
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ | Fri, 30 September 2016
ភ្នំពេញៈ សមាជិកសភាគណបក្សប្រឆាំងម្នាក់ក្នុងចំណោមពីរនាក់ដែលរងការវាយដំកាលពីឆ្នាំមុនលោក ញ៉យ ចំរើន បាននិងកំពុងពិភាក្សាជាមួយមេធាវីជាតិអាមេរិកដោយលោកគ្រោងដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហរដ្ឋអាមេរិកប្រឆាំងនឹងមេបញ្ជាការកងទ័ពលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថាមិនមានយុត្តាធិការលើកម្ពុជាទេ។
កាលពីថ្ងៃពុធតំណាងរាស្ត្របក្សសង្គ្រោះជាតិលោក ញ៉យ ចំរើន ដែលមានសញ្ជាតិអាមេរិកហើយត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១៥ បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថាលោកបានជួបជាមួយមេធាវីអាមេរិកលោក Morton Sklar ដើម្បីពិភាក្សាពីការដាក់ពាក្យបណ្តឹងទៅតុលាការសហរដ្ឋអាមេរិកប្រឆាំងលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជាដែលបានប្រើហិង្សាដ៏ឃោរឃៅលើរូបលោក។
ទោះជាយ៉ាងណានៅលើទំពរ័ហ្វេសប៊ុកនោះលោក ចំរើន មិនបានសរសេរលម្អិតពីដំណើរការនៃពាក្យបណ្តឹងនោះទេ។
លោក ញ៉យ ចំរើន ដែលកំពុងនៅអាមេរិកមិនអាចទាក់ទងសុំបំភ្លឺបានទេកាលពីថ្ងៃពុធ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា បានរងការវាយដំយ៉ាងធ្ងន់ធ្ងរនៅខាងក្រៅរដ្ឋសភាដោយបាតុករគាំទ្ររដ្ឋាភិបាលបន្ទាប់ពីពួកគាត់បានចាកចេញពីប្រជុំ។
លោក គង់ សភា តំណាងរាស្ត្រសញ្ជាតិខ្មែរដែលបានរងរបួសដែរនោះបានគាំទ្រពាក្យបណ្តឹងរបស់លោក ញ៉យ ចំរើន ដែលគ្រោងដាក់ទៅតុលាការអាមេរិកដោយលោករំពឹងថាតុលាការអាមេរិកអាចរកយុត្តិធម៌ជូនលោក ចំរើន បានដែលខុសគ្នាពីតុលាការកម្ពុជាដែលបានធ្វើឲ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថានៅពេលតុលាការអាមេរិកបើកសវនាការកាត់ទោសនោះយុត្តិធម៌របស់ឯកឧត្តម ញ៉យ ចំរើន ខ្ញុំសង្ឃឹមថា [នឹងត្រូវបានរកឃើញ]» ។
គេបានកត់សម្គាល់ថាសមាជិកសភាលោក ញ៉យ ចំរើន និងលោក គង់ សភា បានរងការវាយដំដោយក្រុមបាតុករច្រើននាក់ខណៈពួកគាត់ដើរចូលក្នុងរថយន្តបម្រុងនឹងចេញពីរដ្ឋសភាប៉ុន្តែមានតែសន្តិសុខ ៣ នាក់ប៉ុណ្ណោះដែលត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៤ ឆ្នាំប៉ុន្តែអនុវត្តទោសតែមួយឆ្នាំ។
លោក គង់ សភាបានបន្ថែមថាលោកមិនយល់ស្របជាមួយនឹងការសម្រេចនេះទេហើយលោកបានបន្តដាក់ពាក្យប្តឹងលើករណីនេះទៅតុលាការឧទ្ធរណ៍រួចហើយ។
យ៉ាងណាក៏ដោយលោក ផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកការប្ដឹងរបស់លោក ញ៉យ ចំរើន នៅតុលាការអាមេរិកគឺគ្រាន់តែជាការអួតអាងដើម្បីយកមុខយកមាត់ប៉ុណ្ណោះហើយពាក្យបណ្តឹងនេះនឹងគ្មានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាទេដោយសារតែរដ្ឋាភិបាលកម្ពុជាមិនស្ថិតនៅក្រោមយុត្តាធិការរបស់អាមេរិក ។
លោកបានថ្លែងថា៖ «តុលាការនោះមិនមានសិទ្ធិណាមួយដើម្បីពិនិត្យមើលលើទឹកដីរដ្ឋាភិបាលកម្ពុជានោះទេ។ វាមិនមែនជាតុលាការអន្តរជាតិហើយប្រទេសកម្ពុជាក៏មិនបានចុះហត្ថលេខាដើម្បីផ្តល់សច្ចាប័នទៅកាន់តុលាការនោះដែរ»។
ចំពោះពាក្យបណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត លោក ផៃស៊ីផាន បានឱ្យដឹងថាលោក ហ៊ុន ម៉ាណែត ជាឥស្សរជនកម្ពុជាហើយគាត់ត្រូវបានការពារដោយច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា៖ «អ្វីដែលយោងតាមច្បាប់អន្ដរជាតិបានបង្ហាញថាតុលាការ [អាមេរិក] មិនមានយុត្តាធិការលើឯកឧត្តម ហ៊ុន ម៉ាណែត នោះទេ»។
លោក សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថាទោះបីជាតុលាការសហរដ្ឋអាមេរិកគ្មានអំណាចក្នុងការអនុវត្តច្បាប់នៅកម្ពុជាប៉ុន្តែប្រសិនបើជនជាប់ចោទទៅសហរដ្ឋអាមេរិកនោះគាត់នឹងត្រូវបានចាប់ខ្លួន។
លោកបានបញ្ជាក់ថា៖ «កុំចូលទៅក្នុងប្រទេស [អាមេរិក] គឺមិនអីទេ។ ពួកគេមិនអាចបញ្ជាឲ្យយើងចាប់ខ្លួននរណាម្នាក់ដើម្បីបញ្ជូនទៅ [អាមេរិក] ទេ។ ពួកគេមិនអាចបញ្ជាដូច្នេះបានទេប៉ុន្តែយើងក៏មិនអាចចូលទឹកដីគេបានដែរ»៕ NS