Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ក្រសួង​កំពុង​ពិនិត្យ​លើ​បញ្ជី​ទណ្ឌិត​ជាង​៥០០​នាក់​ដែល​ត្រូវ​ស្នើ​លើកលែង​ទោស

$
0
0
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សាលាដំបូង និង​​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ប្រទេស នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta

ដោយ អ៊ុង សេរីវុទ្ធ RFA 2016-10-26

ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​លើ​បញ្ជី​ទណ្ឌិត​ជាង​៥០០​នាក់ មុន​នឹង​ដាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​សម្រេច និង​ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ខាង​មុខ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ឲ្យ​​អាស៊ីសេរី​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ តុលា នេះ គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស បាន​ពិនិត្យ​រួច​ហើយ​នូវ​​បញ្ជី​សំណើ​ចំនួន​១២ លើ​បញ្ជី​ទាំង​១៩ ដែល​គណៈកម្មការ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្តបាន​​ស្នើ​។

លោក គឹម សន្តិភាព បន្ត​ថា គណៈកម្មការ​ជាតិ​នេះ​នឹង​បន្ត​ពិនិត្យ​លើ​បញ្ជី​ដែល​នៅ​សល់ នៅ​រសៀល​ថ្ងៃ​ទី​២៧ តុលា ទៀត។
ចំនួន​ទណ្ឌិត​ដែល​ត្រូវ​បាន​ស្នើ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ចំនួន​​ ៥៦០ រូប ក្នុង​នោះ​ស្ត្រី​ចំនួន​៤៣រូប ​នៅ​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤។

កាល​ពី​បុណ្យ​វិសាខ​បូជា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​តែ​ទណ្ឌិត​៣​រូប​ប៉ុណ្ណោះ ត្រូវ​បាន​លើក​លែង​ទោស និង​៧៧​រូប ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ក្នុង​ចំណោម​ទណ្ឌិត​ប្រមាណ​៨០០​នាក់ ដែល​ត្រូវ​បាន​ស្នើ​សុំ​។

ចំពោះ​ការ​​លើក​លែង និង​បន្ធូរបន្ថយ​ទោស​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រឹត​បន្តឹង ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​រិះគន់​ការ​ដោះលែង​ទណ្ឌិត​ថា ភាគ​ច្រើន​នៃ​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ជា​មុខ​សញ្ញា​ចាស់ ហើយ​លោក​តម្រូវ​ឲ្យ​ផ្ញើ​បញ្ជី​រាយ​នាម​អ្នក​​លើក​លែង​ទោស​ទាំងអស់​ឲ្យ​លោក​ពិនិត្យ​ម្ដង​ៗ​មួយ មុន​ស្នើ​ទៅ​ព្រះមហាក្សត្រ។

ជាទូទៅ​ព្រះមហាក្សត្រ​ធ្វើ​ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​១ឆ្នាំ​ចំនួន​៣ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​វិសាខបូជា និង​ព្រះរាជ​ពិធី​បុណ្យអុំទូក។ ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២ ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​លើកលែង​ទោស ខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន​១ ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ប្រសិន​បើ​គេ​រក​ឃើញ​ថា ទណ្ឌិត ទាំងនោះ​បាន​កែ​ខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>