
ដោយ ខែ សុណង RFA 2016-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបិទមណ្ឌលព្រៃស្ពឺ បើសិនជាគ្មានការកែលំអស្ថានភាព និងបញ្ហាដែលមណ្ឌលនេះតែងរងការរិះគន់ពីមជ្ឈដ្ឋាននានា កាលពីពេលកន្លងទៅ។ មណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ គឺជាទីដែលអាជ្ញាធរបានចាប់ខ្លួនមនុស្ស ទាំងចាស់ និងកុមារ នៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើម យកទៅអប់រំកែប្រែរយៈពេលខ្លីនៅទីនោះ។
មណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ និងក្រសួងសង្គមកិច្ច ត្រូវបានប្រមុខរដ្ឋាភិបាលព្រមានបិទ ព្រោះថា បានធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងសេវាធានាសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៣១ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនជាក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងអាជ្ញាធររាជធានីភ្នំពេញ មិនប្រញាប់កែលំអ ឬដោះស្រាយបញ្ហារ៉ាំរ៉ៃដែលបានកើតឡើងក្នុងការគ្រប់គ្រងមណ្ឌលនេះឲ្យប្រសើរទេ គួរតែបិទតែម្ដងទៅ៖ «»។
មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺជាកន្លែងដែលអាជ្ញាធរបានចាប់មនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិត ជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កន្លងមកអាជ្ញាធរក៏បានយកពលរដ្ឋបុរីកីឡាដែលតវ៉ាក្នុងពេលអាជ្ញាធរឈូសឆាយផ្ទះសម្បែងយកទៅដាក់នៅទីនោះបណ្ដោះអាសន្នដែរ។ នៅរាល់ពេលមានពិធីបុណ្យជាតិ និងកិច្ចប្រជុំធំៗ អាជ្ញាធរតែងតែប្រមូលជនអនាថា ឬអ្នកសុំទាន ឲ្យទៅរស់នៅទីនោះមួយរយៈ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក សួង ម៉េងឡុង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីបកស្រាយចំពោះបញ្ហានេះបានទេ នៅថ្ងៃទី៣១ ខែឧសភា។
កាលពីពេលកន្លងទៅ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ គឺអង្គការលីកាដូ (Licadho) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួមទាំងតំណាងរាស្ត្រគណបក្សប្រឆាំងផង បានស្នើឲ្យបិទមជ្ឈមណ្ឌលនេះ ដោយពួកគេរកឃើញថា មានភាពមិនប្រក្រតីជាច្រើនក្នុងការគ្រប់គ្រងទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានការឃុំឃាំងមនុស្សខុសច្បាប់ដោយធ្វើទារុណកម្ម ការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាការសេពសន្ថវៈ ការទុកមនុស្សមានជំងឺឲ្យស្លាប់ដោយមិនបញ្ជូនទៅមន្ទីរពេទ្យជាដើម។
កន្លងមកសង្គមស៊ីវិលត្អូញត្អែរថា ការប្រមូលផ្ដុំមនុស្សក្នុងមជ្ឈមណ្ឌលនេះ ក្នុងហេតុផលអប់រំផ្ដល់ឱកាសរៀនសូត្រជំនាញ ដើម្បីកែប្រែស្ថានភាពជីវិតរស់នៅប្រសើរឡើងវិញ ប៉ុន្តែភាពពិតជាក់ស្ដែងអ្វីគឺផ្ទុយពីគោលការណ៍ដើម និងមានការរំលោភសិទ្ធិមនុស្ស ហើយពួកគេម្នាក់ៗមានសភាពមិនខុសពីអ្នកទោសនៅក្នុងពន្ធនាគារប៉ុន្មានឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត កន្លងមកធ្លាប់ទទូចឲ្យបិទមជ្ឈមណ្ឌលព្រៃស្ពឺនេះ បានសាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា ការរិះគន់ស្ថាបនារបស់សង្គមស៊ីវិលកន្លងមក ស្ថាប័នពាក់ព័ន្ធមិនដែលទទួលស្គាល់នោះទេ៖ «»។
កាលពីប៉ុន្មានឆ្នាំមុន រដ្ឋាភិបាលបានសម្រេចបិទមជ្ឈមណ្ឌលកោះគ ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដែលសង្គមស៊ីវិលធ្លាប់រិះគន់ថា មានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងមជ្ឈមណ្ឌលព្រៃស្ពឺនោះទៅទៀត៕