
ដោយ ស៊ុន មេសា24/08/2016 rfi
លិខិតស្នើសុំមើលរបាយការណ៍ជនបរទេស ដែលមានសញ្ជាតិខ្មែរពីគណបក្សសង្គ្រោះជាតិនឹងទៅដល់ដៃក្រសួងមហាផ្ទៃនៅថ្ងៃនេះ។
ប៉ុន្តែរដ្ឋាភិបាលអះអាងថានឹងមិនចាត់ការលើលិខិតនោះទេ ព្រោះរដ្ឋាភិបាលមិនមានគណនេយ្យភាពជាមួយគណបក្សនោះឡើយ។
លិខិតស្នើសុំបង្ហាញរបាយការណ៍សញ្ជាតូបនីយកម្មជនបរទេសរយៈពេលជាង២០ នឹងត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃនៅថ្ងៃនេះ។ នេះគឺជាការបញ្ជាក់ពីលោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ។ ប៉ុន្តែក្រសួងមហាផ្ទៃនឹងមិនឆ្លើយតបទៅកាន់គណបក្សសង្គ្រោះជាតិនោះទេ ព្រោះរដ្ឋាភិបាលមិនមានគណនេយ្យភាពចំពោះគណបក្សណាមួនោះឡើយ។ ហើយក្រសួងមហាផ្ទៃអាចឆ្លើយតបតាមយន្តការសភាតែប៉ុណ្ណោះ។
ការស្នើសុំពីបក្សប្រឆាំងនេះបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា បានបញ្ជាក់ថាពលរដ្ឋណាក៏ដោយឱ្យតែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នឹងអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានបើទោះបីជាមិនចេះនិយាយភាសាខ្មែរក៏ដោយ។ ចំណុចនេះបានធ្វើឱ្យបក្សប្រឆាំងបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួនព្រោះតែអាជ្ញាធរកម្ពុជា នៅមានភាពធូររលង់ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរដោយងាយស្រួល។ ការស្នើសុំនេះ គឺគណបក្សប្រឆាំងចង់ផ្ទៀងផ្ទាត់ជនបរទេស ដែលកាន់អត្តសញ្ញាណបណ្ណ និងអ្នកដែលមានសញ្ជាតិស្របតាមច្បាប់។
ក្នុងសំណុំរឿងនេះដែរ ក្រសួងមហាផ្ទៃការបានប្រកាសបង្កើតក្រុមការងារចម្រុះសើរើជនបរទេសដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់នៅមុនពេល ដែលការចុះឈ្មោះបោះឆ្នោតឈានចូលមកដល់ផងដែរ។ រដ្ឋាភិបាលបានប្រកាសឱ្យដឹងថាជនអន្តោរប្រវេសន៍នៅកម្ពុជានៅកម្ពុជាមានប្រមាណជាង១៦ម៉ឺននាក់ ហើយជនជាតិវៀតណាមមាន១៦ម៉ឺននាក់។ ចំពោះការចុះឈ្មោះបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ គណបក្សសង្គ្រោះជាតិគ្រោងរៀបចំមេធាវីដើម្បីប្តឹងជនបរទេសទាំងអស់ទៅកាន់តុលាការប្រសិនបើប្រើប្រាស់អត្តសញ្ញាណបណ្ណ ដែលបានមកដោយខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោត បន្ថែមពីគណបក្សនឹងពង្រាយអ្នកអង្កេតការណ៍ប្រមាណជាង៣ពាន់នាក់នៅទូទាំងប្រទេស ដើម្បីអង្កេតរកភាពមិនប្រក្រតីទាំងឡាយ រួមទាំងការប្រើប្រាស់អត្តសញ្ញាណបណ្ណខ្មែរដោយខុសច្បាប់ពីជនបរទេសផងដែរ។
សូមកត់សម្គាល់ថាក្រៅពីស្នើសុំឱ្យក្រសួងមហាផ្ទៃ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចុះហត្ថលេខារួចហើយលើសំណើសុំទៅក្រសួងយុត្តិធម៌ពីសញ្ជាតូបនីយកម្មរបស់ជនបរទេសនៅកម្ពុជារយៈពេលជាង២០មកនេះ។ ប៉ុន្តែក្រសួងយុត្តិធម៌ថាមិនមែនជាសមត្ថកិច្ចរបស់ខ្លួននោះឡើយ៕