Quantcast
Viewing all articles
Browse latest Browse all 40045

CNRP សុំ​ឲ្យ​បញ្ឈប់​ការ​ប្រើ​តុលាការ​ជា​ឧបករណ៍​នយោបាយ

Image may be NSFW.
Clik here to view.
​​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​​សង្គ្រោះ​ជាតិ​។


មាស សុខជា  ភ្នំពេញ ប៉ុស្តិ៍ Fri, 26 August 2016

ភ្នំពេញៈ គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​បន្ត​ប្រើប្រាស់​​ប្រព័ន្ធ​តុលាការ​​​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​ឥត​ឈប់ឈរ​ទៅ​លើ​សកម្មជន ​និង​មេដឹកនាំ​​របស់​ខ្លួន​ថា​​នឹង​នាំ​ឲ្យ​ស្ថានការណ៍​​នយោបាយ​កាន់តែ​តានតឹង​ហើយ​ធ្វើ​ឲ្យ​​​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​មិន​យុត្តិធម៌ និង​មិន​​ស្មើភាព​។ ​

ជា​ការ​ឆ្លើយតប​​នឹង​សេចក្តី​សម្រេច​​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ចំពោះ​ការ​ប្រកាស​បញ្ជូន​សំណុំ​រឿង​​របស់​​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ​បន្ទាប់ពី​បញ្ចប់​ការ​​ស៊ើបអង្កេត​​លើ​ករណី​​ចោទប្រកាន់​ពី​បទ​ «​បដិសេធ​មិន​ចូល​បំភ្លឺ​» ​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី​ ២៦ ឧសភា ជា​សាក្សី​​នៅក្នុង​ «​សំណុំ​រឿង​សញ្ចារកម្ម​» ជាមួយ​​នារី​កាត់​សក់​ឈ្មោះ ខុម ចាន់តារាទី ហៅ​ ស្រីមុំ។ ​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​​កាលពី​ម្សិលមិញ​​​ដោយ​ចាត់​ទុក​​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​​ជា​ឧបករណ៍​នយោបាយ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​​​ឥត​ឈប់ឈរ​ទៅ​លើ​សកម្មជន​ និង​មេដឹកនាំ​​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​តំណាងរាស្រ្ត​ចំនួន​ ៥៥ ​រូប​​តំណាង​ឲ្យ​​សំឡេង​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល​​ប្រទេស​នោះ​​នឹង​នាំ​ឲ្យ​ស្ថានការណ៍​​នយោបាយ​កាន់តែ​តានតឹង​ហើយ​ធ្វើ​ឲ្យ​​​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​​ខាង​មុខ​មិន​យុត្តិធម៌ និង​​មិន​ស្មើភាព​។

សេចក្តី​ថ្លែងការណ៍​បន្ត​​ថា​៖ «ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត​នូវ​ការ​សម្រេច​របស់​តំណាង​អយ្យការ​ និង​ចៅក្រម​ស៊ើបសួរ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើការ​ចោទប្រកាន់​​ស្ថាពរ​ និង​បញ្ជូន​សំណុំ​រឿង​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​​អ្នក​តំណាងរាស្រ្ត​ទៅ​ជំនុំ​ជម្រះ​ដោយ​មិន​មាន​ការ​លើក​​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន​»។ ​

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​គឺជា​ការ​រំលោភ​យ៉ាង​​ធ្ងន់ធ្ងរ​ទៅ​​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ច្បាប់​​កំពូល​របស់​ជាតិ​»​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​មាត្រា​ ៨០ ​​នៃ​រដ្ឋធម្មនុញ្ញ​​ និង​មាត្រា​ ៧ នៃ​ច្បាប់​​ស្តីពី​លក្ខន្តិកៈ​​តំណាងរាស្រ្ត​​បាន​ចែង​យ៉ាង​ច្បាស់​​ថា​ការ​ចោទប្រកាន់​ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​លើ​អ្នក​តំណាង​រាស្រ្ត​ណា​ម្នាក់​​បាន​លុះត្រា​តែ​រដ្ឋសភា​ប្រជុំ​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​​សភា​ទាំង​មូល​ដើម្បី​​លើក​​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន​សិន​។

លោក កឹម សុខា គ្រាន់​តែ​មិន​បាន​​ទៅ​កាន់​តុលាការ​ដោយ​ផ្ទាល់​ដើម្បី​ឆ្លើយ​បំភ្លឺ​​ក្នុង​នាម​ជា​សាក្សី​ «មិន​អាច​​ចាត់​ទុក​ជា​បទល្មើស​ជាក់ស្តែង​​ឡើយ​​» ហើយ​​ជាង​នេះ​ទៀត​សមត្ថកិច្ច​ក៏​មិន​​បាន​អនុវត្ត​​លើ​ករណី​នេះ​​ស្រប​តាម​នីតិវិធី​​សម្រាប់​​បទល្មើស​ជាក់ស្តែង​​នោះ​ដែរ។ ​

សេចក្តី​ថ្លែងការណ៍​​បន្ត​ថា​៖ «ការ​ចោទប្រកាន់​​របស់​តុលាការ​​ដោយ​មិន​​សមហេតុផល​ និង​ស្រប​តាម​នីតិវិធី​ច្បាប់​​ជា​ធរមាន​​បែប​នេះ​គឺ​គ្រាន់​តែ​ជា​លេស​ដើម្បី​បង្ក​រឿង​ដាក់​បន្ទុក​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​តែ​ប៉ុណ្ណោះ​»។

ទន្ទឹម​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​ការ​ចោទ​ប្រកាន់​​ករណី​លោក កឹម សុខា និង​សូម​អំពាវនាវ​​ដល់​ភាគី​​ពាក់ព័ន្ធ និង​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​​ទាំងអស់​ចូលរួម​ធ្វើ​យ៉ាង​ណា​ជំរុញ​ស្ថានភាព​​នយោបាយ​​នៅ​​កម្ពុជា​បច្ចុប្បន្ន​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌ និង​ជឿ​ទុក​ចិត្ត​បាន​។

ប៉ុន្តែ​អ្នក​នាំ​​ពាក្យ​ CPP​ លោក សុខ ឥសាន ​បាន​ចាត់​ទុក​​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​ថា​ជា​ការ​វាយប្រហារ​ដដែលៗ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចោទ​ប្រកាន់​​គណបក្ស​ប្រជាជន ឬ​រដ្ឋាភិបាល​​ថា​ប្រើប្រាស់​​តុលាការ​ជា​ឧបករណ៍​។ ​លោក​​ថ្លែង​ថា​ប្រសិន​បើ​លោក កឹម សុខា មិន​បាន​​ធ្វើ​ខុស​ច្បាប់​តុលាការ​ក៏​មិន​ចោទ​​ប្រកាន់​​ និង​​បើក​ការ​ជំនុំ​ជម្រះ​​លើ​រូប​គាត់​ដែរ​។

លោក​បន្ត​ថា​៖ «​​ការ​ចោទប្រកាន់​​របស់​គាត់​គឺ​មិន​ពិត​​ពីព្រោះ​ករណី​នេះ​កើតឡើង​ពាក់ព័ន្ធ​តែ​មន្រ្តី​ជាន់​ខ្ពស់​ [​របស់​គណបក្ស​សង្គ្រោះ​ជាតិ​] ​ដែល​​​មាន​រឿង​អាស្រូវ​​ស្នេហា​ប៉ុណ្ណោះ​​ដោយសារ​តែ​ការ​ប្រពឹត្ត​ខុស​ច្បាប់​របស់​គាត់​​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខ​ច្បាប់​»។

ឆ្លើយតប​​ចំពោះ​ការ​លើក​ឡើង​​ដែល​ថា​ស្ថានការ​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​​​មិន​យុត្តិធម៌​ និង​ស្មើភាព​លោក ឥសាន បាន​​ថ្លែង​ថា​ការ​បោះឆ្នោត​​យុត្តិធម៌​ ឬ​មិន​យុត្តិធម៌​វា​មិនមែន​អាស្រ័យ​លើ​តម្លៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ប៉ុន្តែ​វា​អាស្រ័យ​​លើ​សាធារណជន​ទូទៅ​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ជា​អាជ្ញា​កណ្តាល​​នៅ​ក្នុង​ការ​បោះឆ្នោត​។ ​

លោក​បន្ត​ថា​៖ «​​ជាធម្មតា​នីតិវិធី​តុលាការ​ពួកគេ​ធ្វើ​តាម​នីតិវិធី​របស់​ពួកគេ​។ ស្ថាប័ន​​ណា​ចង់​និយាយ​ថា [​ស្ថានភាព​នយោបាយ​​​] ​ក្តៅ​ស្ថាប័ន​ណា​ចង់​និយាយ​ថា [​ស្ថានភាព​នយោបាយ​] ត្រជាក់​វា​ជា​រឿង​របស់​ពួកគេ​។ ប៉ុន្តែ​តុលាការ​​មិន​ឈប់​នៅ​កណ្តាល​ផ្លូវ​ទេ​​»។ ​

លោក​​ថា​តុលាការ​​មិនមែន​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​ទេ​ប៉ុន្តែ​វា​ជា​ឧបករណ៍​​ និង​ជា​អំណាច​របស់​ប្រជាជន​។

ទោះ​យ៉ាង​ណា​​អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​បាន​ថ្លែង​ថា​ករណី​របស់​លោក កឹម សុខា ​ដែល​នឹង​បញ្ជូន​ទៅ​ជំនុំជម្រះ​គឺ​គ្រាន់​តែ​ជា​សម្ពាធ​​​ទៅ​លើ​​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទន់ខ្សោយ​​​នៅ​ក្នុង​ការ​បោះឆ្នោត​​ឆ្នាំ​ ២០១៨ ​​ដែល​គណបក្ស​​ប្រជាជន​កំពុង​​បារម្ភ​អំពី​ការ​ចាញ់​ឆ្នោត​ប៉ុន្តែ​ថា​ការ​ដាក់​សម្ពាធ​បែប​នេះ​លើ​លោក កឹម សុខា ​មិន​មាន​ប្រសិទ្ធភាព​ទេ​ដោយសារ​ប្រជាជន​មិន​ចាប់​អារម្មណ៍​ចំពោះ​ករណី​រឿង​ស្នេហា​​​​បុគ្គល​ឡើយ​។ ​

លោក អ៊ូ វីរៈ បន្ត​ថា​៖ «​​កម្តៅ​នយោបាយ​គឺ​ដោយសារ​​ការ​​បោះឆ្នោត​​ឆ្នាំ​ ២០១៨ ​ជា​ការ​បោះឆ្នោត​មួយ​ដែល​​ខ្ញុំ​​​មើល​​ទៅ​គណបក្ស​កាន់​អំណាច​​គាត់​បារម្ភ​។ ​ឆ្នាំ​ ២០១៨ ​គឺជា​ការ​បោះឆ្នោត​មួយ​ដែល​​មិន​ដូច​មុន​។ ​នៅក្នុង [​ការ​បោះ​ឆ្នោត]​មុនៗ​គណបក្ស​កាន់​អំណាច​មាន​ទំនុក​ចិត្ត​​ជាង [ការ​បោះឆ្នោត​​ឆ្នាំ​ ២០១៨ ​]។ នៅ​​ឆ្នាំ​ ២០១៨ [គណបក្ស​ប្រជាជន​] ​មិន​សូវ​មាន​ទំនុក​ចិត្ត​ពិតប្រាកដ​»។

កាលពី​ថ្ងៃ​អង្គារ​ចៅក្រម​ស៊ើបសួរ​លោក ថាន ឡេង បាន​បញ្ជូន​​ករណី​លោក កឹម សុខា ដែល​កំពុង​​សម្ងំ​​នៅ​ក្នុង​​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​ជំនុំជម្រះ​បន្ទាប់ពី​បញ្ចប់​ការ​ស៊ើបអង្កេត​​លើ​បទ​ចោទ​ប្រកាន់​ «​បដិសេធ​​ចូល​បំភ្លឺ​» ​​ជា​សំណុំ​រឿង​ដែល​មជ្ឈដ្ឋាន​ជាតិ​​ និង​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>