Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​ជំនាញ​​ខេត្ត​ព្រះសីហនុ​បង្កើន​សកម្មភាព​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ

Image may be NSFW.
Clik here to view.
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-08-26

មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ រហូត​ដល់​មូលដ្ឋាន​ឆ្ងាយ​ពី​ទីប្រជុំជន ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍ ឬ​ការ​ពាក់​មួក​ការពារ​សុវត្ថិភាព​ពេល​បើកបរ​ជាដើម។

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ប្រសាសន៍​ថា ការ​បង្កើន​សកម្មភាព​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​របស់​កម្លាំង​ជំនាញ​ពេល​នេះ គឺ​មាន​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

លោក អ៊ី សុខា ក៏​បាន​អំពាវនាវ​ដល់​គ្រប់​អង្គការ​សមាគម និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ រាប់​បញ្ចូល​ទាំង​គ្រឹះស្ថានសិក្សា ឬ​សាលារៀន​ជាដើម ត្រូវ​បំផុស និង​ចលនា​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​គ្រប់ៗ​គ្នា៖ «»។


របាយការណ៍​សកម្មភាព​ការងារ​ ឆមាស​ទី​១ ឬ ៦​ខែ​ដើម​ឆ្នាំ​២០១៦ របស់​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​បាន​បង្កើន​ការងារ​ចុះ​ត្រួត​ពិនិត្យ​អ្នក​បើក​រថយន្ត​លើស​ល្បឿន​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​លេខ​១ បាន​ចំនួន ៤០​លើក ទៅ​លើ​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៩៨៤​គ្រឿង។ ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​បាន​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង និង​អ្នក​មិន​ពាក់​មួក​ការពារ​សុវត្ថិភាព​នៅ​ពេល​យប់​មាន​ចំនួន ៣៣​លើក នា​ទីប្រជុំជន​ក្រុង​ព្រះសីហនុ ដោយ​រក​ឃើញ​អ្នក​បើកបរ​មាន​ជាតិ​អាកុល និង​មួក​សុវត្ថិភាព​ពេល​យប់ សរុប​លទ្ធផល​រក​ឃើញ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក ៤៤១​គ្រឿង និង​អ្នក​បើកបរ​មាន​ជាតិ​អាកុល ឬ​ផឹក​ស្រា​ស្រវឹង​ជោក មាន​ចំនួន ២៣២​នាក់ ហើយ​អ្នក​បើកបរ​រថយន្ត​ចំនួន  ១៦០​នាក់ និង​អ្នក​បើកបរ​ម៉ូតូ​ចំនួន ៧២​នាក់ ត្រូវ​ទទួល​ការ​ផាក​ពិន័យ។

របាយការណ៍​ដដែល​បង្ហាញ​ថា លទ្ធផល​ផាក​ពិន័យ​សរុប​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ ទៅ​លើ​អ្នក​បើកបរ​រថយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទៅ​លើ​រថយន្ត​ចំនួន ៧.០៦០​គ្រឿង គឺ​សមត្ថកិច្ច​បាន​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវ​គោក​មាន​ចំនួន ៥.០៤៣​គ្រឿង។

ផ្ដើម​ពី​បញ្ហា​នេះ លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​នេះ​ឲ្យ​ថយ​ចុះ​ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ។ លោក​សង្កត់​ធ្ងន់​ថា ការ​បង្កើន​ការ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ជូន​ពលរដ្ឋ​ទូទៅ​ទាំង​យប់​ថ្ងៃ​របស់​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​បង្កើន​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ឈាន​ដល់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​មក​ចំនួន​ទាប។

លោក ជួន ណារិន្ទ អះអាង​ថា  រាល់​ថ្ងៃ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​គឺ​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ ច្រើន​ជាង​កត្តា​យានយន្ត។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អាស៊ីសេរី​ថា រាល់ថ្ងៃ​ពួកគេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ភាគ​ច្រើន​មិន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ស្របតាម​ការ​អំពាវនាវ​របស់​សមត្ថកិច្ច​ជំនាញ​ទេ។ ក្នុង​នោះ​បាន​បើកបរ​រថយន្ត និង​ម៉ូតូ​ភាគ​ច្រើន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង គ្មាន​ពាក់​មួក​សុវត្ថិភាព ម៉ូតូ​គ្មាន​កញ្ចក់ ឬ​គ្មាន​ស្លាក​លេខ គ្មាន​ភ្លើង​បំភ្លឺ និង​បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់​ជា​ដើម។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​គាំ​ឲ្យ​សមត្ថកិច្ច​នគរបាល​រឹត​បន្តឹង​ការ​ផាក​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅ​តាម​ផ្លូវ​សាធារណៈ​នានា ដើម្បី​ឈាន​ដល់​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ​ឲ្យ​មក​ចំនួន​ទាប​នៅ​ថ្ងៃ​ខាង​មុខ។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​នៅ​មូលដ្ឋាន​នេះ​ចំនួន ១៧៦​ករណី។ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជិត ៤០០​នាក់។ គ្រោះថ្នាក់​នេះ បើ​ប្រៀបធៀប​ពេល​វេលា​ដូចគ្នា​ឆ្នាំ​២០១៥ បាន​កើន​ឡើង​ជិត ៥០​ករណី។ គ្រោះថ្នាក់​នេះ បាន​សម្លាប់​មនុស្ស​ចំនួន ៥៦​នាក់ កើន ២៤​នាក់ និង​រង​របួស​ធ្ងន់​ស្រាល ៣១០​នាក់ គឺ​កើន ៩៥​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥។

គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ដើម​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ បាន​ខូចខាត​យានយន្ត​គ្រប់​ប្រភេទ ២៩២​គ្រឿង។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៥ បាន​កើន ៧៩​គ្រឿង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>