Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បទល្មើស​ដាក់​លូ​ស្បៃ​មុខ​កើត​មាន​កាន់​តែ​ច្រើន​នៅ​ខេត្ត​កំពង់ឆ្នាំង

$
0
0
ប្រជា​នេសាទ​បង់​សំណាញ់​នៅ​ខ្នង​ទំនប់​បារាំង​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា RFA 2016-08-20

អ្នក​ភូមិ​នៃ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​ដាក់​លូ​ស្បៃ​ម៉ុង​ចាប់​យក​ត្រី​ល្អិតៗ ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ កើត​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​នេះ។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា បទល្មើស​​ពុំ​មាន​ច្រើន​នោះ​ទេ ដោយសារ​កម្រិត​ទឹក​ទន្លេ​ទាប​មិន​ទាន់​ហូរ​ចូល​បឹង ឬ​ព្រែក ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រព្រឹត្ត​បទល្មើស។

ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ត្រី​ល្អិតៗ ឬ​ត្រី​នុយ​ចន្លោះ​ពី ៧០០​គីឡូក្រាម ទៅ ១​តោន ក្នុង​១​ថ្ងៃ ត្រូវ​ឈ្មួញ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ទៅ​ចែក​ចាយ​តាម​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នៅ​ស្រុក​បាធាយ ខេត្ដ​កំពង់ចាម និង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ ពួកគេ​ថា លូ​ស្បៃ​មុង​កើត​មាន​រាយប៉ាយ​នៅ​ភូមិ​ស្ដី​បន្លិច ភូមិ​អំពិលទឹក ប៉ុន្តែ​នៅ​ចំណុច​បឹង​ទួលចារ ភូមិ​ស្ទឹងស្ងួត ឃុំ​អំពិលទឹក មាន​ច្រើន​ស្អេកស្កះ។

ពលរដ្ឋ​រស់​នៅ​ឃុំ​អំពិលទឹក​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា រយៈ​ពេល​ពីរ ឬ​បី​ថ្ងៃ​ដែល​ទឹក​ទន្លេ​ឡើង​ហូរ​ចូល​បឹង និង​ព្រែក បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជនល្មើស​ក្នុង​ការ​ដាក់​លូ​ស្បៃ​មុង​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ។ លោក​ថា អាជ្ញាធរ ឬ​ជំនាញ​រដ្ឋបាល​ជលផល​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​បង្ក្រាប​បាន​តែ​ទៅ​លើ​ម្ចាស់​ស្បៃ​មុង​ណា​ដែល​មិន​បង់​លុយ​ឲ្យ​ទៅ​គេ​ក្នុង​មួយ​រដូវ​ទឹក​ឡើង​ចន្លោះ​ពី ១០​ម៉ឺន ទៅ ១៥​ម៉ឺន​រៀល ទើប​អ្នក​ប្រព្រឹត្ត​បទល្មើស​មិន​ខ្លាច៖ «បើ​សមត្ថកិច្ច​មិន​ជឿ​ថា មាន​បទល្មើស​ដល់​ថ្នាក់​ហ្នឹង​ទេ អញ្ជើញ​គាត់​មក​តែ​ម្ដង​មក​ឲ្យ​ចុះ​មក​ផ្ទាល់​ហ្មង។ ប៉ុន្ដែ​កុំ​ឲ្យ​ផ្ដល់​ព័ត៌មាន​មុន (ផ្ដល់​ព័ត៌មាន​ដល់​ជនល្មើស) ព្រឹកមិញ​គ្រាន់​តែ​ឮ​ថា ខាង​ជលផល​ចុះ​មក និយាយ​ពី​ម្នាក់ៗ គឺ​ថា​ចុះ​ទូក​ចង់​ខុស​ហើយ​សារ​តាម​ទន្លេ។ ខ្ញុំ​សំណូមពរ​ថា បើ​មាន​បទល្មើស​អ៊ីចឹង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ធ្វើ​បទល្មើស​តែម្ដង​ទៅ​បាន​វា​អស់ បើ​ថា ចាប់​តែ​ស្បៃ​ចាប់​មួយ​កើត​ដល់​បី​វិញ​មក​ណោះ»។

ឆ្លើយ​តប​បញ្ហា​នេះ​មេ​ឃុំ​អំពិលទឹក លោក ហេង ចំរើន ថា​បទល្មើស​លូ​ស្បៃ​មុង​កើត​មាន​តិចតួច​នៅ​តាម​ច្រក​ល្ហក​ព្រៃ​ក្នុង​ទន្លេ ប៉ុន្តែ​នៅ​តាម​បឹង ឬ​ព្រែក​មិន​ទាន់​មាន​ទេ ព្រោះ​ទឹក​ទើប​ហូរ​ចូល៖ «មាន​ដែរ​តែ​មាន​តិចតួច វា​មិន​ទាន់​ខ្លាំងក្លា​ណាស់​ណា​នោះ​ទេ! ម្យ៉ាង​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ផង​ឥឡូវ​ហ្នឹង​មិន​ដូច​កាល​ពី​ដើម ហើយ​ទី​ពីរ បាន​ធ្វើ​ការ​ឃោសនា​ចលនា​រាល់​ខែ ពេល​ប្រជុំ​ប្រចាំ​ខែ​ឡើង​ដាក់​ផែនការ​តាម​រយៈ​មេ​ភូមិ និង​តាម​រយៈ​សហគមន៍»។

មន្ត្រី​សម្របសម្រួល​សហគមន៍​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​ឆ្ដោ​ឡើង​វិញ​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ អាច​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​អាច​ជំពាក់​បំណុល​ធនាគារ​ក្រោយ​ខ្ចី​លុយ​ទៅ​ធ្វើ​ដើម​ទុន​ច្រើន​ជាង​ចំណូល។ ប៉ុន្តែ​លោក​ថា បទល្មើស​លូ​ស្បៃ​មុង​មិន​ទាន់​កើត​មាន​ច្រើន​ដូច​ការ​អះអាង​របស់​ពលរដ្ឋ​នោះ​ទេ ដោយសារ​ស្ថានភាព​ទឹក​នៅ​តិច៖ «បើក​ឲ្យ​ចិញ្ចឹម​កូន​ត្រី ក៏​ប៉ុន្ដែ​មិន​យក​កូន​ត្រី​ធម្មជាតិ​មក​ចិញ្ចឹម​នោះ​ទេ​តាម​ច្បាប់​នោះ​ណា! វា​អាច​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ដោយសារ​គាត់​ត្រូវ​ប្រើ​បទល្មើស ដើម្បី​យក​កូន​ត្រី​ធម្មជាតិ​មក​ធ្វើ​នុយ​ត្រី»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា។ ប៉ុន្តែ​កន្លង​ទៅ​លោក​ធ្លាប់​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ។ ចំពោះ​ប្រភព​ចំណី​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​ពលរដ្ឋ​ម្ចាស់​ស្រះ​ប្រមូល​មក​ពី​ណា​នោះ​លោក​មិន​ដឹង​ឡើយ ប៉ុន្តែ​ការ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង​ចាប់​ត្រី​ល្អិត​ពី​ក្នុង​បឹង​ទន្លេសាប​មក​ធ្វើ​ជា​ចំណី​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​ខាង​លោក​ត្រូវ​តែ​បង្ក្រាប៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>