ដោយ សូត សុខប្រាថ្នា RFA 2016-06-11
ស្ពានឫស្សី ឬស្ពានប្រដឹស នៅខេត្តកំពង់ចាម ដែលធ្វើសម្រាប់ឆ្លងកាត់ទន្លេមេគង្គ ពីក្រុងកំពង់ចាម ទៅកាន់ទឹកដីកោះមួយចំនួនរួមមានកោះប៉ែន កោះមិត្ត កោះព្រលូង កោះសូទិន ជាដើម។ ស្ពានមួយនេះ បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋដីកោះ និងដីគោក អាចឆ្លងកាត់ទៅវិញទៅមក ម្យ៉ាងប្រយោជន៍មួយផ្នែកទៀត គឺអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តទៀតផង។
តើស្ពានឫស្សី ឬស្ពានប្រដឹសនេះ មានប្រវត្តិយ៉ាងដូចម្ដេចខ្លះ?
ស្ពានឫស្សី ដែលមើលទៅមានប្រវែងដាច់កន្ទុយភ្នែក សម្រាប់ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋដីគោក និងពលរដ្ឋរស់នៅដីកោះ ក្នុងទឹកដីខេត្តកំពង់ចាម។
ស្ពាននេះ មានប្រវែងជិត ១ពាន់ម៉ែត្រ កសាងឡើងសម្រាប់ឆ្លងកាត់នៅរដូវប្រាំង ហើយរដូវវស្សាត្រូវជំនួសដោយទូកដ ឬសាឡាង។ ស្ពានឫស្សី មិនត្រឹមតែសម្រាប់ភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ដើម្បីសម្រួលដល់ពលរដ្ឋរស់នៅទឹកដីស្រុកកំពង់សៀម និងស្រុកកោះសូទិន ប៉ុណ្ណោះទេ ប៉ុន្តែវាជួយដល់អ្នកទេសចរធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គនៅរដូវប្រាំង ទៅលេងនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទៀតផង។
ម្ចាស់កំពង់ចម្លងកោះប៉ែន លោក យ៉ុង អូន មានប្រសាសន៍ថា ស្ពានឫស្សីនេះ ត្រូវបានអ្នកស្រុកបង្កើតឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមក។ លោកបន្តថា មូលហេតុនាំឱ្យខ្មែរជំនាន់នោះបង្កើតឡើង ព្រោះទីតាំងឆ្លងកាត់ពីក្រុងកំពង់ចាម ទៅកាន់ដីកោះ គឺអាចឆ្លងទូកបានតែនៅរដូវវស្សាប៉ុណ្ណោះ រីឯរដូវប្រាំង មានខ្សាច់ដុះកាន់តែច្រើន ធ្វើឱ្យទូកមិនអាចបើកឆ្លងកាត់បាន។
លោកបន្តថា មូលហេតុនេះហើយដែលនាំឱ្យខ្មែរជំនាន់នោះបង្កើតជាគំនិតច្នៃប្រឌិត ដោយប្រើឫស្សីធ្វើជាស្ពានបែបនេះឡើង៖ «នៅឆ្នាំ១៩៦០ ប្លាយហ្នឹង វាមានលក្ខណៈទ្រង់ទ្រាយតូចដោយសារប្រដឹសនេះ វាធ្វើជំនួសទូកដ ព្រោះថា ទឹកស្រកទៅវាចម្លងទូកអត់កើត»។
លោកបន្ថែមទៀតថា ស្ពានឫស្សី ឬស្ពានប្រដឹស មិនមានវត្តមានឡើយនៅក្នុងសម័យខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យទេ ហើយស្ពាននេះ ចាប់មានកំណើតឡើងវិញនៅក្រោយរបបនេះដួលរលំនៅឆ្នាំ១៩៧៩។
ស្ពានឫស្សី មានប្រវែងប្រមាណ ៨០០ ទៅ ៩០០ម៉ែត្រ។ ស្ពាននេះ ធ្វើឡើងអំពីឫស្សីក្រង ឬត្បាញភ្ជាប់គ្នា ព្រមទាំងមានជន្ទល់ ឬជើងស្ពានយ៉ាងញឹកស្អេកប្រៀបដូចជើងសត្វក្អែប ហើយចងភ្ជាប់គ្នាដោយខ្សែលួស។ ស្ពានប្រដឹស ត្រូវចំណាយឫស្សីប្រមាណ ៤ម៉ឺនដើម ហើយឫស្សីទាំងនោះជារៀងរាល់ឆ្នាំម្ចាស់កំពង់ចម្លងត្រូវទិញឫស្សីព្រៃ ពីខេត្តក្រចេះ។ តាមបណ្ដោយស្ពាននៅពេលយប់ មានដាក់ជាអំពូលភ្លើងមួយៗ ដើម្បីបំភ្លឺដល់អ្នកធ្វើដំណើរផងដែរ។
លោក យ៉ុង អូន បញ្ជាក់ថា នៅពេលរដូវវស្សាចូលមកដល់ ស្ពានឫស្សីនេះ ត្រូវបានលោករុះរើទុកសម្រាប់ប្រើប្រាស់ឆ្នាំក្រោយទៀត ប៉ុន្តែលោកត្រូវទិញឫស្សីថ្មីចំនួន ៣ម៉ឺនដើមបន្ថែមជារៀងរាល់ឆ្នាំ។ លោកថា ស្ពាននេះចាប់ផ្ដើមកសាងនៅខែវិច្ឆិកា និងខែធ្នូ ហើយដាក់ប្រើប្រាស់នៅខែមករា រហូតដល់ខែមិថុនា ទើបត្រូវរុះរើចេញវិញ ព្រោះជារដូវទឹកឡើង ហើយត្រូវជំនួសដោយទូកដដឹកអ្នកដំណើរឆ្លងកាត់ទន្លេមេគង្គវិញ។
លោកឱ្យដឹងថា ទឹកប្រាក់ចំណាយលើការទិញឫស្សី និងការកសាងស្ពានឡើង គឺត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់អំពីអត្ថប្រយោជន៍ស្ពានឫស្សីដូច្នេះថា៖ «ឆ្លងទូក ខែទូកឆ្លងទម្រាំបាន វាយឺត ហើយវារតេតរតូត មានការធ្លាក់ទឹកធ្លាក់អ៊ីចឹងទៅ។ ចំណែកស្ពានប្រដឹសនេះ ឆ្លងទៅដោយរហ័ស ទាន់ចិត្ត ហើយចង់ទៅថ្មើរណាទៅថ្មើរហ្នឹង»។
ចំពោះតម្លៃឆ្លងកាត់ស្ពានមួយលើកសម្រាប់មនុស្សម្នាក់ ៤០០រៀល កង់ ១គ្រឿង ២០០រៀល ម៉ូតូ ១គ្រឿង ៥០០រៀល រទេះសេះ និងសេះ ២.០០០រៀល រថយន្តធុនមធ្យម ១ម៉ឺនរៀល រថយន្តធុនតូចតម្លៃ ៦.០០០រៀល។ ចំណែកមន្ត្រីរាជការ និងសិស្សសាលាមិនយកតម្លៃមនុស្សឆ្លងកាត់ទេ ប៉ុន្តែត្រូវបង់ថ្លៃកង់ ឬម៉ូតូ ក្នុងពេលធ្វើដំណើរម្តងៗ។
ទាក់ទងស្ពានឫស្សីនេះដែរ គេហទំព័របរទេសមួយឈ្មោះ ឌីស្ទីណេសិន ធិប (Destination Tips) ដែលនិយាយអំពីស្ពានដែលគួរឱ្យខ្លាចបំផុតនៅលើពិភពលោកទាំង ១៥ ក្នុងនោះ ក៏មានស្ពានឫស្សីនៅខេត្តកំពង់ចាម ផងដែរ ដោយភ្ជាប់ជាមួយរូបភាព។ ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានយ៉ាងច្រើនកុះករ អាចទំនងជារូបភាពពលរដ្ឋឆ្លងកាត់នៅរដូវបុណ្យឆ្នាំខ្មែរ។
លោក យ៉ុង អូន បញ្ជាក់ថា តាំងពីពេលលោកទទួលសិទ្ធិវិនិយោគ ព្រមទាំងជំនាន់មុនៗ លោកទៅទៀតនោះ ការធ្វើដំណើរឆ្លងកាត់លើស្ពានឫស្សី គឺមិនធ្លាប់មានអ្នកគ្រោះថ្នាក់ឡើយ ហើយខាងលោកតែងដើរពិនិត្យស្ថានភាពស្ពានរហូត។
ម្ចាស់អាជីវកម្មកំពង់ចម្លងរូបនេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋកាលពីឆ្នាំ២០០៤ ហើយនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅឆ្នាំ២០១៩ ខាងមុខ។ ស្ពានប្រដឹស នឹងមិនសូវមានអ្នកឆ្លងកាត់ដូចមុនទៀតទេ បន្ទាប់ពីមានស្ពានថ្មនៅក្បែរនោះកសាងរួច។
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរស់នៅដីគោក និងដីកោះ តែងធ្វើដំណើរឆ្លងកាត់ស្ពានឫស្សី ទៅមក រួមមានសិស្សសាលាមករៀននៅក្រុងកំពង់ចាម អ្នកភូមិដឹកកសិផលកសិកម្មដូចជា ថ្នាំជក់ ពោត ល្ង និងផ្លែឈើហូបផ្លែមកលក់នៅក្រុងកំពង់ចាម ជាដើម។ ម្ចាស់អាជីវកម្មកំពង់ចម្លងដដែលអះអាងថា តម្លៃមានក្នុងតារាងកំណត់ច្បាស់លាស់ ដោយមិនអាចយកលើសបានទេ ប៉ុន្តែពលរដ្ឋធ្វើដំណើរខ្លះលើកឡើងថា តម្លៃជាក់ស្ដែងអាចខុសគ្នា ១០០ ឬ ២០០រៀលដែរ។
ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋនៅឃុំកោះមិត្ត មួយរូប លោក ហង្ស ស៊ីផាត មានប្រសាសន៍ថា ពួកគាត់រស់នៅលើដីកោះ មិនសោកស្ដាយឡើយនៅពេលស្ពាននេះ ត្រូវបានបាត់បង់ ពីព្រោះអ្នកភូមិចង់បានស្ពានថ្ម ដើម្បីធ្វើដំណើរ ពីព្រោះវាងាយស្រួលជាងឆ្លងស្ពានឫស្សី និងមានសុវត្ថិភាពជាង។
លោកថា បើនៅរដូវវស្សាផង ការធ្វើដំណើរកាន់តែពិបាកសម្រាប់ពលរដ្ឋឆ្លងកាត់ទៅមកថែមទៀត៖ «អ្នកស្រុកអ្នកភូមិចង់បានស្ពានថ្ម ព្រោះវាងាយ ហើយវាធូរថវិកា ហើយវាបើបានផលិតនៅក្នុងស្រុកគេ មកទិញដល់កន្លែង»។
ប្រភពដដែលចង់ឱ្យអាជ្ញាធរខេត្តពន្លឿនការកសាងស្ពានថ្ម ឱ្យបានឆាប់រហ័ស ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
តាមគម្រោងស្ពានថ្ម ដែលភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ នឹងកសាងបញ្ចប់នៅឆ្នាំ២០១៧។ ស្ពានថ្មថ្មីនោះ គឺមានឈ្មោះថា ស្ពានកំពង់ឆៃវ៉ាត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុន មានប្រសាសន៍ថា បើទោះបីជាស្ពានថ្មថ្មីនឹងជំនួសការធ្វើដំណើរលើស្ពានឫស្សីក៏ដោយ ប៉ុន្តែគម្រោងស្ពានឫស្សីនឹងត្រូវកសាងឡើងនៅរដូវប្រាំងដដែល ពីព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរ ធ្វើដំណើរពីក្រុងកំពង់ចាម ទៅកាន់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។
ជាមួយគ្នានេះ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម លោក ជីម លាវ បញ្ជាក់ថា អាជ្ញាធរនៅតែកសាងស្ពានឫស្សីនេះដដែល ពីព្រោះវាជាស្ពានប្រពៃណី ម្យ៉ាងជាស្ពានប្រវត្តិសាស្ត្រប្រចាំខេត្តមួយនេះផង។ លោកបន្តថា ស្ពានឫស្សី បានជួយឱ្យប្រជាពលរដ្ឋដីកោះ និងពលរដ្ឋដីគោក មានទំនាក់ទំនងល្អជាមួយគ្នា ហើយស្ពាននេះមិនដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទេ ប៉ុន្តែជាចំណែកមួយទាក់ទាញភ្ញៀវទេសចរណ៍ផង៖ «គេទៅលេងសមុទ្រកំពង់សោម គេមកងូតទឹកសាបទៀត ប៉ុន្តែនៅឆ្នេរខ្សាច់កោះប៉ែននេះ គេងូតទឹកហើយ មិនបាច់ងូតទឹកសាបទៀតទេ ព្រោះទឹកស្អាតល្អណាស់»។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជនដីកោះ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ខាងអាជ្ញាធរខេត្តបានជំរុញឱ្យកង វិស្វកម្មទាំងនោះ ពន្លឿនការសាងសង់ស្ពានថ្មថ្មី ឱ្យបានឆាប់រហ័ស។ លោកអះអាងថា តាមគម្រោងស្ពានថ្មថ្មី នឹងអាចដាក់សម្ពោធនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ២០១៧ ពីព្រោះបច្ចុប្បន្នស្ពានថ្មនេះ កសាងសម្រេចបានប្រមាណ ៧០ភាគរយហើយ៕