Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លោក ជា សុផារ៉ា ហៅ​មន្ត្រី​សុរិយោដី​ខេត្ត​ព្រះសីហនុ​មក​បំភ្លឺ

Image may be NSFW.
Clik here to view.
អាជ្ញាធរ​ប្រើ​គ្រឿង​ចក្រ​ឈូស​ផ្លូវ​ក្រាល​កៅស៊ូ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ នៅ​ប្រប​ឆ្នេរ​អូរឈើទាល ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-06-04

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សាទរ​វិធានការ​ក្តៅ​លើ​បញ្ហា​រំលោភ​ដីធ្លី​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ព្រមាន​ចាត់​វិធានការ​ទៅលើ​មន្ត្រី ឬ​បុគ្គល​ដែល​ឃុបឃិត​រំលោភ​ដី​ប្រជាពលរដ្ឋ ឬ​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ បង្កើត​ឲ្យ​មាន​ទំនាស់។

​ទន្ទឹម​គ្នា​នេះ ក៏​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី ឲ្យ​កោះ​ហៅ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ មក​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​មាន​ដី​ចំណី​មាត់បឹង ឬ​អូរ​ធម្មជាតិ និង​ដី​ព្រៃ​លិច​ទឹក​ជាដើម ជូន​បុគ្គល​ឯកជន ឬ​ឈ្មួញ ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ក្រុម​ប្រជាពលរដ្ឋ ទទូច​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​កោះហៅ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក សូ សុខ និង​លោក ហ៊ុន ភី ព្រមទាំង​អនុប្រធាន​មន្ទីរ​ស្ថាប័ន​នេះ ឈ្មោះ ស្រ៊ុន ម៉ាប់ មក​ឆ្លើយ​បំភ្លឺ​លើ​ករណី​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ រួម​មាន ដី​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ដី​ចំណី​មាត់បឹង​ព្រែកទប់ ដី​មាត់បឹង​កង្កែប និង​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង ទៅ​ឲ្យ​បុគ្គល​ឯកជន​ធ្វើ​កម្មសិទ្ធិ​ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​កង្វល់​ចំពោះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ មាន​ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ភ្នំ កោះ ដី​ព្រៃ​លិច​ទឹក និង​ដី​បឹង​អូរ​ធម្មជាតិ​ជាដើម ផ្ដើម​ដោយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​អនុ​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ ដែល​បច្ចុប្បន្ន​ទទួល​បាន​តួនាទី​នៅ​ស្ថាប័ន​រដ្ឋ​ផ្សេង​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​នា​មូលដ្ឋាន​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ជួយ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នា​ខេត្ត​ព្រះសីហនុ មក​ឆ្លើយ​បំភ្លឺ ហើយ​បើ​រក​ឃើញ​កំហុស​ឆ្គង ថា​ពិត​ជា​មាន​ការ​ឃុបឃិត​ខុស​ច្បាប់​ពិតមែន ត្រូវតែ​ផ្ដន្ទាទោស ឬ​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ៖ «ខ្ញុំ​ស្នើ​ឲ្យ​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ចុះ​មក​ពិនិត្យ​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ខេត្ត​នេះ​កំពុង​តែ​មាន​បញ្ហា​បាត់បង់​ដី​ព្រៃ​កោងកាង បាត់បង់​ដី​ឆ្នេរសមុទ្រ និង​បាត់បង់​ដី​បឹង​អូរ​ធម្មជាតិ​ផ្សេង​ទៀត ដែល​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​ខ្លះ បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ តាម​រយៈ​មន្ត្រី​ខិលខូច​មួយ​ចំនួន បម្រើ​ការងារ​នៅ​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ចែក​គ្នា និង​លក់​ដី​រដ្ឋ​យ៉ាង​អនាធិបតេយ្យ។ សូម​លោក ជា សុផារ៉ា មេត្តា​ចាត់​វិធានការ និង​វែក​រកមុខ​មន្ត្រី​ខិលខូច ដើម្បី​ឈាន​ដល់​ចាត់​វិធានការ​ឲ្យ​បាន​សម​ស្រប​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​តែងតែ​គោរព​ច្បាប់​ភូមិបាល និង​ច្បាប់​ជាតិ​នានា​បាន​ខ្ជាប់ខ្ជួន»។

បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​បាន​ទទូច​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជួយ​អង្កេត​ទៅ​លើ​ការងារ​របស់​អនុ​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ ក្នុង​តំណែង​បច្ចុប្បន្ន គឺ​លោក ស្រ៊ុន ម៉ាប់ ដែល​កន្លង​មក​ទទួល​បន្ទុក​ការងារ​អភិរក្ស​សុរិយោដី ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ថា​តើ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នៅ​លើ​ដី​ព្រៃ​កោងកាង រាប់​ពាន់​ហិកតារ នៅ​ឃុំ​ទឹកថ្លៃ ស្រុក​ព្រៃនប់ ដែរ ឬ​យ៉ាង​ណា?

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​ស្រុក​ព្រៃនប់ សំណូមពរ​ថា ប្រសិនបើ​រក​ឃើញ​បុគ្គល​ឈ្មោះ ស្រ៊ុន ម៉ាប់ ពិត​ជា​បាន​រួម​ចំណែក​ប្រព្រឹត្តិ​កំហុស​ឆ្គង​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ បំផ្លាញ​ព្រៃ​កោងកាង ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដូច​ការ​ចោទ​ពិត​មែន សូម​ឲ្យ​លោក ជា សុផារ៉ា មាន​វិធានការ​តាម​ច្បាប់ ឬ​ផ្លាស់ប្ដូរ​តួនាទី​បុគ្គល​ដែល​មាន​កំហុស​ឆ្គង​ដើម្បី​ជា​ការ​ព្រមាន និង​ឈាន​ដល់​ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ថ្ងៃ​អនាគត។

​លោក ស្រ៊ុន ម៉ាប់ មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ចោទ​របស់​ប្រជាពលរដ្ឋ​ថា បែប​ណា​នៅ​ឡើយ​ទេ ដោយ​លោក​និយាយ​ខ្លី​ថា កំពុង​ជាប់​រវល់​ប្រជុំ។ បច្ចុប្បន្ន​នេះ លោក ស្រ៊ុន ម៉ាប់ ត្រូវ​បាន​លោក នួន ប៉ុក ជា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ទើប​ទទួល​តំណែង​ថ្មី ប្ដូរ​មក​ឲ្យ​ទទួល​បន្ទុក​ការងារ​អភិរក្ស និង​ជួយ​ពិនិត្យ​តាម​ដាន​ការងារ​នៅ​ក្រុង​ព្រះសីហនុ និង​ស្រុក​កំពង់សីលា ព្រមទាំង​ការងារ​ចុះ​បញ្ជី​ដី​រដ្ឋ និង​ការងារ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​នៅ​សេសសល់។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ទទូច​ដល់​លោក ជា សុផារ៉ា ឲ្យ​ជួយ​ពិនិត្យ​សកម្មភាព​ការងារ​របស់​មន្ត្រី​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ រូប​ណា​ខ្លះ​ដែល​ជួយ​រត់ការ​ឯកសារ​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ហាមឃាត់។

លោក សុខ សុខុម គាំទ្រ​ចំណាត់​ការ​ក្ដៅ​របស់​លោក ជា សុផារ៉ា ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដីធ្លី​ប្រជាពលរដ្ឋ បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «សូម​ស្នើ​ឲ្យ​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី មេត្តា​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ស្រាវជ្រាវ ឬ​ពិនិត្យ​មើល​ទៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ដី​តំបន់​ឆ្នេរ​សមុទ្រ ឬ​ប័ណ្ណ​កម្មសិទ្ធិ ដែល​ពាក់ព័ន្ធ​នឹង​ព្រៃ​លិច​ទឹក ត្រូវ​តែ​លើក​យក​មក​ពិនិត្យ​រក​ឲ្យ​ឃើញ​មូល​ហេតុអ្វី ឬ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នៅ​មន្ទីរ​សុរិយោដី អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ទាំង​ជូន​ឯកជន ហើយ​ត្រូវ​រក​ឲ្យ​ឃើញ​ថា មន្ត្រី​នៅ​ថ្នាក់​​ណា​ខ្លះ​ដែល​ហ៊ាន​យក​ដី​សាធារណៈ​របស់​រដ្ឋ​មក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​មួយ​ចំនួន​នេះ។ សួរ​ថា តើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​គួរ​តែ​មាន​វិធានការ​បែប​ណា ឬ​មួយ​ទុក​ឲ្យ​ប័ណ្ណ​ចេញ​ខុស​ប្រក្រតី​ទាំង​នោះ​ឲ្យ​នៅ​ស្របច្បាប់ ឬ​ក៏​ត្រូវ​លុប​ចោល​ប័ណ្ណ​ទាំង​នោះ ហើយ​រឹបអូស​យក​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ត្រូវ​រំលោភ​ដោយ​ការ​ឃុបឃិត​របស់​មន្ត្រី​ខ្លះ នៅ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ មក​ដាក់​ឲ្យ​រដ្ឋ​គ្រប់គ្រង និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឡើង​វិញ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ក៏​ស្នើ​ឲ្យ​លោក ជា សុផារ៉ា កោះ​ហៅ​លោក សូ សុខ លោក ហ៊ុន ភី អតីត​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ និង​អនុ​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ម៉ាប់ ព្រមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​មក​ឆ្លើយ​បំភ្លឺ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ រួម​មាន ដី​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ចំណី​មាត់​បឹង​ព្រែកទប់ ដី​បឹង​កង្កែប និង​ដី​ព្រៃ​លិច​ទឹក​ជាដើម នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​ផ្ដន្ទាទោស និង​រឹបអូស​ទ្រព្យសម្បត្តិ​ទាំង​នោះ​មក​រដ្ឋ​គ្រប់គ្រង​វិញ៖ «បើសិនជា​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​នៅតែ​បណ្ដោយ​បុគ្គល​នៅ​មន្ទីរ​សុរិយោដី និង​មន្ត្រី​ពាក់​ខ្លះ​បន្ត​ធ្វើ​សកម្ម​ល្មើស​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ មាន​ដី​ព្រៃ​លិច​ទឹក ដី​បឹង​អូរ​ធម្មជាតិ ដី​តំបន់​ឆ្នេរ ដី​ព្រៃ​ភ្នំ ឬ​កោះ​ជាដើម បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់​ទេ។ ខេត្ត​នេះ​នឹង​ត្រូវ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំង​នេះ​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​ខេត្ត​ព្រះសីហនុ ដែល​ជា​ខេត្ត​ទេសចរណ៍ ប្រសិនបើ​បាត់បង់​តំបន់​ឆ្នេរ​ដី​គម្រប​ព្រៃឈើ និង​ដី​ព្រៃ​កោងកាង ជាដើម នឹង​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ជា​មិន​ខាន​នៅ​ថ្ងៃ​អនាគត»។

​ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ​ថ្មី លោក នួន ប៉ុក ហាក់​មាន​ការ​រារែក​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ព្រៃ​លិច​ទឹក ដី​ចំណី​បឹង​អូរ​ធម្មជាតិ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នៅ​ប្រប​ឆ្នេរ​អូរ​ឈើទាល ចេញ​ប្លង់​ដោយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ទេ ដោយ​និយាយ​ខ្លី​ថា ទើប​មក​ទទួល​តំណែង​ថ្មី ក្ដាប់​មិន​ទាន់​ច្បាស់៖ «ការ​ចុះ​បញ្ជី​ប្លង់​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ពេល​កន្លង​មក​ទៅ ខ្ញុំ​មិន​បាន​ចូល​រួម​ទេ»។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​អតីត​អភិបាល​ខេត្ត និង​អតីត​ប្រធាន​មន្ទីរ​សុរិយ​ដី​ខេត្ត​នេះ បាន​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​លិច​ទឹក ដី​ចំណី​មាត់​បឹង ឬ​អូរ​ធម្មជាតិ និង​ដី​ផ្លូវ​ក្រាល​កៅស៊ូ​បន្សល់​ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម​នេះ​ដែរ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ បន្ត​កើត​មាន​ទៀត​ទេ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រះសីហនុ សំដែង​ការ​សោកស្ដាយ និង​ហួសចិត្ត កាល​បើ​សង្កេតឃើញ​ថា រាល់​ថ្ងៃ​នេះ នៅ​មាន​បុគ្គល​ឯកជន មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​បាន​បន្ត​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃឈើ ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ចាក់​លុប​បឹង និង​អូរ​ធម្មជាតិ​ជាដើម បាន​បន្ត​កើត​មាន​អនាធិបតេយ្យ​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ ដោយ​ពួកគេ​សំអាង​ថា មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ទាំង​នោះ។ ពួកគេ​ព្រួយ​បារម្ភ​ថា បើសិនជា​សកម្មភាព​នេះ​នៅ​តែ​បន្ត ហើយ​មន្ត្រី​ដែល​ល្មើសច្បាប់​មិន​ត្រូវ​បាន​ផ្ដន្ទាទោស ទំនង​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​រលាយ​ហិនហោច​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ៕

Viewing all articles
Browse latest Browse all 40045

Trending Articles