Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

រដ្ឋាភិបាល​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​ការ​បោះឆ្នោត

$
0
0
មន្ត្រី​ជាន់ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​ ១០០ ​នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​សាល​ប្រជុំ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ផា លីណា

ទូច សុខា  ភ្នំពេញ ប៉ុស្តិ៍ Fri, 26 August 2016

ភ្នំពេញ: មន្ត្រី​ជាន់ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​ ១០០ ​នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​សាល​ប្រជុំ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ត្រៀម​រៀបចំ​កងកម្លាំង​ប្រដាប់​អាវុធ​ចន្លោះ​ពី​ ៥ ពាន់​នាក់​រហូត​ដល់​ ៧ ​ម៉ឺន​នាក់​សម្រាប់​ការពារ​សន្តិសុខ និង​រក្សា​សុវត្ថិភាព​សម្រាប់​ការ​​​បោះឆ្នោត​ឃុំ-សង្កាត់​​ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នា​ឆ្នាំ​ខាង​មុខ​។

អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការ​បោះឆ្នោត​លោក​ នេត សាវឿន បាន​ថ្លែង​ថា​​កម្លាំង​នគរបាល​កងរាជ​អាវុធហត្ថ​ និង​កងយោធពល​ខេមរភូមិន្ទ​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ដំណាក់កាល​ចុះ​ឈ្មោះ​បោះឆ្នោត​រហូត​ដល់​ដំណាក់កាល​រាប់​សន្លឹក​ឆ្នោត​។


ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ថា​ការ​ត្រៀម​ពង្រាយ​កម្លាំង​នេះ​គឺ​បណ្ដាល​មកពី​បទពិសោធ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ មាន​ករណី​រារាំង​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​បោះឆ្នោត​មាន​ការ​ឡោមព័ទ្ធ​ស្នាក់ការ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​មិន​ឲ្យ​ធ្វើការ​បូក​សរុប​លទ្ធផល​បោះឆ្នោត​ និង​មាន​អំពើ​ហិង្សា​បំផ្លាញ​រថយន្ត​សមត្ថកិច្ច​ក៏មាន​។

លោក​ក៏​ថ្លែង​ដែរ​ថា​៖ ​«​នៅ​ក្រោយ​ការ​បោះឆ្នោត​ក៏​មាន​ភាព​អនាធិបតេយ្យ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដោយ​ប្រើ​ពេល​អស់​ជិត​ ១ ​ឆ្នាំ​ទើប​ចប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នឹង​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ការ​បោះឆ្នោត​ប្រសិន​បើ​អំពើ​នេះ​កើត​មាន​នៅ​ពេល​បោះឆ្នោត​ខាង​មុខៗ​។ ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​រក្សា​ឲ្យ​បាន​នូវ​ស្ថានភាព​នយោបាយ​ស្ងប់ស្ងាត់​ទាំង​មុន​ពេល​បោះឆ្នោត​ពេល​បោះឆ្នោត​ និង​ក្រោយ​ពេល​បោះឆ្នោត​»​។

លោក​ សាវឿន ថ្លែង​ថា​៖ ​«​គោល​បំណង​រៀបចំ​កម្លាំង​​សំដៅ​ធានា​នូវ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ក្នុង​សម័យ​បោះឆ្នោត​តាម​អាណត្តិ​ ឬ​តាម​នីតិកាល​នីមួយៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​និង​គ្មាន​ការ​ភ័យ​ខ្លាច​ការ​បំភិត​បំភ័យ​ការ​គំរាម​កំហែង​ និង​គ្មាន​អំពើ​ហិង្សា​»​។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា​ការ​ពង្រាយ​កម្លាំង​នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​គ្មាន​ភាព​ចាំបាច់​នោះ​ទេ​ដោយ​លោក​បាន​បញ្ជាក់​ថា​កន្លង​មក​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​​នោះ​ដែរ​។

លោក​បន្ថែម​ថា៖ «ការ​រាយ​កម្លាំង​ហ្នឹង​អាច​ជា​រូបភាព​មិន​ល្អ​ជំហរ​របស់​ខ្ញុំ​គឺ​មិន​ចាំបាច់​ប្រទេស​មាន​សន្តិភាព​ហេតុ​អ្វី​ចាំបាច់​ពង្រាយ​កម្លាំង?​»​។

លោក សុវណ្ណ មិន​ជំទាស់​ចំពោះ​ការ​ដាក់​កម្លាំង​ពេល​ឃោសនា​បោះឆ្នោត​ និង​ពេល​បោះឆ្នោត​នោះ​ដែរ​តែ​បាន​ច្រាន​ចោល​ដែរ​ចំពោះ​ការ​ចោទប្រកាន់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ មាន​ភាព​អនាធិបតេយ្យ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។ ការ​តវ៉ា​បាន​ធ្វើ​ឡើង​ដោយសារ​ គជប មិន​អាច​រក​ដំណោះស្រាយ​បាន​ក្រោយ​ពេល​មាន​ជម្លោះ​ទាក់ទង​ការ​បោះឆ្នោត។

អ្នក​វិភាគ​ពី​បញ្ហា​សង្គម​លោក មាស នី ថ្លែង​ថា​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​មិន​ចាំបាច់​ត្រូវ​មាន​កម្លាំង​សន្តិសុខ​រាប់​ម៉ឺន​នាក់​ត្រូវ​ប្រចាំ​ការ​សម្រាប់​ពេល​បោះឆ្នោត​នោះ​ទេ​ក៏​ប៉ុន្តែ​បើ​សិន​ជា​មាន​កម្លាំង​សន្តិសុខ​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​ទៅ​បោះឆ្នោត​ហាក់​មាន​ភាព​មិន​ស្រណុក​ចិត្ត​ទៅ​វិញ​៕


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>