ដោយ ម៉ម មុនីរតន៍ RFA 2016-06-11
ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ ចំនួន ២ឃុំនៅ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានទំនាស់ដីជាមួយក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា (Canada)។ ពួកគេចោទប្រកាន់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិរុករករ៉ែមាសក្នុងស្រុកអូរយ៉ាដាវនេះ មិនត្រឹមតែធ្វើឲ្យបាត់បង់ដីចម្ការវិលជុំ ដីព្រៃកប់ខ្មោច និងធ្វើឲ្យប៉ះពាល់ប្រពៃណីដើមប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាននៅក្នុងសហគមន៍ទាំងនេះថែមទៀតផង ប៉ុន្តែភាគីក្រុមហ៊ុនបានច្រានចោលការចោទប្រកាន់នេះ។
សំឡេងពលរដ្ឋ៖ «យ៉ាងម៉េចចំពោះខ្ញុំថាហាមហ្នឹងហើយ មិនឲ្យតវ៉ា។ បើតវ៉ាៗ សហគមន៍រឹតតែច្រើនៗទៅ អស់ដីធ្វើម៉េច...»។
មកដល់ពេលនេះ ទំនាស់ដីចំនួន ២ទីតាំងក្នុងឃុំ២ ដាច់ដោយឡែកពីគ្នា នៃស្រុកអូរយ៉ាដាវ ដែលក្រុមហ៊ុន អង្គរ ហ្គោល ចុះប្រតិបត្តិការ ក្រោយពីទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសកំពុងក្លាយជាវិបត្តិដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ជាមួយក្រុមសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ។
ប្រធានសហគមន៍លោក សេវ ហ្លិត អះអាងកាលពីថ្ងៃទី២៥ ខែឧសភា ថា ពួកគេមិនព្រមចុះចាញ់ក្រុមហ៊ុនដែលកំពុងរុករករ៉ែមាសនៅក្នុងសហគមន៍របស់ខ្លួនឡើយ។
ស្ថិតក្នុងវ័យប្រមាណ ៤៧ឆ្នាំ លោក សេវ ហ្លិត ថ្លែងថា ការបាត់បង់ដីព្រៃ និងដីចម្ការវិលជុំ គឺស្មើបាត់បង់ជីវិតយ៉ាងដូច្នោះដែរ។ រស់នៅភូមិប្លង់ ឃុំប៉ាតេ ប្រធានសហគមន៍ជនជាតិដើមភាគតិចរូបនេះយល់ឃើញថា បញ្ហារបស់ពួកគាត់មិនត្រឹមតែប៉ះពាល់មិនល្អដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកើតភាពវឹកវរនៅក្នុងសហគមន៍ ដូចជាចោរលួច ឬចោរប្លន់ជាដើម៖ «ម្នាក់ខ្ញុំ ខ្ញុំអត់ដឹងទេ។ តាមឭអ្នកភូមិនិយាយថា ដាច់ខាតឥតទេ។ បើឲ្យធ្វើហ្នឹងដូចគេសម្លាប់ចោលដែរ។ ប្រជាពលរដ្ឋក្នុងភូមិនេះអត់បានដី អ្នកភូមិនេះគាត់ចេះលក់ដូរអី រកមុខរបរអី»។
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន ១០៤គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយការវិនិយោគ។ បើទោះជាបែបណា ពុំមានព័ត៌មានលម្អិត និងទំហំជាក់លាក់នៃផ្ទៃដីដែលរងផលប៉ះពាល់ដោយការធ្វើអាជីវកម្មរ៉ែមាសដោយក្រុមហ៊ុន អង្គរ ហ្គោល នេះឡើយ។
ដោយឡែកនៅក្នុងសហគមន៍មួយផ្សេងទៀត ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឃុំប៉ាតេនេះ ក៏មានបញ្ហាដូចគ្នាពីការវិនិយោគរុករករ៉ែមាស ដោយក្រុមក្រុមហ៊ុន អង្គរ ហ្គោល នេះដែរ។
ប្រជាពលរដ្ឋភូមិពាក់ ឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ ប្រមាណ ១៨គ្រួសារ ដែលមានវិវាទដីចំនួន ១.២០០ហិកតារ ត្អូញត្អែរថា ក្រោយការចូលធ្វើអាជីវកម្មរបស់ក្រុមហ៊ុន អង្គរ ហ្គោល ចាប់ពីឆ្នាំ២០១០ មក ជនជាតិដើមភាគតិចចារ៉ាយ បាត់បង់មុខរបរ និងប្រឈមបញ្ហាជីវភាព ជាពិសេសការធ្វើអាជីវកម្មរ៉ែមាសនេះ ជះឥទ្ធិពលកាន់តែអាក្រក់ទៅដល់ប្រពៃណីដើម អស់ព្រៃអារក្ស និងដីចម្ការវិលជុំជាដើម។
មានវ័យប្រមាណ ៦៦ឆ្នាំ ព្រឹទ្ធាចារ្យនៅក្នុងសហគមន៍ឃុំយ៉ាទុង លោក សេវ ហ្វុន ឲ្យដឹងថា សម្រាប់ជនជាតិភាគតិច គឺមិនងាយនឹងទទួលយកបានឡើយនូវវប្បធម៌ថ្មីតាមរយៈការវិនិយោគនេះ។ លោកបន្តថា ការប្រើប្រាស់ឡាន ម៉ូតូ និងមានទីផ្សារទំនើបផង គឺពុំមែនជាជម្រើសរបស់ជនជាតិដើមភាគតិចទេ។ បន្ថែមពីលើនេះ អ្វីដែលពួកគេត្រូវការជាចាំបាច់នោះ គឺការរក្សានូវប្រពៃណីដើម និងទម្រង់នៃវប្បធម៌ ជំនឿសាសនា ព្រមទាំងការប្រកបមុខរបរតាមទម្លាប់ចាស់ប៉ុណ្ណោះ៖ «យើងរស់នៅរស់នៅពីព្រៃ បើអត់ព្រៃគឺអត់បានទេ។ តាំងដើមធ្លាប់រកសត្វសំពោច ឆ្មាបាអី និងជ្រូកអីបានតិចតួចទៅ គ្រាន់បានចិញ្ចឹមគ្រួសារ»។
សព្វថ្ងៃក្រុមហ៊ុន អង្គរ ហ្គោល នេះ បានលក់អាជ្ញាប័ណ្ណទាំងពីរទីតាំង គឺសហគមន៍ឃុំយ៉ាទុង និងឃុំប៉ាតេ បន្តឲ្យទៅក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុន មេស្កូ ហ្គូល (Mesco Gold) របស់ប្រទេសឥណ្ឌា វិញម្ដង ក្នុងប្រតិបត្តិការធ្វើអាជីវកម្មរ៉ែមាសនេះ។
តំណាងក្រុមហ៊ុន មេស្កូ ហ្គោល ដែលជាជនជាតិឥណ្ឌា ពន្យល់ថា សព្វថ្ងៃនេះក្រុមហ៊ុនខ្លួនកំពុងនៅទ្រឹងនៅឡើយ ពោលនៅរង់ចាំអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងប្រតិបត្តិការធ្វើអាជីវកម្មនេះ។
ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន មេស្កូ ហ្គោល លោក ហាស វីស្យាម៉ា (Harsh V Sharma) និយាយថា ក្រុមហ៊ុនរបស់លោកពុំរឹតត្បិតសេរីភាព និងពុំធ្វើអាជីវកម្មដោយអាថ៌កំបាំង ដូចព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។
លោកបន្តថា ក្រុមហ៊ុន មេស្កូ ហ្គោល ក្រៅពីបានផ្ដល់សំណងដល់សហគមន៍ក្នុងមួយគ្រួសារចំនួន ១.៥០០ដុល្លារហើយ ថែមទាំងពួកគេអាចបម្រើការឲ្យក្រុមហ៊ុនបានថែមទៀតផង ជាពិសេសពលរដ្ឋនៅក្នុងសហគមន៍ ដែលកំពុងរស់នៅជុំវិញបរិវេណក្រុមហ៊ុនសព្វថ្ងៃ៖ «មានពាក្យចចាមអារ៉ាមថា យើងធ្វើការដោយគាប់សង្កត់សហគមន៍ នោះគឺមិនត្រឹមត្រូវឡើយ។ អាជីវកម្មរបស់ពួកយើង ត្រូវមានការចូលរួមពីពលរដ្ឋនៅក្នុងសហគមន៍ជាចាំបាច់»។
អង្គការផ្នែកសិទ្ធិមនុស្សមួយចំនួននៅក្នុងតំបន់ មានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ជាដើម យល់ឃើញថា ទាំងក្រុមហ៊ុន អង្គរ ហ្គោល និងក្រុមហ៊ុន មេស្កូ ហ្គោល ហាក់មានភាពបើកទូលាយច្រើន ក្នុងការចរចាជាមួយសហគមន៍ បើប្រៀបនឹងក្រុមហ៊ុនដទៃទៀត។
តាមគម្រោង ក្រុមហ៊ុន មេស្កូ ហ្គោល ដែលទទួលសិទ្ធិបន្តពីក្រុមហ៊ុន អង្គរ ហ្គោល អាចនឹងត្រូវចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសក្នុងខែមិថុនា នេះ។ បន្ទាប់ពីទទួលសិទ្ធិធ្វើអាជីវកម្មបន្តក្រោយឆ្នាំ២០១៣ ពីក្រុមហ៊ុន អង្គរ ហ្គោល នេះ ក្រុមហ៊ុន មេស្កូ ហ្គោល អាចនឹងត្រូវការកម្លាំងពលកម្មប្រមាណ ៤០០នាក់ ក្នុងចំណោមនោះ អាចមាន ៤០ ទៅ ៥០នាក់ ជាអ្នកបច្ចេកទេសជនជាតិឥណ្ឌា។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៊ី វ៉ាន់នី យល់ឃើញថា ក្រុមហ៊ុនទាំងពីរចាប់តាំងពីផ្ដើមធ្វើអាជីវកម្មមក គឺមានការបើកទូលាយ និងមានតម្លាភាពក្នុងការពិគ្រោះយោបល់ជាមួយសហគមន៍។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនកម្រឃើញបំពានរាល់ពេលមានប្រតិកម្មពីពលរដ្ឋ៖ «សម្រាប់ខ្ញុំចាប់ពីធ្វើការមក ចាប់ពីឆ្នាំ២០១៥ ខែឧសភា រហូតមកដល់ពេលនេះ ខ្ញុំឃើញក្រុមហ៊ុនហ្នឹងអត់ទាន់បានរំលោភបំពានទៅលើដីប្រជាពលរដ្ឋណាមួយទេ។ រយៈពេលដែលខ្ញុំធ្វើមួយឆ្នាំនេះ អត់មានឃើញក្រុមហ៊ុនហ្នឹងរំលោភទៅលើដីប្រជាពលរដ្ឋទេ»។
ជុំវិញបញ្ហានេះ តំណាងក្រុមហ៊ុន អង្គរ ហ្គោល របស់ប្រទេសកាណាដា ដែលមានទីតាំងនៅខេត្តរតនគិរី លោក ម៉ា សំអាត ថ្លែងថា ក្រុមហ៊ុនដែលទទួលសិទ្ធិរុករករ៉ែមាសនេះ រង់ចាំសហការជាមួយសហគមន៍ជានិច្ចក្នុងការស្វែងរកដំណោះស្រាយ។
បើទោះជាបែបណា ក្រុមសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ដែលអះអាងថា ទទួលរងផលប៉ះពាល់ពីការធ្វើអាជីវកម្មរ៉ែមាសនេះ បញ្ជាក់ជំហរថា ពួកគេនៅតែមិនអាចទទួលយកបានឡើយ រាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនទាំងពីរនេះផង។ ពួកគេយល់ឃើញថា មានតែការប្រកបមុខរបរតាមទម្លាប់ក្នុងអតីតកាលប៉ុណ្ណោះ ដែលជាជម្រើសហើយការបង្ខំឲ្យទទួលយកការកែទម្រង់ថ្មី តាមវិធីសាស្ត្រទំនើបយ៉ាងណាក្តី វាជាការបំបិទសិទ្ធិសេរីភាព និងកំហិតជីវភាពរស់នៅរបស់ក្រុមសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ទៅវិញទេ៕