Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ខេត្ត​ស្វាយរៀង​ស្នើ​អាជ្ញាធរ​ជួយ​បញ្ឈប់​ការ​ជួល​ដី​កសិកម្ម​ឲ្យ​វៀតណាម

Image may be NSFW.
Clik here to view.
ត្រាក់ទ័រ​របស់​ជនជាតិ​វៀតណាម កំពុង​ភ្ជួរ​ដី​ស្រែ​ដែល​ជួល​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Yeang Socheameta


ដោយ ថា កិត្យា RFA 2016-08-16

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ជួល​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​ទៅ​ជនជាតិ​វៀតណាម។ ចំណែក​អភិបាល​ខេត្ត​សន្យា​ថា នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដោះស្រាយ​ករណី​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​នេះ​ម្តង​ទៀត ព្រោះ​កន្លង​មក​លោក​ធ្លាប់​បញ្ជា​ឲ្យ​បិទ​រួច​ហើយ។

ការ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​ជួយ​បញ្ឈប់​ការ​ជួយ​ដី​កសិកម្ម​នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង មើល​ឃើញ​ថា ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ចូល​មក​ជួល​ដី​ខ្មែរ​ធ្វើ​ដំណាំ​កសិកម្ម​កាន់​តែ​ច្រើន បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ឲ្យ​បញ្ឈប់​រួច​ទៅ​ហើយ​ក្តី។

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​រៀបរាប់​ថា មូលហេតុ​ដែល​ពួក​គាត់​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ជួល​ដី​ទៅ​វៀតណាម នោះ ដោយសារ​ពួក​គាត់​បារម្ភ​ខ្លាច​បាត់បង់​បូរណភាព​ទឹក​ដី។ ម្យ៉ាង​វិញ​ទៀត ពួក​គាត់​សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម បាន​បាញ់​ថ្នាំ​បណ្ដាល​ឲ្យ​គោ​ក្របី​របស់​ពួក​គាត់​ស៊ី​ស្មៅ​ស្លាប់​ជា​បន្តបន្ទាប់៖ «នៅ​ពេល​ជនជាតិ​វៀតណាម ធ្វើ​ស្រែ​ទៅ​វា​ពិបាក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ព្រោះ​ពួក​គេ​បាន​បាញ់​ថ្នាំ​សម្លាប់​ស្មៅ។ អ៊ីចឹង​ក្របី​គោ​ស៊ី​ទៅ​វា​ងាប់។ នៅ​ឃុំ​ប្រាសាទ នេះ ងាប់​ជាង ១០០​ក្បាល​ហើយ។ ដូច្នេះ​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​វៀតណាម ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ​តែ​ម្តង។ ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ​ថា ខ្លាច​វៀតណាម ធ្វើ​ស្រែ​យូរៗ​ទៅ​ថា​ដី​វា​មែន ព្រោះ​កូន​ចៅ​ជំនាន់​ក្រោយ​ធ្វើ​ម៉េច​ដឹង? ពេល​រឿង​នេះ​កើត​ឡើង ប្រជាពលរដ្ឋ​ប្ដឹង​មេ​ភូមិ​មេ​ឃុំ​ទៅ ប៉ុន្តែ​ពួក​គាត់​ធ្វើ​អត់​ដឹង​អត់​ឮ»។

ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​សង្កាត់​ប្រាសាទ បាន​ចង្អុល​បង្ហាញ​ថា ដី​ដែល​វៀតណាម ជួល​ធ្វើ​កសិកម្ម​នោះ គឺ​មាន​ប្រមាណ ២០០​ហិកតារ ដែល​លាត​សន្ធឹង​ចេញ​ពី​បង្គោល​ព្រំដែន​លេខ​១៧៣ ប្រមាណ ២​គីឡូម៉ែត្រ។ គាត់​បន្ថែម​ថា ការ​ដែល​បណ្តែតបណ្តោយ​ឲ្យ​វៀតណាម ជួល​ដី គឺ​ផ្ទុយ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​នេះ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​បូរណភាព​ទឹក​ដី។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម នោះ​រៀបរាប់​ថា ភាគច្រើន​ពួក​គាត់​ខ្ចី​លុយ​ពី​ធនាគារ ឬ​អង្គការ​ផ្សេងៗ​ដើម្បី​ទិញ​គោ​ទិញ​ក្របី​ចិញ្ចឹម គ្រាន់​បាន​ធំ​ធាត់​យក​ទៅ​លក់​ក្រែង​បាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព។ ចំណែក​យុវជន​ពេញ​កម្លាំង​ជាច្រើន​ទៀត បាន​បោះបង់​ការ​សិក្សា ហើយ​ចូល​ធ្វើ​ការ​រោងចក្រ និង​កាស៊ីណូ​នៅ​ក្រុង​បាវិត ហើយ​ផ្សេង​ទៀត​បាន​ធ្វើ​ចំណាក​ស្រុក​មក​ភ្នំពេញ ដើម្បី​ធ្វើ​ការ​សំណង់ និង​នៅ​តាម​រោងចក្រ​ដែរ។ នៅ​តាម​បណ្តោយ​ព្រំដែន​នោះ មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រូវ​ប៉ុន្មាន​ឡើយ ដោយសារ​ពួក​គាត់​គ្មាន​ដើម​ទុន គ្មាន​ប្រឡាយ​ទឹក និង​បច្ចេកទេស ជាដើម ហើយ​ម្យ៉ាង​ទៀត​ពួក​គាត់​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​កសិកម្ម​មិន​ទទួល​បាន​ផល​ចំណេញ៖ «ខ្ចី​លុយ​អេស៊ីលីដា (ACLEDA) ២​ពាន់​ដុល្លារ​មក​ទិញ​គោ​ក្របី ហើយ​ឥឡូវ​ឲ្យ​កូន​យក​ទៅ​មើល​នៅ​បឹង​នោះ។ ក្របី​ខ្ញុំ​ងាប់​អស់​បី​ដោយសារ​ពុល​ថ្នាំ​វៀតណាម បាញ់​ស្មៅ។ វៀតណាម ចូល​ធ្វើ​ស្រែ​យ៉ាង​ច្រើន តែ​អាជ្ញាធរ​ហាក់​ដូចជា​ធ្វើ​មិន​ដឹង​អ៊ីចឹង»។

ប្រជាពលរដ្ឋ​អះអាង​ថា កន្លង​ទៅ​ថ្មីៗ​នេះ ពួក​គាត់​បាន​ផ្ដិត​មេដៃ​បាន​ចំនួន​ជាង ៤០​មេដៃ​ដាក់​ជូន​ចៅ​សង្កាត់​ប្រាសាទ ម្តង​រួច​ហើយ ហើយ​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​បាន​ចំនួន​ជាង ១០០​ស្នាម​មេដៃ​ថែម​ទៀត គ្រោង​ដាក់​ជូន​រដ្ឋាភិបាល និង​ស្ថាប័ន​ថ្នាក់​ជាតិ ដើម្បី​ជួយ​ពិនិត្យ​ដោះស្រាយ​ករណី​វៀតណាម ជួល​ដី​ខ្មែរ​យ៉ាង​អាថ៌កំបាំង​នេះ។


ចៅ​សង្កាត់​ប្រាសាទ លោក កែវ ឈាន មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ដល់​ដី​ស្រែ​នោះ​ដែរ បន្ទាប់​ពី​មាន​ពលរដ្ឋ​សុំ​អន្តរាគមន៍ ប៉ុន្តែ​លោក​ថា​គ្មាន​ករណី​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​នោះ​ទេ គឺ​មាន​តែ​ខ្មែរ​ជួល​ឲ្យ​ខ្មែរ​គ្នា​ឯង។ លោក​អះអាង​ថា ជនជាតិ​វៀតណាម ដែល​កំពុង​បញ្ជា​គ្រឿង​យន្ត​ភ្ជួរ​ដី និង​សាបព្រោះ​នោះ គឺ​ជា​អ្នក​ស៊ី​ឈ្នួល​កសិករ​ខ្មែរ ព្រោះ​ខាង​ខ្មែរ​ខ្វះ​កម្លាំង​អូស​ទាញ៖ «បច្ចុប្បន្ន​នេះ ខ្ញុំ​ពិនិត្យ​មើល​ហើយ​រាយការណ៍ ហើយ​រាយការណ៍​ទៀត​ថា​មាន​តែ​ខ្មែរ​ជួល​ឲ្យ​ខ្មែរ។ ចំពោះ​ការ​ជួល​ឲ្យ​វៀតណាម ធ្វើ​សុទ្ធ ខ្ញុំ​អត់​ដឹង​កន្លែង​ណា​សោះ។ វា​អាច​ខ្មែរ​នៅ​ខាង​ក្រោយ​ខ្នង​ដែរ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​រឿង​នេះ​ដែរ»។

លោក​ចៅ​សង្កាត់​រូប​នេះ​ក៏​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា លោក​មិន​បាន​ជួយ​សម្របសម្រួល ឬ​ស៊ីញេ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ជួល​ដី​កសិករ​ខ្មែរ ជំទាស់​នឹង​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ពេល​ដែល​ឮ​អាជ្ញាធរ​បដិសេធ​មិន​ដឹង​មិន​ឮ​ថា​មាន​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​អស់​សំណើច ព្រោះ​នៅ​ទីនោះ​នរណា​ក៏​ដឹង​ដែរ​ថា ជនជាតិ​វៀតណាម កំពុង​ជួល​ដី​ខ្មែរ​ធ្វើ​ដែរ តែ​គ្រាន់​តែ​វៀតណាម ជួល​ឲ្យ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង​ដើម្បី​លាក់​បាំង​ការ​ពិត។ មួយ​វិញ​ទៀត ពួក​គាត់​ដឹង​ថា នៅ​តំបន់​នោះ​គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​អាច​មាន​លទ្ធភាព​ជួល​ដី​ស្រែ​ធ្វើ​រាប់​រយ​ហិកតារ​នោះ​ទេ គឺ​មាន​តែ​ជនជាតិ​វៀតណាម៖ «គេ​ថា​ខ្មែរ​អ្នក​ធ្វើ ប៉ុន្តែ​ខ្មែរ​រក​តែ​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ទេ ហើយ​ហេតុ​អី​បាន​មាន​លុយ​ធ្វើ​ស្រែ ២០ ទៅ ៣០​ហិកតារ»។

ទាក់ទិន​បញ្ហា​នេះ លោក​ចៅ​សង្កាត់​ប្រាសាទ មាន​ប្រសាសន៍​ថា លោក​នឹង​ស្រាវជ្រាវ​បន្ថែម​ទៀត​ករណី​វៀតណាម ជួល​ដី​ខ្មែរ​នេះ ព្រោះ​លោក​ថា​ករណី​ជនជាតិ​វៀតណាម ជួល​ដី ហើយ​ឲ្យ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង​នេះ ហាក់​មាន​ផល​លំបាក​ក្នុង​ការ​ស្រាវជ្រាវ៖ «ខ្ញុំ​នឹង​ដាក់​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​បន្ត​ទៀត ហើយ​នឹង​ពិនិត្យ​មើល​ថា តើ​អ្នក​ដែល​ទិញ​ដី​ច្រើន​នោះ គាត់​ជួល​អស់​ប៉ុន្មាន​នៅ​សល់​ប៉ុន្មាន ហើយ​ជួល​ឲ្យ​អ្នក​ណា? ខ្ញុំ​មិន​ទាន់​ស្រាវជ្រាវ​រឿង​នេះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ដែល​គ្រប់គ្រង​តំបន់​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ឡាវ និង​ថៃ ធ្វើ​ការ​ស្រាវជ្រាវ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន ដែល​ជួល​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ដើម្បី​សំដៅ​រក្សា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យភាព​ជាតិ។ លិខិត​របស់​ក្រសួង​មហាផ្ទៃ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ជួល​ដី​ទៅ​កសិករ​ប្រទេស​ជិត​ខាង ព្រោះ​ថា​ករណី​ជួល​ដី​ខ្លះ​ពុំ​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ជួល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​បាត់បង់​នូវ​ផល​ប្រយោជន៍​នៅ​ពេល​មាន​វិវាទ​កើត​មាន​ឡើង។

ប្រជាពលរដ្ឋ​អះអាង​ដូចៗ​គ្នា​ថា ដី​ស្រែ​ចម្ការ​ភាគច្រើន​នៅ​តាម​ព្រំដែន​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ត្រូវ​បាន​អ្នក​មាន​លុយ​មាន​អំណាច​ដែល​មាន​ភរិយា​ជា​ជនជាតិ​វៀតណាម ឬ​ក៏​ពួក​គាត់​មាន​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម បាន​ប្រមូល​ទិញ​ដី​ទុក​ជួល​ឲ្យ​កសិករ​វៀតណាម បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ធ្វើ​ស្រូវ​ខាតបង់​ច្រើន ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ដើម្បី​បាន​លុយ​សង​ម្ចាស់​បំណុល ឬ​ធនាគារ ជាដើម។

ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​អះអាង​ថា តាម​សង្កេត​ឃើញ​កន្លង​មក​នោះ ដី​នៅ​ចំណុច​ខ្លះ ជនជាតិ​វៀតណាម ក៏​ធ្វើ​ស្រូវ​ស្រែ​មិន​សូវ​បាន​ផល​ដូច​ខ្មែរ​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​យល់​ឡើយ​ថា តើ​មាន​មូលហេតុ​អ្វី ទើប​បាន​ជា​ជនជាតិ​វៀតណាម នៅ​តែ​មាន​មហិច្ឆតា​ចង់​បន្ត​ជួល​ដី​ខ្មែរ​នោះ?

ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ហើយ​ចាត់​ទុក​ថា ជា​អាណានិគម​បែប​ថ្មី​ដែល​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​ពលរដ្ឋ​ខ្មែរ​ចោទ​ថា​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​តាម​រយៈ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈរ​ឈ្មោះ​តំណាង​នេះ មិន​ពិបាក​ស្វែងរក​ការ​ពិត​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ៖ «បុគ្គល "ក"ឈរ​ឈ្មោះ​ឲ្យ​នរណា​ម្នាក់ អ៊ីចឹង​យើង​គ្រាន់​តែ​ស៊ើប​ដឹង​ម្នាក់​ហ្នឹង​បាន​ហើយ មិន​ចាំ​ស៊ើប​អ្នក​ក្រោយ​នោះ​ទេ។ អ៊ីចឹង​យើង​ធ្វើ​របាយការណ៍​ទៅ​ខេត្ត ដើម្បី​ស្រាវជ្រាវ​ទៀត​ថា តើ​អ្នក​ណា​នៅ​ពី​ក្រោយ? ឲ្យ​តែ​មាន​ឆន្ទៈ​មិន​ពិបាក​នោះ​ទេ ព្រោះ​ធម្មតា​ការ​ជួល​មាន​លិខិត​ស្នាម​ជួល និង​លក្ខខណ្ឌ​ផ្សេង ហើយ​ក៏​មាន​អ្នក​ជួល និង​អ្នក​ប្រគល់​ដី»។

មន្ត្រី​អង្គការ​លីកាដូ​រូប​នេះ​មាន​ប្រសាសន៍​ថា ដី​នៅ​តាម​ព្រំដែន​ភាគច្រើន គឺ​ជនជាតិ​វៀតណាម ជា​អ្នក​ធ្វើ មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​នោះ​ទេ។ លោក នុត បូពិណ្ណារ័ត្ន ថា​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​ហាម​ជួល​ដី​នោះ។ ដូច្នេះ អាជ្ញាធរ​អាច​មាន​សិទ្ធិ​បិទ​មិន​ឲ្យ​បន្ត​ជួល​ត​ទៅ​ទៀត​ទេ មិន​ថា​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ឬ​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​នោះ​ទេ៖ «មិន​ឲ្យ​គាត់​ជួល​តាម​ប្រកាស​នោះ​ទៅ ឬ​យក​ប្រកាស​នោះ​មក​អនុវត្ត​ទៅ តែ​អ្វី​ដែល​យើង​ឃើញ​ជាក់ស្តែង ការ​អនុវត្ត​នៅ​តាម​តំបន់​ដែល​ប៉ះពាល់​នោះ គឺ​មិន​មាន​សុពលភាព​ល្អ ឬ​មិន​មាន​និរន្តរភាព​នោះ​ទេ។ ប្រកាសៗ​ទៅ តែ​ប្រជាពលរដ្ឋ​នៅ​តែ​រងគ្រោះ»។

ជុំវិញ​បញ្ហា​នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល អះអាង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា ករណី​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​នេះ លោក​ធ្លាប់​បាន​បញ្ជា​ឲ្យ​បិទ​អស់​ហើយ រួម​ទាំង​ច្រក​របៀង​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​សន្យា​ថា​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​នោះ៖ «ស្អែក​ខ្ញុំ​ឲ្យ​ចៅហ្វាយ​ក្រុង​ចុះ​ទៅ​ហ្នុង​មើល។ ខ្ញុំ​ធ្លាប់​បាន​បញ្ចប់​អស់​ហើយ​ទាំង​ក្រុង​ទាំង​ស្រុក​ជាប់​ព្រំដែន»។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត សាទរ​ចំពោះ​វិធានការ​របស់​អភិបាល​ខេត្ត​ស្វាយរៀង នេះ ប៉ុន្តែ​ពួក​គាត់​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​អាច​បញ្ឈប់​ករណី​ជួល​ដី​នៅ​តាម​ព្រំដែន​ឲ្យ​ជនជាតិ​វៀតណាម នោះ​ទេ ពួក​គាត់​នឹង​លើក​គ្នា​មក​ភ្នំពេញ​ដើម្បី​តវ៉ា​សុំ​អន្តរាគមន៍​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ផ្សេង​ទៀត​ដូចជា​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles