Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-05-08
នៅក្នុងរដូវប្រាំងក្ដៅហួតហែងនាពេលបច្ចុប្បន្ន គឺអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១ ឧសភា បានយករថយន្តជាច្រើនគ្រឿងដឹកទឹកចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅតាមមូលដ្ឋានក្នុងខេត្ត។ ទន្ទឹមគ្នានេះ មានពលរដ្ឋមួយចំនួនលើកឡើងថា រថយន្តដឹកទឹករបស់អាជ្ញាធរ មិនគ្រប់គ្រាន់សម្រាប់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃឡើយ។ អ្នកភូមិសំណូមពរឲ្យអាជ្ញាធរខេត្ត ជីកស្រះស្តុកទឹកក្នុងមូលដ្ឋានឲ្យបានច្រើន ដើម្បីកាត់បន្ថយខ្វះទឹកប្រើប្រាស់នៅឆ្នាំក្រោយទៀត។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ អះអាងថា យុទ្ធនាការចែកទឹករបស់អាជ្ញាធរខេត្ត មិនអាចជួយកាត់បន្ថយទុក្ខលំបាករបស់ពួកគាត់បានយូរអង្វែងនោះទេ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធគ្មានគម្រោងជីកស្រះទឹកនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋនោះ។
ពលរដ្ឋនៅភូមិរុនថ្មី ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺលោក ម្លិះ ថន ប្រាប់ថា ពួកគាត់ជិត ២០០គ្រួសារខ្វះខាតទឹកប្រើប្រាស់តាំងពីខែធ្នូ ឆ្នាំ២០១៥។ រហូតមកទល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ គឺមិនទាន់មានអាជ្ញាធរណាដឹកទឹកចែកពួកគាត់បានមួយដំណក់នៅឡើយ។ លោកអះអាងថា អ្នកភូមិរស់នៅសព្វថ្ងៃមានជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច ជាទុក្ខលំបាកមួយទៅហើយ ក៏ប៉ុន្តែការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺជាទុក្ខលំបាកខ្លាំងរបស់ពួកគាត់។ លោកថា រយៈពេលប្រមាណ ៥ខែកន្លងទៅ ពួកគាត់ត្រូវចំណាយទាំងថវិកា និងពេលវេលាសម្រាប់ដឹកទឹកចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីភូមិ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ។
លោកអះអាងថា យុទ្ធនាការដឹកទឹករបស់អាជ្ញាធរខេត្តចែកពលរដ្ឋតាមមូលដ្ឋាននៅពេលនេះ មិនគ្រប់គ្រាន់សម្រាប់ពួកគាត់យកទៅប្រើប្រាស់ឡើយ៖ «បាទ! អាជ្ញាធរដឹកទឹកចែកពលរដ្ឋក្នុងមួយលើកបានទឹកប្រហែលម្នាក់មួយពាងអីប៉ុណ្ណឹងឯង ឲ្យយើងយកទៅប្រើយ៉ាងម៉េចនឹងគ្រប់ទៅ ហើយទម្រាំបានមួយជើងរយៈពេល ១០ថ្ងៃឯណោះ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានបញ្ចេញរថយន្តចំនួន ៣០គ្រឿង ក្នុងនោះរថយន្តរបស់ក្រសួងការពារជាតិ ចំនួន ២៥គ្រឿង និងរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៥គ្រឿង ដើម្បីដឹកទឹកចែកជូនពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅគ្រប់ស្រុក។ លោកអះអាងថា រហូតមកទល់ថ្ងៃទី៨ ឧសភា គឺបានចែកទឹកដល់ដៃពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយពុំមានគ្រួសារណាដែលមិនបានទទួលទឹកនោះទេ។ លោកបន្ថែមថា យុទ្ធនាការចែកទឹកនេះ នឹងបន្តរហូតដល់ភ្លៀងធ្លាក់គ្រប់គ្រាន់៖ «បាទ! ប្រជាពលរដ្ឋខ្វះទឹកដោយសារប្រភពទឹកនៅឆ្ងាយ។ ដូច្នោះហើយបានជាយើងបញ្ចេញរថយន្តដឹកទឹកចែកពួកគាត់ ហើយសកម្មភាពដែលយើងទឹកជូនពលរដ្ឋ គឺយើងធ្វើរៀងរាល់ថ្ងៃ»។
ទោះបីជាបែបនេះក្ដី ពលរដ្ឋមួយរូបទៀតនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក គឺលោកស្រី សាញ់ វណ្ណា ថ្លែងថា ផ្ទះរបស់លោកស្រីនៅជាប់ព្រំដែនកម្ពុជា-ថៃ ខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរប្រមាណ ១ខែហើយ នៅមិនទាន់ទទួលទឹកពីអាជ្ញាធរខេត្តចែកបានមួយលីត្រនៅឡើយទេ។ លោកស្រីបន្ថែមថា រយៈពេលប្រមាណ ២ខែមកនេះ គឺពួកគាត់នាំគ្នាបើកគោយន្តទៅដឹកទឹកពីស្រះជាប់ព្រំដែនប្រទេសថៃ យកមកប្រើប្រាស់ ក្នុងមួយជើងយកមកស្ដុកទុកអាចប្រើប្រាស់បានប្រមាណ ៣ថ្ងៃ។ លោកស្រីស្នើឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ជីកស្រះស្តុកទឹកក្នុងភូមិ ដើម្បីកុំឲ្យខ្វះទឹកប្រើប្រាស់នៅឆ្នាំក្រោយទៀត ព្រោះថា យុទ្ធនាការចែកទឹកដូចអាជ្ញាធរកំពុងចែកជូនពលរដ្ឋនៅតំបន់ផ្សេងនោះ ពុំអាចឲ្យពួកគាត់ប្រើប្រាស់បានច្រើនថ្ងៃទេ៖ «មូលហេតុដែលខ្ញុំចង់ឲ្យអាជ្ញាធរជីកស្រះទឹក ដោយសារការពារខ្លាចជួបគ្រោះរាំងស្ងួតខ្វះខាតទឹកប្រើប្រាស់ដូចឆ្នាំនេះទៀត។ ហើយណាមួយ ការធ្វើបែបនេះ គឺជាការជួយដល់ពួកគាត់ក្រីក្រ កុំឲ្យលំបាកទៅដងទឹកឆ្ងាយពីផ្ទះទៀត»។
ទាក់ទងនឹងបញ្ហានេះ លោក អ៊ុំ រាត្រី អះអាងថា អាជ្ញាធរខេត្តមានគម្រោងជីកស្រះទឹកចែកជូនពលរដ្ឋនៅគ្រប់ស្រុក ដើម្បីសម្រួលមិនឲ្យអ្នកភូមិជួបការលំបាកដោយសារការខ្វះខាតទឹកប្រើប្រាស់នៅឆ្នាំក្រោយ៖ «យើងបានសិក្សា និងលើកជាគម្រោងស្ដារបឹង និងអាងសម្រាប់ស្ដុកទឹករួចហើយ។ មួយវិញទៀត ខាងខេត្តក៏បានជំរុញឲ្យមានការជីកអណ្ដូង និងស្រះទឹកឲ្យបានច្រើនបន្ថែមទៀតដែរ»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា យុទ្ធនាការចែកទឹករបស់អាជ្ញាធរខេត្ត ហាក់មិនបានជួយប្រជាពលរដ្ឋឲ្យចំគោលដៅ ដែលកំពុងខ្វះទឹកប្រើប្រាស់នោះទេ។ លោកថា មូលហេតុដែលមិនចំគោលដៅ ដោយសាររថយន្តដឹកទឹកមានចំនួនតិចតួច មិនគ្រប់គ្រាន់សម្រាប់តម្រូវការពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃឡើយ។ លោកពន្យល់ថា យុទ្ធសាស្ត្ររយៈពេលវែង អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការជីកស្រះស្តុកទឹកឲ្យបានច្រើននៅតាមមូលដ្ឋាន៖ «អ៊ីចឹងភ្នាក់ងាររបស់រដ្ឋ គួរតែប្រញាប់ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីប្រជាពលរដ្ឋបានទឹកប្រើប្រាស់រយៈពេលវែង ប្រសើរជាងអាជ្ញាធរដឹកទឹកចែកពលរដ្ឋក្នុងពេលបច្ចុប្បន្ននេះ»។
ទាក់ទងនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់លោក ថ្ងៃទី៨ ឧសភា ឲ្យដឹងថា វិធានការចែកចាយ និងផ្គត់ផ្គង់ទឹក គឺបន្តចែកជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលកំពុងខ្វះខាតទឹក។ រីឯចំណាត់ការចុះជីក និងស្ដារអណ្ដូង និងស្រះទឹក គឺនៅបន្តអនុវត្តដោយគ្មានការធ្វេសប្រហែសបានឡើយ។
ប្រជាពលរដ្ឋកម្ពុជា ជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់នៅទូទាំងប្រទេស ហើយខេត្តខ្វះខាតទឹកធ្ងន់ធ្ងរជាងគេ មានខេត្តឧត្ដរមានជ័យ ស្ទឹងត្រែង បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ ជាដើម។
ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ មានស្រុកមួយចំនួនខ្វះខាតទឹកធ្ងន់ធ្ងរជាងគេ គឺស្រុកស្វាយចេក អូរជ្រៅ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី។ ទោះបីជាយ៉ាងណា អាជ្ញាធរខេត្តពុំទាន់បង្ហាញអំពីចំនួនគ្រួសារខ្វះទឹកធ្ងន់ធ្ងរមានចំនួនប៉ុន្មានពិតប្រាកដនៅឡើយ៕