ដោយ ហ៊ុំ ចំរើន RFA 2016-06-09
ជនមិនស្គាល់មុខលួចដាក់គ្រាប់បែកបង្កប់ក្នុងដីស្រែរបស់សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ម្នាក់ ដោយមិនដឹងមូលហេតុ។ មន្ត្រីបក្សប្រឆាំងរូបនោះ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបត់ត្រង់ បញ្ជាក់ថា ករណីនេះ ពុំមែនជាការដាក់បង្កប់គ្រាប់បែកដើម្បីគំរាមកំហែងឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកមង្គលបុរី បានប្រតិកម្មភ្លាមៗចំពោះករណីនេះ បន្ទាប់ពីរូបគាត់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងដីស្រែរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៩ មិថុនា។
សមាជិកប្រតិបត្តិគណបក្សប្រឆាំងស្រុកមង្គលបុរី លោក ទួត ឈុំ ឲ្យដឹងថា លោកប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ២គ្រាប់ គឺគ្រាប់បែកដៃមួយគ្រាប់ និងគ្រាប់បេ៤០ (B40) មួយគ្រាប់ ចងផ្អោបគ្នាកប់ក្នុងដីស្រែរបស់លោក នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។ លោកអះអាងថា គ្រាប់ទាំងអស់នេះនៅល្អ ដែលអាចផ្ទុះបានគ្រប់ពេល ប្រសិនបើភ្ជួរដីចំដោយគ្មានការប្រុងប្រយ័ត្ននោះ។ លោកសង្ស័យថា គ្រាប់បែកដាក់បង្កប់នេះ អាចមាន ២ករណី គឺទី១ គំរាមកំហែងរូបលោកជាសកម្មជនគណបក្សសង្គ្រោះជាតិ និងមួយទៀត ដាក់ដើម្បីទម្លាក់កំហុសមកលើរូបលោកនៅពេលគ្រាប់នោះផ្ទុះត្រូវប្រជាពលរដ្ឋនៅពេលភ្ជួរស្រែ៖ «ខ្ញុំសន្និដ្ឋានថា គ្រាប់នេះអាចមានគេលួចយកទៅដាក់បង្កប់ ដើម្បីគោលបំណងអ្វីមួយ។ ខ្ញុំមានការព្រួយបារម្ភណាស់នៅពេលឃើញមានគ្រាប់បែកនៅក្នុងដីបែបនេះ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបត់ត្រង់ លោក ត្រៃ សឹង មានប្រសាសន៍ថា ថ្វីបើគ្រាប់ទាំងពីរនោះមិនទាន់ផ្ទុះក៏ដោយ តែពុំមែនជាការបង្កប់ដើម្បីគំរាមកំហែងសកម្មជនគណបក្សប្រឆាំងឡើយ។ លោកសន្និដ្ឋានថា គ្រាប់នោះប្រហែលជាពលរដ្ឋអ្នករកត្រីបម្រុងយកទៅបោកត្រីក្នុងអូរ ហើយក៏យកទៅបោះចោលកាលពីសម័យសង្គ្រាម៖ «បើថាគេបង្កៃគ្រាប់បែកមិនមែនដូច្នោះទេ ព្រោះពេលបង្កៃគ្រាប់បែកមាននៅស្លាបព្រារបស់វា តែនេះមានតែគ្រាប់ អត់មានស្លាបព្រាទេ។ មានន័យថា គីបរបស់វាខូចហើយ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភួន ឈិន មានប្រសាសន៍ថា សមត្ថកិច្ចជំនាញត្រូវចុះស្រាវជ្រាវរកការពិតឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានមន្ទិលសង្ស័យដោយសារករណីនេះ។ ទោះយ៉ាងនេះក្ដី លោកថាបញ្ហានេះអាចជាការគំរាមកំហែងផ្នែកនយោបាយទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ពីព្រោះមួយរយៈកន្លងមក សកម្មជនគណបក្សនេះបានប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីធ្វើញត្តិសុំអន្តរាគមន៍ទៅព្រះមហាក្សត្រ សុំដោះលែងសកម្មជនការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនគណបក្សប្រឆាំង៖ «អ៊ីចឹងយើងឃើញថា សកម្មភាពបែបនេះនៅខេត្តបន្ទាយមានជ័យ កំពុងកើតមានជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ៊ីចឹងទេ សកម្មជនបក្សប្រឆាំងក្នុងនាមរបស់បក្សដែរនោះ គាត់ក៏អាចប្រឈមមុខនឹងការគំរាមកំហែងបាន»។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ បានបញ្ជូនគ្រាប់បែកដៃ និងគ្រាប់បេ៤០ នោះ ទៅអង្គភាពកម្ចាត់មីនស៊ីម៉ាក់ (CMAC) ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោលកាលពីព្រឹកថ្ងៃទី៩ មិថុនា៕