Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រៀបចំ​ឯកសារ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​សាធារណៈ​របស់​រដ្ឋ

$
0
0
ដី​មាន​ដុះ​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង របស់​រដ្ឋ​ដែល​ត្រូវ​បុគ្គល​ឯកជន​ចាក់​ដី​លុប​ ដោយ​សំអាង​មាន​ប្លង់​កម្មសិទ្ធិ​ពី​មន្ត្រី​ជំនាញ​នៅ​ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៦ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា RFA 2016-06-10

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​មាន​ដូចជា ដី​ព្រៃ​លិច​ទឹក បឹង ឬ​អូរ​ធម្មជាតិ ដី​តំបន់​ឆ្នេរ និង​ដី​គម្រប​ព្រៃឈើ​ជាដើម ដើម្បី​ទប់ស្កាត់​ការ​រំលោភ​ធ្វើ​កម្មសិទ្ធិ​បុគ្គល។

​មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ នឹង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​សើរើ​រាល់​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ឬ​ឈ្មួញ ដោយ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​នេះ ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ពេល​កន្លង​មក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

អាជ្ញាធរ​នៅ​តាម​ស្រុក ក្រុង ទាំង​៤ នា​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំពង់សីលា ស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ និង​ក្រុង​ព្រះសីហនុ បាន​អះអាង​ថា កំពុង​ត្រៀម​ឯកសារ​ចុះ​បញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​សាធារណៈ​របស់​រដ្ឋ​ដើម្បី​រក្សា​ដី​ទាំង​នោះ​ឲ្យ​បាន​គង់វង្ស។

អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី មាន​ប្រសាសន៍​ថា ការ​ចុះ​បញ្ជី ឬ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ប្រយោជន៍​ទប់​ស្កាត់​ការ​ប៉ុនប៉ង​ការ​រំលោភ​ដី​រដ្ឋ​ពី​សំណាក់​បុគ្គល​មាន​អំណាច ឬ​បុគ្គល​ឯកជន​មួយ​ចំនួន។
​លោក ទិត វុទ្ធី ទទួល​ស្គាល់​ថា កន្លង​មក​ដី​សាធារណៈ​របស់​រដ្ឋ មាន​ដី​ព្រៃ​កោងកាង បឹង ឬ​អូរ​ធម្មជាតិ ដី​គម្រប​ព្រៃឈើ និង​ដី​តំបន់​ឆ្នេរ​ជាដើម​នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ ត្រូវ​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​នេះ​ធ្វើ​ប្លង់​រំលោភ​យក។ ជាង​នេះ នៅ​ពេល​មាន​បណ្ដឹង ឬ​ក្ដីក្ដាំ​នៅ​តុលាការ​ម្ដងៗ ជុំវិញ​ការ​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំង​នេះ គឺ​អាជ្ញាធរ​តែង​ចាញ់​ក្ដី​បុគ្គល​ឯកជន ឬ​ឈ្មួញ​មាន​ទ្រព្យ​ជានិច្ច ព្រោះ​ពួកគេ​សំអាង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំង​នោះ៖ «ខ្ញុំ​បាន​ត្រៀម​ធ្វើ​ប្លង់​ទុក ឲ្យ​តែ​កន្លែង​ណា​របស់​រដ្ឋ បើ​មិន​អ៊ីចឹង​ទេ បើ​គេ​ថា​ជា​ដី​ឯកជន មាន​ដល់​ត្រឹម​ណេះ ត្រឹម​ណោះ ដល់​ពេល​របស់​រដ្ឋ​អត់​មាន​ប្លង់ ដល់​អ៊ីចឹង​គេ​រំលោភ​យក​បន្តិច​ម្ដងៗ ដល់​ប្ដឹងផ្ដល់​ប្ដឹង​មិន​ឈ្នះ​គេ មក​ពី​យើង​មិន​ធ្វើ​ប្លង់...»។

​ដូច​គ្នា​នេះ​ដែរ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ក៏​បាន​អះអាង​ថា បាន​យក​ចិត្ត​ទុក​ដាក់​ការងារ​ចុះ​បញ្ជី​ដីធ្លី​សាធារណៈ​របស់​រដ្ឋ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​សង្កត់​ធ្ងន់​ថា ដរាបណា​រូប​លោក​នៅ​មាន​តួនាទី​ជា​អភិបាល​ក្រុង​ព្រះសីហនុ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បុគ្គល​ណា​មួយ​អាច​មក​រំលោភ​យក​ដី​បឹង ឬ​អូរ​ធម្មជាតិ ធ្វើ​កម្មសិទ្ធិ​ឯកជន​បន្ត​កើត​មាន​ទៀត​ទេ។

អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ស្ថិត​ក្នុង​ចំណោម​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​ទៀត នា​ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​នេះ ក្នុង​ការ​ចុះ​បញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​បឹង អូរ​ធម្មជាតិ តំបន់​ឆ្នេរ តំបន់​ព្រៃ​លិច​ទឹក និង​ដី​គម្រប​ព្រៃឈើ​ជាដើម ដើម្បី​រក្សា​ឲ្យ​គង់វង្ស។

អ្នកស្រី សុធារី បាន​រិះគន់​ថា ក្នុង​ប៉ុន្មាន​អាណត្តិ​ដឹកនាំ​កន្លង​មក ថ្នាក់ដឹកនាំ​ខេត្ត​នេះ​បាន​ឃុបឃិត ឬ​ចែក​ផលប្រយោជន៍​ជាមួយ​ឈ្មួញ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​មាន​អំណាច ឬ​ឈ្មួញ ទៅ​លើ​ដី​ចំណី​មាត់​បឹង ឬ​អូរ​ធម្មជាតិ ដី​តំបន់​ឆ្នេរ ដី​ព្រៃ​កោងកាង និង​ដី​គម្រប​ព្រៃឈើ​ជាដើម ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៖ «ត្រូវ​តែ​ចុះ​បញ្ជី​ទៅ​លើ​ដី​បឹង​ត្រពាំង អូរ ធម្មជាតិ និង​ដី​សាធារណៈ​របស់​រដ្ឋ​ដទៃ​ទៀត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​រំលោភ​បំពាន​ពី​បុគ្គល​ល្មោភ​មួយ​ចំនួន​ទៅ​លើ​ដី​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ»។

​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បាត់បង់​ធនធាន​ធម្មជាតិ ឬ​ដី​សាធារណៈ​របស់​រដ្ឋ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ប៉ុន្មាន​អាណត្តិ​កន្លង​មក គឺ​នៅ​ក្នុង​អាណត្តិ ដែល​លោក ស្បោង សារ៉ាត់ មក​ដឹកនាំ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ។ ពួកគេ​ចោទ​ថា ក្នុង​អំឡុង​ពេល​នេះ លោក ស្បោង សារ៉ាត់ ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ គឺ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ភាគ​ច្រើន​មាន​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដី​ព្រៃ​លិច​ទឹក ដី​តំបន់​ឆ្នេរ និង​ដី​គម្រប​ព្រៃឈើ​ជាដើម គឺ​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ឬ​ឈ្មួញ​មានទ្រព្យ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ ស្ទើរ​វិនាស​ហិនហោច​ទ្រព្យសម្បត្តិ​រដ្ឋ នា​មូលដ្ឋាន​នេះ​រហូតមកដល់​សព្វថ្ងៃ​។
​ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ​តម្រូវ​ឲ្យ​អភិបាល​ស្រុក ក្រុង​ទាំង​៤ ក្រោម​ឱវាទ​ខេត្ត​នេះ ត្រូវ​ចុះ​បញ្ជី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឈាន​ដល់​រៀបចំ​ឯកសារ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន​ស្របច្បាប់ ប្រយោជន៍​ដើម្បី​ការពារ​រាល់​ការ​ប៉ុនប៉ង​ឃុបឃិត​រំលោភ​ទ្រព្យសម្បត្តិ​រដ្ឋ​ពី​បុគ្គល​មួយ​ចំនួន។

​បញ្ហា​នេះ លោក យន្ត មីន បាន​ព្រមាន​ចំពោះ​ថ្នាក់ដឹកនាំ​នៅ​តាម​ស្រុក​ក្រុង​ទាំង​៤ ដែល​មិន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការងារ​ចុះ​បញ្ជី​ដីធ្លី​ទៅ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទាំង​នេះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>