក ហេង សំរិន បានប្រាប់សមាជិករដ្ឋសភាដែលសុទ្ធតែមកពីគណបក្សប្រជាជនថា រដ្ឋសភា បានទទួលរបាយការណ៍របស់ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីដែលចោទប្រកាន់លោក កឹម សុខា ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការហើយថា របាយការណ៍នេះត្រូវបានចែកចាយរួចហើយ ទៅដល់សមាជិកទាំងអស់នៃរដ្ឋសភា។
លោក ហេង សំរិន ដែលក៏ជាប្រធានកិត្តិយសគណបក្សប្រជាជន ថ្លែងថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមរដ្ឋសភាពិនិត្យ និងអនុម័តយល់ព្រម អនុញ្ញាតឲ្យសមត្ថកិច្ចបន្តចំណាត់ការ ទៅតាមនីតិវិធីលើករណីឯកឧត្តម កឹម សុខាតំណាងរាស្ត្រមណ្ឌលកំពង់ចាម»។ «សូមរដ្ឋសភាអនុម័តដោយការលើកដៃ»។
បន្ទាប់ពីតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សប្រជាជនបានបោះឆ្នោតគាំទ្រឲ្យតុលាការ បន្តនីតិវិធីទៅលើលោក កឹម សុខារួចហើយលោកហេង សំរិន ក៏បានសួរតំណាងរាស្ត្រទាំងអស់នោះផងដែរថា តើមានតំណាងរាស្ត្រណាមួយ ចង់ឲ្យតុលាការផ្អាកករណីលោក កឹម សុខា ទេ? ប៉ុន្តែមិនឃើញមានតំណាងរាស្ត្រណាមួយចង់ឲ្យតុលាការផ្អាកករណីលោក សុខា នោះទេ។
លោក សំរិន បានថ្លែងនៅក្នុងសម័យប្រជុំសភាថា៖«អនុលោមទៅតាមការអនុម័តរបស់រដ្ឋសភាអម្បាញ់មិញនេះ ខ្ញុំសូមប្រកាសថា រដ្ឋសភា បានអនុម័តអនុញ្ញាតឲ្យសមត្ថកិច្ច បន្តចាត់ការ ទៅតាមនីតិវិធី លើករណីរបស់ឯកឧត្តម កឹម សុខា...»។
បន្ទាប់ពីការសម្រេចរបស់រដ្ឋសភា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញថា អាជ្ញាធរ កំពុងតាមចាប់ខ្លួនលោក កឹម សុខា ហើយថា តុលាការនឹងបន្តនីតិវិធីបន្តទៀតទៅលើលោក កឹម សុខា រហូតដល់បើកសវនាការ។
លោក ជិន ម៉ាលីន បានថ្លែងបន្តថា៖ «ឥឡូវនេះ លោក កឹម សុខា កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួន តាមបទល្មើសជាក់ស្តែង។ ឥឡូវនេះ [យើង]មិនទាន់ចាប់បានទេ»។
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែតាមបណ្តោយផ្លូវជាតិលេខ ២ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចាត់ទុកការអនុម័តរបស់រដ្ឋសភា នៅក្នុងការអនុញ្ញាតឲ្យតុលាការ បន្តនីតិវិធីលើករណីរបស់លោក កឹម សុខា ថា ជាការអនុម័តគ្មានមូលដ្ឋានច្បាប់។
លោក សុន ឆ័យ បានថ្លែងបន្តថា៖ «ឥឡូវនេះ យើងបានឃើញច្បាស់រួចហើយថា មិនមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នាទេ។ អំណាចនីតិប្រតិបត្តិ គ្រប់គ្រងលើអំណាចរបស់ស្ថាប័នពីរទៀត គឺស្ថាប័នតុលាការ និងស្ថាប័នរដ្ឋសភា»។
លោក សុន ឆ័យ បានបន្ថែមថា ផ្អែកតាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យរដ្ឋសភា ធ្វើការលើពីរប្រភេទ ទីមួយ ដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរចាប់ខ្លួននិងឃុំខ្លួនតំណាងរាស្ត្រ នៅពេលគាត់ប្រព្រឹត្តបទល្មើសជាក់ស្តែង និងទីពីរ រដ្ឋសភាត្រូវការសំឡេងឆ្នោតពីរភាគបី ដើម្បីដកអភ័យឯកសិទ្ធិរបស់គាត់ ហើយរដ្ឋសភា ក៏មានតួនាទីស្តារអភ័យឯកសិទ្ធិរបស់គាត់ផងដែរ។
លោក សុន ឆ័យ បញ្ជាក់ថា៖ «ការបង្កើតការបោះឆ្នោតខុសច្បាប់រដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយ ៥០%+១ វាជាការបំពានធ្ងន់ធ្ងរណាស់។ ដូច្នេះ គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ជាថ្មីថា យើងមិនអាចទទួលយកជាដាច់ខាតនៅក្នុងការសម្រេចរបស់សភានាព្រឹកនេះ[ម្សិលមិញ]»។
ទន្ទឹមនេះ កាលពីរសៀលម្សិលមិញ គណបក្សសង្គ្រោះជាតិ ក៏បានហែញត្តិដោយមានរថយន្ត៤០ គ្រឿងនិងម៉ូតូរាប់រយគ្រឿងដោយមានស្នាមមេដៃចំនួន ១៧៣ ១៤៤ នាក់ ប៉ុន្តែការដង្ហែនេះត្រូវបានរារាំងដោយអាជ្ញាធរនៅផ្លូវជាតិលេខ ២ ជិតទីស្នាក់គណបក្សសង្គ្រោះជាតិ។
ទោះបីយ៉ាងណាក្តី នៅវេលាម៉ោងជិត ៣ រសៀល អាជ្ញាធរ បានបើករនាំងអនុញ្ញាតឲ្យរថយន្តចំនួន ២៣ គ្រឿងរបស់តំណាងរាស្ត្រទៅដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដោយស្នើសុំឲ្យព្រះអង្គ ជួយអន្តរាគមន៍លើស្ថានភាពនយោបាយដែលកំពុងតែឡើងកម្តៅខ្លាំង និងសុំឲ្យមានការបញ្ឈប់ការប្រើអំណាច និងស្ថាប័នរដ្ឋ គំរាមកំហែងនិងដាក់សម្ពាធ លើសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ទាមទារឲ្យបញ្ឈប់ការប្រើអំណាចរដ្ឋជាស្តង់ដារពីរ ទាមទារឲ្យដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលនិងស្នើសុំឲ្យបញ្ឈប់ការប្រើអំណាចតុលាការ បំពានលើអំណាចនីតិប្បញ្ញត្តិ ជាពិសេសរំលោភទៅលើអភ័យឯកសិទ្ធិរបស់សភា។
នៅពេលគណបក្សសង្គ្រោះជាតិបានដង្ហែក្បួនទៅដល់ព្រះបរមរាជវាំង មន្ត្រីព្រះបរមរាជវាំងម្នាក់ឈ្មោះ គុល ប៊ុនលី បានមកទទួលយកញត្តិ ពីតំណាងរាស្ត្រប៉ុន្តែមន្ត្រីរូបនោះ មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ នៅពេលដែលអ្នកកាសែតសួរ។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតបន្ទាប់ពីការថ្វាយញត្តិទៅព្រះមហាក្សត្រថា នៅពេលញត្តិនេះទៅដល់ព្រះមហាក្សត្រ គណបក្សសង្គ្រោះជាតិសង្ឃឹមថា ព្រះមហាក្សត្រនឹងជួយដោះស្រាយបញ្ហានយោបាយ ដែលកំពុងតែឡើងកម្តៅខ្លាំងឡើងៗនេះ។
លោក បុញ្ញឫទ្ធិ បានថ្លែងថា៖ «យើងនៅតែសង្ឃឹម ពីព្រោះព្រះអង្គគឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គជាអ្នកធានានូវឯករាជភាព ធានានូវបូរណភាពទឹកដី ធានារាល់អ្វីៗទាំងអស់។ ដូច្នេះ យើងសង្ឃឹមថា ព្រះមហាក្សត្រនឹងផ្តល់យុត្តិធម៌ដល់កូនចៅ»។ លោក បុញ្ញឫទ្ធិ ក៏បានបញ្ជាក់ផងដែរថា លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញកាលពីល្ងាចម្សិលមិញ គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជានិងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែង«ការសោកស្តាយយ៉ាងខ្លាំង»ចំពោះ«ស្ថានភាពនយោបាយកាន់តែគ្រោះថ្នាក់»នាប៉ុន្មានថ្ងៃនេះ។
សហភាពអឺរ៉ុប ដែលបានធ្វើកញ្ចប់ថវិកាគាំទ្រចំនួន ១០ លានអឺរ៉ូរបស់ខ្លួន សម្រាប់ការបោះឆ្នោតនៅកម្ពុជា ក្រោមលក្ខខណ្ឌបរិយាកាសនយោបាយល្អ បានអំពាវនាវឲ្យមាន«ការបញ្ឈប់ការយាយីដោយតុលាការ ទៅលើប្រធានស្តីទីរបស់គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល»។
សេចក្តីថ្លែងការណ៍នេះបន្តថា៖ «យើងជំរុញឲ្យអាជ្ញាធរកម្ពុជា បន្តកិច្ចសន្ទនាដោយសន្តិវិធី និងស្ថាបនា ជាមួយគណបក្សប្រឆាំងឆាប់ៗតាមដែលអាចធ្វើទៅបាន ដែលយើងឃើញថា វាជាលក្ខខណ្ឌតម្រូវជាមុន សម្រាប់ឲ្យមានការបោះឆ្នោតស្របច្បាប់នាពេលខាងមុខ»៕ PS