Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​ភូមិ​នៅ​ស្រុក​សូទ្រនិគម​ត្អូញ​រឿង​ថៅកែ​ឡឥដ្ឋ​ចាក់​ដី​បិទ​ផ្លូវ​មិន​ឱ្យ​ឆ្លង​កាត់

$
0
0
ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ក្នុង​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​នាំ​គ្នា​មក​ចោមរោម​ប្រាប់​រឿង​ដែល​ថៅកែ​ឡ​ឥដ្ឋ​យក​អាចម៍​ដី​មក​គរ​បិទ​ផ្លូវ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth
ដោយ ហង្ស សាវយុត RFA 2016-06-11

ភូមិ​ថ្មី ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ឆៀង​ខាង​ត្បូង​ពី​ទី​រួម​ស្រុក​សូទ្រនិគម គឺ​ជា​ភូមិ​មួយ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​រស់​នៅ​លើ​ទំនប់​នៃ​គន្លង​ផ្លូវ​សំពៅ​បុរាណ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ប្រមាណ ៤០​គ្រួសារ នៅ​ក្នុង​ភូមិ​នោះ កំពុង​មាន​កង្វល់ ដោយសារ​តែ​ថៅកែ​ឡឥដ្ឋ ដ៏​ធំ​មួយ​បាន​ជីក​អាចម៍​ដី​យក​មក​ចាក់​បិទ​ផ្លូវ​ខ្ពស់​ដូច​ភ្នំ បណ្ដាល​ឱ្យ​អ្នក​ភូមិ​ថ្មី និង​ភូមិ​ថ្នល់​ដាច់​មិន​អាច​ឆ្លង​កាត់​តាម​ផ្លូវ​ត្រង់​មក​រក​គ្នា​បាន​ទេ។

ប្រជាពលរដ្ឋ​ប្រមាណ ៤០​គ្រួសារ រស់​នៅ​ភូមិ​ថ្មី ឃុំ​កៀនសង្កែ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប គួរ​ចុះ​ទៅ​ពិនិត្យមើល​កំណាត់​ផ្លូវ​ឆ្លង​កាត់​ភូមិ​របស់​ពួកគេ​ដែល​ត្រូវ​ម្ចាស់​ឡឥដ្ឋ ដ៏​មាន​ធនធាន និង​មាន​អំណាច​យក​អាចម៍​ដី​ទៅ​ចាក់​បិទ​មិន​ឱ្យ​អ្នក​ភូមិ​ចេញ​ចូល​រក​គ្នា​បាន​នោះ។

ប្រជាពលរដ្ឋ​និយាយ​ថា ម្ចាស់​ឡឥដ្ឋ​ដ៏​ធំ​មួយ​បាន​ដឹក​ជញ្ជូន​អាចម៍​ដី​មក​ចាក់​គរ​ដូច​ភ្នំ បិទ​កំណាត់​ផ្លូវ​ពី​ភូមិ​ថ្មី ទៅ​ភូមិ​ថ្នល់ដាច់ មិន​ឱ្យ​ចេញចូល​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ។

បុរស​ចំណាស់​ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ថ្មី ជា​ច្រើន​ទៀត គឺ​លោក ស៊ាប រ៉ែម។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រូប​គាត់​ក៏​ដូចជា​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ទៀត ពិបាក​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ថ្មី ទៅ​កាន់​ភូមិ​ថ្នល់​ដាច់ ដែល​នៅ​ជាប់​គ្នា​ណាស់ ជាពិសេស​នៅ​រដូវ​ភ្លៀង​ធ្លាក់។ បុរស​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​ពិបាក​ធ្វើ​ដំណើរ​នេះ ដោយសារ​តែ​ម្ចាស់​ឡឥដ្ឋ ឈ្មោះ សូរ ម៉ុម បាន​យក​អាចម៍​ដី​មក​ចាក់​គរ​ដូច​ភ្នំ បិទ​ផ្លូវ​ត្រង់ ដែល​អ្នក​ភូមិ​ធ្លាប់​ចេញ​ចូល​រក​គ្នា៖ «ដើរ​ក្រវេចក្រវក់​តាម​នេះ​ឯង​ទៅ​វត្ត ចេញ​ទៅ​ថ្នល់​ដាច់ ទៅ​កំពង់ឃ្លាំង​ទៅ​អី​ក៏​ដើរ​ឆ្វែល ក្រង៉ិកក្រង៉ក់​អត់​មាន​ផ្លូវ​ត្រង់។ តែ​បើ​ភ្លៀង​អត់​មាន​ដើរ​រួច​ទេ»។

គំនរ​អាចម៍​ដី​ដែល​ម្ចាស់​ឡ​ឥដ្ឋ សូរ ម៉ុម ចាក់​បិទ​ផ្លូវ​អ្នក​ភូមិ​ថ្មី មិន​ឱ្យ​ឆ្លង​កាត់​ទៅ​ភូមិ​ថ្នល់ដាច់ ក្នុង​ឃុំ​កៀនសង្កែ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០១៦ RFA/Hang Savyouth
បុរស​អ្នក​ភូមិ​ថ្មី​ម្នាក់​ទៀត លោក ម៉ឹង សឿម មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា រយៈពេល​ជិត ២​ឆ្នាំ​ហើយ ដែល​ម្ចាស់​ឡឥដ្ឋ បាន​យក​អាចម៍​ដី​ទៅ​ចាក់​គរ​ខ្ពស់​ដូច​ភ្នំ បិទ​ផ្លូវ​ត្រង់​មិន​ឱ្យ​អ្នក​ភូមិ​របស់​គាត់​ចេញ​ចូល៖ «ពេល​ភ្លៀង​អាចម៍​ដី​ហូរ​មក​ជាប់ បើក​ម៉ូតូ​ក៏​ជាប់ ជិះ​កង់​ក៏​ជាប់ អត់​មាន​បណ្ដើរ​រួច​ទេ មាន​តែ​នាំ​គ្នា​អូស។ អារម្មណ៍​ពេល​នេះ​វា​លំបាក​តានតឹង​ណាស់»។

ក្រុម​អ្នក​ភូមិ​ថ្មី ចង់​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បើក​ផ្លូវ​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​រៃអង្គាស​លុយ​គ្នា​ធ្វើ​ផ្លូវលំ​ឱ្យ​ស្អាត ព្រមទាំង​អាច​ចេញ​ចូល​ទៅ​កាន់​ភូមិ​ថ្នល់​ដាច់​ដែល​នៅ​ជាប់​គ្នា​បាន​ងាយ​ស្រួល​ឡើង​វិញ។

អ្នក​ភូមិ​ថ្មី​អះអាង​ទៀត​ថា រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ ពួកគេ​បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​ផ្លូវ​នោះ ដោយ​ធ្លាប់​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​កៀនសង្កែ និង​អាជ្ញាធរ​ស្រុក​សូទ្រនិគម ឱ្យ​មក​ពិនិត្យ និង​ដោះស្រាយ​ជា​ច្រើន​ដង ក៏ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​ទេ។

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង ម្ចាស់​ឡឥដ្ឋ អ្នកស្រី សូរ ម៉ុម ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ រឿង​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ បាន​ថា យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​មេ​ឃុំ​កៀនសង្កែ លោក ហុង លី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​មិន​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​ដោះស្រាយ​រឿង​ឡឥដ្ឋ ដែល​ចាក់​អាចម៍​ដី​បិទ​ផ្លូវ អ្នក​ភូមិ​ថ្មី​នោះ​ទេ។ លោក​មេ​ឃុំ​អះអាង​ថា ជា​ញឹកញាប់ រូបលោក​តែង​ជួប​ដោះស្រាយ​ជាមួយ​ម្ចាស់​ឡឥដ្ឋ​នោះ ព្រម​ទាំង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​សាលាស្រុក​សូទ្រនិគម ឱ្យ​ជួយ​ដោះស្រាយ​ទៀត​ផង៖ «រឿង​នេះ​ខ្ញុំ​បាន​រុញ​ទៅ​ដល់​ស្រុក​ហើយ ប៉ុន្តែ​មន្ត្រី​សាលាស្រុក​នៅ​ធ្វើ​ការ​សម្រប​សម្រួល​មិន​ទាន់​ចប់។ ម្ចាស់​ឡឥដ្ឋ​បាន​ធ្វើ​ផ្លូវ​វាង​ឱ្យ​ដែរ ប៉ុន្តែ​អ្នក​ស្រុក​គាត់​មិន​ព្រម»។

អភិបាល​ស្រុក​សូទ្រ​និគម លោក ម៉ក់ ប្រុស ឱ្យ​ដឹង​ថា លោក​ធ្លាប់​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដែល​ម្ចាស់​ឡឥដ្ឋ ចាក់​អាចម៍​ដី​បិទ​ផ្លូវ​នោះ​ជា​ច្រើន​ដង ព្រមទាំង​ធ្លាប់​យក​គ្រឿងចក្រ​ទៅ​បម្រុង​ឈូស​អាចម៍​ដី​នោះ បើក​ផ្លូវ​វិញ​ផង ក៏​ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ទៅ​មុខ​ទៀត ត្រូវ​អ្នក​ភូមិ​ជីក​យក​អាចម៍​ដី​ផ្លូវ​សំពៅ​បុរាណ​ទៅ​ធ្វើ​ឡឥដ្ឋ​ជ្រៅ​អស់​ទៅ​ហើយ មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួសជុល​ផ្លូវ​ឱ្យ​ល្អ​បាន​ក៏​ផ្អាក​សិន​ទៅ។

លោក​អភិបាល​ស្រុក​សូទ្រនិគម បញ្ជាក់​ថា តាម​ការ​សាកសួរ​ម្ចាស់​ឡឥដ្ឋ បាន​ឱ្យ​ដឹង​ថា ពី​មុន​មក​គេ​បើក​ផ្លូវត្រង់​ចំពាក់​កណ្ដាល​ឡឥដ្ឋ ឱ្យ​អ្នក​ភូមិ​ឆ្លង​កាត់​មែន ក៏ប៉ុន្តែ​ក្រោយ​មក​ខ្លាចក្រែង​អ្នក​ភូមិ​ណា​មួយ​ប៉ះពាល់​ដល់​របស់​របរ​ឡឥដ្ឋ គេ​ក៏​បិទ​មិន​ឱ្យ​ចេញ​ចូល​តែម្ដង។

ទោះ​ជា​យ៉ាង​ណា អភិបាល​ស្រុក​សូទ្រនិគម លោក ម៉ក់ ប្រុស អះអាង​យ៉ាង​មុតមាំ​ថា នៅ​ពេល​ខាង​មុខ​ប្រសិនបើ​សាលាខេត្ត​សៀមរាប ឬ​ក៏​សាលាស្រុក​សូទ្រនិគម មាន​ថវិកា​សម្រាប់​ធ្វើ​ផ្លូវ​ឱ្យ​គ្រប់គ្រាន់ គឺ​អាជ្ញាធរ​ស្រុក​នឹង​បញ្ជា​ឱ្យ​ម្ចាស់​ឡឥដ្ឋ​បើក​ផ្លូវ​នោះ​វិញ ដើម្បី​ធ្វើ​ផ្លូវ​ឱ្យ​ល្អ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ៖ «ខ្ញុំ​ចង់​និយាយ​ថា ឥឡូវ​មាន​ផ្លូវ​ដើរ​ទាំង​សងខាង ម្ចាស់​ឡឥដ្ឋ​ឈូស​ផ្លូវ​ឱ្យ​ដើរ​សិន​ហើយ យើង​ដើរ​សិន​ទៅ ចាំ​មាន​មូលនិធិ ឬ​ក៏​យើង​អាច​ស្នើ​សុំ​ទៅ​ខាង​ខេត្ត ឱ្យ​មក​ធ្វើ​ផ្លូវ​បាន​ចាំ​យើង​បើក ពីព្រោះ​បច្ចុប្បន្ន​ផ្លូវ​នេះ បើ​ធ្វើ​គឺ​ហួស​ពី​សមត្ថភាព​ថវិកា​របស់​ឃុំ​ហើយ»។

​ក្រុម​អ្នក​ជំនាញ​ខាង​អភិរក្ស​សម្បត្តិ​វប្បធម៌ យល់​ឃើញ​ថា នៅ​ភូមិ​ថ្មី នៃ​ឃុំ​កៀនសង្កែ បើ​ទោះ​បី​ជា​អាជ្ញាធរ​អាច​បើក​ផ្លូវ​ដែល​ម្ចាស់​ឡឥដ្ឋ​បិទ​នោះ​ក៏ដោយ ក៏​នៅ​ពេល​ខាង​មុខ​នឹង​មាន​ជួប​បញ្ហា​ខ្លះ​ទៀត ពីព្រោះ​តែ​ភូមិ​នោះ បាន​ស្ថិត​នៅ​លើ​ទីតាំង​ទំនប់​នៃ​គន្លង​ផ្លូវ​សំពៅ​បុរាណ កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា លោក​មិន​ធ្លាប់​បាន​ទៅ​ឃើញ​គន្លង​សំពៅ​បុរាណ​នោះ​ទេ ប៉ុន្តែ​លោក​ពន្យល់​ថា រាល់​កន្លែង​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បុរាណវិទ្យា​ត្រូវ​ស្រាវជ្រាវ ឱ្យ​តែ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​សៀមរាប គឺ​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>