Quantcast
Viewing all articles
Browse latest Browse all 40045

អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​មួយ​រូប​ថា​លោក​មិន​ត្រូវ​បាន​អង្គការ​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​រៀបការ​ទេ

Image may be NSFW.
Clik here to view.
សាក្សី​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម លោក ជួន ធី ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ទាក់ទង​នឹង​ការ​រៀបការ​ដោយ​បង្ខំ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of ECCC


ដោយ ឡេង ម៉ាលី RFA 2016-10-26

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៦ តុលា បាន​ស្ដាប់​សាក្សី​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​មួយ​រូប ទាក់ទង​នឹង​ការ​រៀបការ​ដោយ​បង្ខំ។ សាក្សី​រូប​នេះ ក៏​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ សួរ​ដេញដោល​អំពី​ការ​ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម និង​ការ​ចាប់​ខ្លួន​សមាជិក​កងទ័ព​បញ្ជូន​មក​ដាក់​គុក​នៅ​ភ្នំពេញ។

សាក្សី​ឈ្មោះ ជួន ធី នៅ​ថ្ងៃ​ទី​២៦ តុលា បាន​ផ្ដល់​សក្ខីកម្ម​ផ្ទុយ​ពី​សាក្សី​មុនៗ​ជាច្រើន​នាក់ ទាក់ទង​នឹង​អង្គ​ហេតុ​រៀបការ​ដោយ​បង្ខំ។ លោក​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា ក្នុង​ជួរ​កងទ័ព​របស់​លោក ការ​រៀបការ​មិន​មាន​ការ​បង្ខិតបង្ខំ​ទេ បើ​ទោះ​ជា​ការ​រៀបការ​ពេល​នោះ​មាន​ច្រើន​គូ​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា៖ «អ្នក​ដែល​បាន​ជួប​ជុំ​គ្នា អ្នក​ដែល​ហ៊ាន​ក៏​ទាក់ទង​ត្រូវរ៉ូវ​គ្នា​ទៅ។ អា​ហ្នឹង​គេ​ពេញ​ចិត្ត។ គេ​ប្រាប់​ឈ្មោះ​នេះ​ឈ្មោះ​នោះ​ដែល​គេ​ពេញ​ចិត្ត។ ហើយ​មួយ​ផ្នែក​ទៀត គ្នា​ដែល​មិន​សូវ​ក្លាហាន ឬ​អៀន​ខ្មាស​ច្រើន ក៏​គ្នា​អត់​ហ៊ាន​ដែរ គឺ​ពឹងពាក់​លើ​អ្នក​ដឹកនាំ ហើយ​យើង​ក៏​ប្រាប់​គេ​ថា ត្រូវ​មួយ​ណា​អី​មួយ​ណា ដើរ​មើល​ទៅ បើ​ត្រូវ​ឈ្មោះ​យើង​រៀបចំ​ឲ្យ។ ខាង​ខ្ញុំ គឺ​មាន​ធ្វើ​អ៊ីចឹង។ តែ​បើ​ពេល​រៀបចំ​ទៅ​វា​ច្រឡំ សាមី​ខ្លួន​ខាង​ប្រុស​ក៏ដោយ ខាង​ស្រី​ក៏ដោយ គេ​មិន​ពេញ​ចិត្ត គេ​អាច​ដើរ​ចេញ​មិន​រៀបចំ​បាន»។
ទាក់ទង​នឹង​អង្គ​ហេតុ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ យ៉ាង​ហោច​ណាស់​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៣​រូប​មក​ពី​តំបន់​ផ្សេង​គ្នា បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា ពួក​កម្មាភិបាល​ខ្មែរ​ក្រហម បង្ខំ​ពួក​គាត់​រៀបការ​រួម​ច្រើន​គូ​ក្នុង​ពេល​តែ​មួយ ដោយ​មិន​បាន​ឲ្យ​ដឹង​ខ្លួន​ជា​មុន និង​រៀបការ​ទាំង​ពួក​គាត់​មិន​ពេញ​ចិត្ត។ ពួក​គាត់​ក៏​មិន​បាន​ស្គាល់ ឬ​បាន​ឃើញ​គូស្រករ​របស់​ខ្លួន​ដែល​ត្រូវ​រៀបការ​ជាមួយ​ទេ។

ជាទូទៅ សាក្សី​ដែល​អង្គការ​រៀបការ​ឲ្យ​ថ្មីៗ ត្រូវ​បាន​កម្មាភិបាល​ខ្មែរ​ក្រហម​បញ្ជូន​ឈ្លប​ឲ្យ​ទៅ​លប​ស្ដាប់​ពេល​ផ្សំ​ដំណេក។ នៅ​តំបន់​ខ្លះ សាក្សី​ឲ្យ​ដឹង​ថា កងទ័ព​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លប​យក​ការណ៍​ពី​ប្ដី​ប្រពន្ធ​ថ្មីថ្មោង ការ​រំលោភ​ផ្លូវ​ភេទ និង​ការ​នាំ​ប្ដី​ប្រពន្ធ​មិន​ចុះ​សម្រុង​គ្នា យក​ទៅ​សម្លាប់។

ត្រង់​ចំណុច​នេះ សាក្សី ជួន ធី ថ្លែង​ថា លោក​មិន​ដែល​បាន​ឈ្លប​តាមដាន​អ្នក​រៀបការ​ថ្មីៗ​នោះ​ទេ៖ «ខ្ញុំ​អត់​ដែល​ឮ​ថ្នាក់​ដឹកនាំ​ខាង​លើ​ប្រាប់​ឲ្យ​តាមដាន​ការ​រស់នៅ​អី​ផ្សំ​ដំណេក​ជាមួយ​គ្នា ឬ​មិន​ផ្សំ​ដំណេក គឺ​អត់​ដែល​មាន​ទេ។ តែ​បើ​ខាង​មូលដ្ឋាន​ខ្ញុំ​ក្ដាប់​មិន​បាន​ទេ ព្រោះ​ខ្ញុំ​ខាង​អង្គភាព​ខាង​យោធា ខ្ញុំ​គ្រប់គ្រង និង​ក្ដាប់​អត់​ដែល​មាន​បញ្ហា​អ៊ីចឹង​ផង​រៀបចំ​ហើយ ដូច​រូប​ខ្ញុំ​រៀបចំ​ពេល​ហ្នុង​ដែរ។ ដូច្នេះ គឺ​ជាប់​រហូត​ដល់​សព្វថ្ងៃ​មាន​កូន​មាន​ចៅ។ អា​ហ្នឹង​សម្រាប់​អង្គភាព។ អង្គភាព​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​អ៊ីចឹង​ដែរ អ្នក​ដែល​ស្គាល់​គ្នា ឃើញ​ជួបជុំ​គ្នា​ទៅ»។

សាក្សី​រូប​នេះ​អះអាង​ថា លោក​ជា​កងទ័ព​ដែល​ត្រូវ​អង្គការ​បក្ស​កុម្មុយនិស្ត​កម្ពុជា បញ្ជូន​ទៅ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម នៅ​ខេត្ត​ស្វាយរៀង នៅ​ឆ្នាំ​១៩៧៨។ លោក​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សួរ​ដេញដោល​អំពី​សមាជិក​កងទ័ព​ក្នុង​អង្គភាព​លេខ​៣៤០ របស់​លោក​ចំនួន ៩​នាក់ ដែល​ត្រូវ​អង្គការ​ចាប់​ខ្លួន​បញ្ជូន​មក​ដាក់​គុក​ព្រៃ​ស​នៅ​ភ្នំពេញ ប៉ុន្តែ​បដិសេធ​ថា​មិន​មាន​សមាជិក​កងទ័ព​របស់​លោក​ណា​មួយ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទេ៖ «កងទ័ព​ខ្ញុំ​ដែល​បំពេញ​បេសកកម្ម​នៅ​ស្វាយរៀង គឺ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ដឹកនាំ ខ្ញុំ​មិន​ដែល​ចាប់​ទ័ព​ខ្ញុំ ឬ​នរណា​ចាប់​ពី​អង្គភាព​ខ្ញុំ​យក​ទៅ​ឲ្យ​ខាង​លើ ក៏​អត់​មាន​ដែរ។ ខ្ញុំ​សូម​បញ្ជាក់​ថា ឈ្មោះ ៩​នាក់​នៅ​ក្នុង​កងពល​៣៤០ នេះ ខ្ញុំ​អត់​មាន​ស្គាល់​ទេ ហើយ​ក៏​នៅ​ពេល​នោះ ចំពោះ​ខ្ញុំ និង​អង្គភាព ក៏​មិន​ដែល​ស្គាល់​គុក​ព្រៃ​ស​ដែរ។ មិន​ដែល​ឮ​ឈ្មោះ​ផង​ទេ ហើយ​អត់​មាន​ការងារ​អី​ទៅ​ចាប់​បញ្ជូន​មក​ដាក់​គុក​ព្រៃ​ស​ទេ។ ខ្ញុំ​សុំ​បដិសេធ​ថា ខ្ញុំ​អត់​បាន​ដឹង​ឮ ហើយ​ក៏​អត់​បាន​ស្គាល់​ដែរ​ឈ្មោះ ៩​រូប​នោះ»។

ជា​រឿយៗ សាក្សី ជួន ធី មាន​ប្រសាសន៍​ថា លោក​នៅ​សមរភូមិ​មុខ លោក​មិន​បាន​ដឹង​អំពី​ការ​ចាប់​មនុស្ស​ទៅ​ដាក់​គុក ឬ​សម្លាប់​នៅ​ឯ​សមរភូមិ​ក្រោយ​ទេ។ លោក​ថា នោះ​ជា​កិច្ចការ​រដ្ឋបាល​របស់​កម្មាភិបាល​នៅ​សមរភូមិ​ក្រោយ។

អង្គ​ជំនុំ​ជម្រះ​ដំបូង​សាលា​ដំបូង​នៅ​ពេល​នេះ កំពុង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​២ អំពី​រឿងរ៉ាវ​រៀបការ​ដោយ​បង្ខំ ហើយ​អង្គ​ជំនុំ​ជម្រះ​ក៏​សួរ​ដេញដោល​អំពី​សង្គ្រាម​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​វៀតណាម នៅ​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ ជម្លោះ​ប្រដាប់​អាវុធ​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​វៀតណាម គឺ​ជា​អង្គ​ហេតុ​ចុង​ក្រោយ​នៃ​សំណុំ​រឿង​លេខ​០០២ វគ្គ​២ របស់​សាលា​ដំបូង ដែល​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ នេះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>