Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

"កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​នៅ​តែ​មិន​ទាន់​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់"

$
0
0
កុមារ​ដើរ​សុំ​ទាន​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Uon Chhin
ដោយ អ៊ុំ រង្សី RFA 2016-06-10

អ្នក​នយោបាយ​នៅ​ប្រទេស​ជា​ច្រើន និង​នៅ​ប្រទេស​កម្ពុជា តែង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​លើក​ស្ទួយ​សិទ្ធិ​កុមារ​នៅ​រៀងរាល់​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា។ ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​កុមារ ពិសេស​កុមារ​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​តែង​យល់​ថា សិទ្ធិ​សេរីភាព​របស់​ពួកគេ​មិន​ទាន់​ធានា​បាន​គ្រប់គ្រាន់​នៅ​ឡើយ។

តើ​កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ប្រឈម​បញ្ហា​អ្វី​ខ្លះ? តើ​ពួកគេ​ចង់​បាន​អ្វី​ខ្លះ​ពី​រដ្ឋាភិបាល?

កុមារ​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​នៅ​តែ​យល់​ថា សង្គម និង​រដ្ឋ​នៅ​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ពួកគេ​ឱ្យ​បាន​ប្រសើរ​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​លើក​ឡើង​ថា កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ទាំង​ការ​រស់​នៅ និង​ការ​អប់រំ ដែល​មិន​អាច​ឲ្យ​ពួកគេ​ចូល​រួម​ចំណែក​បាន​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

របាយការណ៍​របស់​សមាគម​ធាងត្នោត​ដែល​បាន​បង្ហាញ​ថា កុមារ​រស់​នៅ​ក្នុង​សហគមន៍​ចំនួន ៣៤០​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ គឺ​ពួកគេ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ដូចជា កង្វះ​ខាត​អនាម័យ កង្វះ​ខាត​សេវា​គ្រប់គ្រង កាកសំណល់ និង​ភ្លើងអគ្គិសនី​មិន​មាន​គ្រប់គ្រាន់ និង​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់។ របាយការណ៍​ដដែល​ក៏​បង្ហាញ​ថា កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ នៅ​តែ​ខ្វះ​អាហារ មាន​ភាព​ស្លេកស្លាំង ខ្សោយ​កម្លាំង និង​រៀន​មិន​ពូកែ​ដូច​ក្មេង​ទូទៅ​នោះ​ឡើយ។
ជា​កុមារ​ម្នាក់​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ កុមារា សេង រតនា ព្រួយ​បារម្ភ​ពី​អនាគត​របស់​ខ្លួន និង​កុមារ​ដទៃ​ទៀត​ក្នុង​សហគមន៍​នៅ​តែ​ប្រឈម​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់ កង្វះ​អាហារ​ហូប​ចុក សំរាម​ស្អុយ​រលួយ ទឹក​លិច ល្បែង​ស៊ីសង និង​គ្រឿងញៀន​ជាដើម។ កុមារា​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​កែ​លំអ​បរិស្ថាន​កន្លែង​គេ​រស់​នៅ និង​គិត​ពី​អនាគត​ពួកគេ៖ «បញ្ហា​ខ្ញុំ​ជួប កន្លែង​រស់​នៅ មាន​ភក់ សំរាម ទឹក​ស្អាត ព្រោះ​រាល់​ថ្ងៃ​ពួក​ខ្ញុំ​ប្រើ​ទឹក​ទន្លេ មិន​មាន​អនាម័យ។ នៅ​ហ្នឹង​មាន​ល្បែង​ច្រើន​ណាស់! ខ្ញុំ​បារម្ភ​ថា អនាគត​ពួក​ខ្ញុំ ត្រូវ​បាន​សង្គម​ស្អប់​ខ្ពើម»។

ទន្ទឹម​គ្នា​នេះ ជា​អាណាព្យាបាល​កុមារ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ លោកស្រី រស់ ហ្វីយ៉ាស និយាយ​ដែរ​ថា កុមារ​នៅ​ទីក្រុង​ជា​ច្រើន​ដែល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​មិន​អាច​ទទួល​បាន​ការ​អប់រំ​ពេញ​លេញ​ដូច​កុមារ​ដទៃ​នោះ​ទេ។ ហេតុ​នេះ លោកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​គិតគូរ​បញ្ហា​នេះ​ជា​បន្ទាន់​ផង​ដែរ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​គាត់​ជួយ​កុមារ​នៅ​សហគមន៍​ក្រីក្រ ទាំង​ថវិកា សាលារៀន និង​អ្វី​ក៏ដោយ​ឲ្យ​កុមារ​ចង់​បាន ឲ្យ​ពួកគេ​មាន​សិទ្ធិ និង​អប់រំ​ដូច​ក្មេង​ទូទៅ​ដែរ កុំ​ឲ្យ​ពួកគាត់​ដើរ​ទៅ​រក​ផ្លូវ​ខុស​ច្បាប់​ដែល​បង្ក​អសន្តិសុខ​សង្គម​ទៅ​ថ្ងៃ​ក្រោយ»។

របាយការណ៍​នោះ​ក៏​បញ្ជាក់​ថា កុមារ​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ប្រមាណ ៣២% បាន​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ បណ្ដាល​ឲ្យ​ពួកគេ​កើត​ជំងឺ​ក្រិន មិន​លូតលាស់​រាងកាយ​បាន​ល្អ​ទេ។ បញ្ហា​ក្រិះ​ក្រិន​ដែល​កំពុងតែ​ប្រឈមមុខ​ចំពោះ​កុមារ​ទាំង​ជនបទ និង​ទាំង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​កុមារ ត្រូវ​ការ​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​សហការ​ក្នុង​យុទ្ធនាការ​លុបបំបាត់​បញ្ហា​ប្រឈម​របស់​កុមារ។

ករណី​នេះ​ដែរ ប្រធាន​កម្មវិធី​តស៊ូ​មតិ​នៃ​សមាគម​ធាងត្នោត លោក សឿង សារ៉ន ឲ្យ​ដឹង​ថា កុមារ​នៅ​ក្នុង​សហគមន៍​ក្រីក្រ នៅ​តែ​រង​ទុក្ខ​វេទនា និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ ជាពិសេស ក្រុម​កុមារ​ដែល​គ្មាន​ទីពឹង។ ជាក់ស្ដែង​លោក​ថា កុមារ​ម្នាក់​ក្នុង​ចំណោម ៣​នាក់ ដែល​រស់​នៅ​តាម​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង ក៏​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក។

កុមារ​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ ចូល​រួម​កម្មវិធី​ក្នុង​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ "ទីក្រុង​សម្រាប់​កុមារ” កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Raingsy
លោក សឿង សារ៉ន យល់​ថា បញ្ហា​នេះ​កើត​ឡើង​មក​ពី​កុមារ​ទាំង​នោះ ត្រូវ​បាន​គេ​ផាត់​ចេញ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​នៅ​មាន​កម្រិត ហេតុ​នេះ លោក​ជំរុញ​កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​មិន​ទទួល​បាន​ការ​រស់​នៅ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ៖ «ស្ថានភាព​កុមារ​មាន​ការ​លំបាក ទាំង​បរិស្ថាន​កន្លែង​រស់​នៅ ការ​បៀតបៀន ការ​កេង​ប្រវ័ញ្ច អាហារូបត្ថម្ភ ការ​អប់រំ អសន្តិសុខ និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ ហើយ​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​បញ្ហា ដោយសារ​តែ​សង្គម និង​អាជ្ញាធរ​នាំ​គ្នា​បំភ្លេច​ចោល ទុក​ពួកគេ​ចោល។ ហេតុនេះ សេវា​សាធារណៈ​ផ្សេងៗ គាត់​នឹង​ជួប​ប្រឈម​ហើយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បី​ដឹង​ពី​ចំណាត់​ការ​ទាក់ទិន​នឹង​ស្ថានភាព​រស់នៅ​របស់​កុមារ​នៅ​ទីក្រុង​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។

កាលពី​ទិវា​កុមារ​អន្តរជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ហួត ហៃ ក៏​ទទួល​ស្គាល់​ថា កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​នៅ​តែ​ជួប​បញ្ហា​ប្រឈម។ មន្ត្រី​សាលាក្រុង​រូប​នេះ​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ខំ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុម​កុមារ​ដែល​ងាយ​រង​គ្រោះ ដើម្បី​ឲ្យ​តំបន់​ដែល​ពួកគេ​រស់នៅ​មាន​ភាព​ប្រសើរ​ឡើង។

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មើល​ឃើញ​មូលហេតុ​ដែល​កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​នៅតែ​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុកដាក់​ពេញលេញ ដោយសារ​តែ​កម្ពុជា មិន​ទាន់​មាន​យុទ្ធសាស្ត្រ​ការពារ​កុមារ​បាន​ច្បាស់លាស់ កត្តា​ជីវភាព​របស់​គ្រួសារ​កុមារ​ក្រីក្រ ការ​បណ្ដាញ​ចេញ​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច ខ្វះ​មណ្ឌល​ថែទាំ​កុមារ ខណៈ​កុមារ​កម្ពុជា អាយុ​ក្រោម ១៨​ឆ្នាំ មាន​ជាង ៧៥​ម៉ឺន​នាក់ លំហូរ​គ្រឿងញៀន និង​ជំងឺ​អេដស៍​ជាដើម។

លោក​បណ្ឌិត កែម ឡី យល់​ថា នៅ​ពេល​កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​នៅ​តែ​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សង្គម និង​គ្រួសារ កុមារ​ទាំង​នោះ​នឹង​បោះបង់​ការ​សិក្សា​មាន​កម្រិត​ខ្ពស់ ប្រឈម​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច កម្លាំង​ពលកម្ម ពិសេស​បង្ក​អសន្តិសុខ​សង្គម​ផង​ដែរ៖ «ប៉ះពាល់​ទៅ​សិទ្ធិ​ក្នុង​ការ​ចូលរៀន មួយ​ទៀត​ដោយសារ​តែ​កត្តា​គ្រួសារ និង​កត្តា​សង្គម​ផង មិន​បាន​គិតគូរ​ដល់​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ ងាយ​នឹង​ចាប់​យក​គ្រឿង​ញៀន ត្រូវ​បាន​គេ​ធ្វើ​បាប ឲ្យ​ទៅ​ធ្វើ​ជា​អ្នក​សុំ​ទាន និង​កេង​កម្លាំង​ពលកម្ម​នានា។ នេះ​មក​ពី​កម្ពុជា មិន​ទាន​មាន យុទ្ធសាស្ត្រ​ការពារ​កុមារ​បាន​ច្បាស់លាស់ និង​ប្រព័ន្ធ​ការពារ​សង្គម​ត្រឹមត្រូវ»។

ជា​រៀងរាល់​ឆ្នាំ នា​ទិវា​កុមារ​អន្តរជាតិ ប្រមុខ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​អំពាវនាវ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាណាព្យាបាល ត្រូវ​រួម​គ្នា​ប្រឆាំង និង​ការពារ​ការ​រំលោភ​បំពាន​ ការ​កេង​ប្រវ័ញ្ច​លើ​កុមារ ការ​បង្ខិត​ខំ និង​ប្រឆាំង​រាល់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ដែល​មិន​ទាន​គ្រប់​អាយុ​ជាដើម ដើម្បី​លើក​ស្ទួយ​សិទ្ធិ​កុមារ​កម្ពុជា។ ជាង​នេះ​ទៀត ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ចាត់​ទុក​ថា ការ​ចូលរួម​របស់​កុមារ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សំខាន់​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

យ៉ាង​ណា​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្ទាល់​និង​សហគមន៍​កុមារ​ក្រីក្រ​យល់​ថា ដំណោះស្រាយ​ដល់​មាន​ប្រសិទ្ធភាព​ដល់​កុមារ​រស់​នៅ​សហគមន៍​ក្រីក្រ​ទាំង​នោះ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​មាន​កញ្ចប់​ថវិកា​ធ្វើ​ការងារ​ក្នុង​ការងារ​នេះ ដើម្បី​ធានា​ថា កុមារ​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ទទួល​បាន​ការ​ការពារ​ទៅ​តាម​ច្បាប់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>