Quantcast
Viewing all articles
Browse latest Browse all 40045

បទ​វិភាគ៖ តើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឬ​យ៉ាង​ណា?

Image may be NSFW.
Clik here to view.
សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ឡើង​ឡាន ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheng Mengchuou


ដោយ យាង សុជាមេត្តា RFA 2016-05-18

ភ្លាមៗ​ក្រោយ​ពី​ក្រុម​សង្គម​ស៊ីវិល​ប្រកាស​ថា នឹង​ធ្វើ​យុទ្ធនាការ​ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ ចាប់​ពី​ថ្ងៃ​ទី​៩ ឧសភា ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​មុខ​ប្រកាស​ចោទ​ប្រកាន់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ ថា​ប៉ុនប៉ង​រៀបចំ​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ភ្លាមៗ​នោះ​ដែរ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រៀម​លក្ខណៈ​ឃ្លាំ​មើល និង​ចាត់​វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​ប្រមូល​ផ្តុំ​របស់​សង្គម​ស៊ីវិល និង​ពលរដ្ឋ។

តើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ពិត​ជា​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឬ​យ៉ាង​ណា?

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​យក​ពាក្យ​បដិវត្តន៍​ពណ៌​មក​ប្រើ ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​ដែល​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ ឬ​ប្រឆាំង​អ្វី​មួយ ថា​ជា​ក្រុម​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។
គេ​នៅ​ចាំ​បាន​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ឲ្យ​មាន​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​នោះ​មិន​យូរ​ប៉ុន្មាន ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា មាន​ចេតនា​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ដោយ​យក​គំរូ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន។ ការ​ចោទ​ប្រកាន់​នេះ នៅ​ទីបំផុត​ឈាន​ដល់​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប និង​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ឲ្យ​រត់​ទីណាត់ទីណែង​សឹង​មិន​ទាន់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ដើម​ឆ្នាំ​២០១៤ បើ​ទោះ​ជា​ទីលាន​ប្រជាធិបតេយ្យ​នោះ រដ្ឋាភិបាល​អះអាង​ថា បង្កើត​ឡើង​ដើម្បី​ធ្វើ​ជា​កន្លែង​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំ​ធ្វើ​ការ​តវ៉ា​ក្តី។

មួយ​ថ្ងៃ​មុន​ពេល​សមត្ថកិច្ច​បំបែក​ការ​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​លើក​កម្លាំង​ចុះ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ការ​ប្រមូល​ផ្តុំ​របស់​កម្មករ​រោងចក្រ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា លើ​កំណាត់​ផ្លូវ​វ៉េងស្រេង។ ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​នោះ កម្មករ​ចំនួន ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់ ហើយ​យុវជន​ម្នាក់​ឈ្មោះ ខឹម សុផាត បាន​បាត់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ។

ក្រោយ​មក មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ចុះ​បង្ក្រាប​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង។ រដ្ឋាភិបាល​ក៏​បាន​និយាយ​ចោទ​ប្រកាន់​ផ្សារភ្ជាប់​ការ​តវ៉ា​របស់​កម្មករ​នៅ​ពេល​នោះ ថា​កើត​ឡើង​ដោយសារ​តែ​មាន​ការ​ញុះញង់​របស់​បក្ស​ប្រឆាំង ដោយ​ហេតុ​ថា បក្ស​ប្រឆាំង​បាន​ថ្លែង​សន្យា​ថា នឹង​ដំឡើង​ប្រាក់​ខែ​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​ពេល​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ ទាំង​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ និង​ធ្វើ​រដ្ឋបាល​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​វត្ត​ព្រះសង្ឃ​ខ្មែរ​ក្រោម​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ការ​ចុះ​ត្រួត​ពិនិត្យ​កាលណោះ ក្រោយ​ពី​មន្ត្រី​សាលា​ក្រុង​ថ្លែង​ចាត់​ទុក​វត្ត​សាមគ្គីរង្សី ថា​ជា​តំបន់​អបគមន៍​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង។

ជា​បន្តបន្ទាប់​មក​ទៀត គេ​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​តែង​យក​ពាក្យ​បដិវត្តន៍​ពណ៌​មក​ប្រើ នៅ​ពេល​មាន​ក្រុម​ណា​មួយ​រៀបចំ​ធ្វើ​យុទ្ធនាការ​ទាមទារ​អ្វី​មួយ​ដែល​ពួក​គេ​គិត​ថា រដ្ឋាភិបាល​ធ្វើ​មិន​ត្រឹមត្រូវ។

ជាក់ស្តែង បើ​ទោះ​បី​ជា​ក្រុម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា​ក្តី ប៉ុន្តែ​យុទ្ធនាការ​របស់​ពួក​គេ តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម និង​បាន​ចាត់​វិធានការ​រារាំង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ឡើយ។

នៅ​ថ្ងៃ​ទី​៩ ឧសភា ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​នៃ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​សហគមន៍​ដីធ្លី​សរុប ៨​នាក់ ក្នុង​នោះ​ក៏​មាន​ជន​បរទេស ២​នាក់​ផង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ​ស្ទើរ​ពេញ​មួយ​ថ្ងៃ មុន​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៦ ឧសភា ដែល​ជា​សប្ដាហ៍​ទី​ពីរ​នៃ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ៥​នាក់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ​ដូច​គ្នា មុន​នឹង​ដោះ​លែង​វិញ។

ចំណាត់​ការ​របស់​សមត្ថកិច្ច តាម​មើល​ទៅ​អាច​នៅ​មាន​ត​ទៅ​ទៀត ព្រោះ​ថា បន្ថែម​ទៅ​លើ​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ឧសភា បាន​ចេញ​មុខ​ប្រកាស​ប្រឆាំង​ដាច់​ណាត់​សកម្មភាព​ទាំងឡាយ​ណា​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា បង្ក​អសន្តិសុខ និង​អស្ថិរភាព​ដល់​សង្គម។ លោក ហ៊ុន សែន ថ្លែង​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ រដ្ឋាភិបាល​ត្រូវ​តែ​រក្សា​សន្តិភាព​ឲ្យ​បាន ព្រោះ​ថា សន្តិភាព​ដែល​កម្ពុជា ទទួល​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​អ្នក​ចេញ​លុយ​បោះពុម្ព​អាវ​យឺត​ពណ៌​ខ្មៅ​ចែក​ចាយ​អ្នក​ចូលរួម ឲ្យ​បញ្ឈប់​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​ទៀត​ផង។

តាម​រយៈ​បទបញ្ជា​ដាច់​ណាត់​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា សមត្ថកិច្ច​ថ្នាក់​ក្រោម នឹង​មិន​បន្ធូរ​ដៃ​ឲ្យ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​នេះ​ក៏​មិន​មាន​អ្វី​ជា​រឿង​ចម្លែក​នោះ​ដែរ ព្រោះ​ថា កន្លង​មក​ឲ្យ​តែ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន តើ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ណា​ទៅ​ដែល​មិន​ហ៊ាន​ធ្វើ​តាម​នោះ?

មក​ដល់​ចំណុច​នេះ សំណួរ​សួរ​ថា តើ​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​អ្នក​ចូលរួម​មាន​តែ​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​កាន់​បដា​នៅ​ក្នុង​ដៃ អាច​បង្ក​ទៅ​ជា​សង្គ្រាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​បាន​ដែរ​ឬ​ទេ?

ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​មួយ​ដែល​មាន​កង​កម្លាំង​ក្តាប់​ណែន​ដៃ​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ដូច​បច្ចុប្បន្ន វា​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​រឹងមាំ​ខ្លាំង​ណាស់ គឺ​ត្រូវ​មាន​កង​កម្លាំង មាន​អាវុធ​យុទ្ធភណ្ឌ មាន​ជំនួយ​បច្ចេកទេស ថវិកា ឬ​ត្រូវ​មាន​ប្រទេស​រឹងមាំ​អាច​ពឹងពាក់​បាន​ជា​បង្អែក​នៅ​ពី​ក្រោយ​ថែម​ទៀត​ផង។

ជាក់ស្តែង ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ខ្មែរ​ក្រហម​បាន​នៅ​ក្នុង​ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន ដែល​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ជាន់​ខ្ពស់​របស់​ខ្មែរ​ក្រហម​មួយ​រូប​នៅ​តំបន់​បូព៌ា រួម​ជាមួយ​គូកន ៤​នាក់​ផ្សេង​ទៀត បាន​រត់​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ដើម្បី​សុំ​ឲ្យ​វៀតណាម ជួយ​ផ្ដួល​រំលំ​ពួក​ខ្មែរ​ក្រហម ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​របប​មួយ​ខ្មៅ​ងងឹត​យង់ឃ្នង ដោយសារ​តែ​កាប់​សម្លាប់ និង​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង​មិន​ត្រា​ប្រណី។

ក្រោយ​ពី​មាន​ការ​ទុក​ចិត្ត​ពី​មេ​ដឹក​នាំ​វៀតណាម ហើយ នៅ​ក្នុង​ទឹក​ដី​វៀតណាម លោក ហ៊ុន សែន មាន​ឱកាស​កសាង​កម្លាំង​ទ័ព​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រត់​គេច​ទៅ​វៀតណាម ដោយសារ​ការ​ធ្វើ​បាប​របស់​ខ្មែរ​ក្រហម។ នៅ​ទីបំផុត ដោយសារ​តែ​មាន​ជំនួយ​អាវុធ​យុទ្ធភណ្ឌ ជំនួយ​បច្ចេកទេស ថវិកា និង​មាន​កម្លាំង​ជំនួយ​ពី​កងទ័ព​វៀតណាម ដែល​មាន​អតីត​សហភាព​សូវៀត ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​នៅ​ពី​ក្រោយ​ផង កងទ័ព​វៀតណាម អម​ដោយ​កង​កម្លាំង​តស៊ូ​របស់​ខ្មែរ បាន​ចូល​ឈ្លាន​ពាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហម ហើយ​បាន​ក្ដោបក្ដាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ ពេល​នោះ បើ​គ្មាន​រចនាសម្ព័ន្ធ​យោធា​រឹងមាំ​ត្រឹមត្រូវ បើ​គ្មាន​គ្រឿង​សព្វាវុធ និង​គ្មាន​ជំនួយ​ពី​ប្រទេស​វៀតណាម ទេ កង​កម្លាំង​ខ្មែរ​ដែល​លោក ហ៊ុន សែន បាន​កសាង ប្រហែល​ជា​មិន​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​ឡើយ។

ងាក​មក​មើល​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ នរណា​ក៏​ដឹង​ដែរ​ថា យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​រៀបចំ​ឡើង​ក្រោយ​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែរ​នោះ ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន។

ខុស​ពី​ពេល​ដែល​លោក ហ៊ុន សែន រត់​ទៅ​ឲ្យ​វៀតណាម ជួយ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ប្រហែល​ជា​ធ្វើ​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល និង​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​សុទ្ធសាធ។ គណបក្ស​ប្រឆាំង​ក៏​មិន​ឮ​មាត់​គាំទ្រ ឬ​មិន​គាំទ្រ​នោះ​ដែរ។ ក្រៅ​ពី​នេះ ក៏​មិន​ឃើញ​មាន​ការ​ញុះញង់​ចាក់​ដោត​របស់​ប្រទេស​ណា​មួយ​នោះ​ដែរ។ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ច្បាស់​ហើយ​ថា បើ​ទោះ​ជា​អាមេរិក គាំទ្រ​សកម្មភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏ដោយ អាមេរិក មិន​បាន​នៅ​ពី​ក្រោយ ឬ​ញុះញង់​ឲ្យ​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ឡើយ។

បើ​និយាយ​ពី​អាវុធ​យុទ្ធភណ្ឌ​វិញ អាវុធ​សំខាន់​បំផុត​របស់​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​អាវ​យឺត​ពណ៌​ខ្មៅ និង​បដា​ទាមទារ​នោះ​ទេ។ អាវុធ​ទាំងអស់​នេះ ប្រាកដ​ណាស់​គេ​មិន​អាច​យក​ទៅ​ប្រយុទ្ធ ឬ​តតាំង​ជាមួយ​សមត្ថកិច្ច​រដ្ឋាភិបាល​ដែល​មាន​សុទ្ធតែ​អាវុធ​ទំនើបៗ​គ្រប់​ដៃ​នោះ​ទេ។ បើ​និយាយ​ពី​ជំនួយ​វិញ តាំង​ពី​មាន​យុទ្ធនាការ​នោះ​មក មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​មួយ​ចេញ​មុខ​ប្រកាស​ផ្តល់​ជំនួយ ឬ​អាវុធ​ឲ្យ​អ្នក​ធ្វើ​យុទ្ធនាការ​ឡើយ គឺ​ប្រហែល​មាន​តែ​អ្នក​ផ្តល់​ជំនួយ​បោះពុម្ព​អាវ​យឺត​ពណ៌​ខ្មៅ​ចែក​ចាយ​ឲ្យ​អ្នក​ចូលរួម​ប៉ុណ្ណោះ ហើយ​រឿង​នេះ សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ក៏​បាន​ដឹង​ច្បាស់​រួច​ហើយ​ដែរ។

តាម​រយៈ​ទឡ្ហីករណ៍​ទាំងអស់​នេះ វា​ពិបាក​ឲ្យ​គេ​ជឿ​ណាស់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​មាន​អ្នក​ចូលរួម​សុទ្ធតែ​ជា​មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ​សាមញ្ញ និង​គ្មាន​ការ​ចូលរួម​របស់​អង្គការ​ចាត់​តាំង​នយោបាយ គ្មាន​រចនាសម្ព័ន្ធ​យោធា​ជាក់លាក់ អាច​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​មាន​បទពិសោធន៍​ផ្នែក​យោធា និង​មាន​កម្លាំង​ទ័ព​ក្តាប់​ណែន​ដៃ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ណាស់។

ចំពោះ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ អ្នក​ច្បាប់​យល់​ឃើញ​ថា វា​គឺ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។ ពួក​គេ​ថា សិទ្ធិ​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា ជា​រដ្ឋ​ភាគី។ លើស​ពី​នេះ ដោយសារ​តែ​ការ​ជួប​ជុំ​របស់​សង្គម​ស៊ីវិល​ធ្វើ​ឡើង​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​ដទៃ​នោះ អ្នក​ចូលរួម​ធ្វើ​យុទ្ធនាការ​មិន​បាន​រំលោភ​បំពាន​ច្បាប់​អ្វី​ឡើយ។

ជា​ការ​ពិត​ណាស់ មាន​សន្តិភាព​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​អ្នក​សិក្សា​ផ្នែក​សន្តិភាព​រក​ឃើញ​ថា ដើម្បី​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ​ទៅ​បាន លុះ​ណា​តែ​ពលរដ្ឋ​ក្នុង​សង្គម​នោះ​មាន​សន្តិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា សន្តិភាព​អវិជ្ជមាន និង​សន្តិភាព​វិជ្ជមាន។

សន្តិភាព​អវិជ្ជមាន គឺ​សំដៅ​លើ​ការ​ដែល​គ្មាន​សង្គ្រាម គ្មាន​អំពើ​ហិង្សា គ្មាន​ជម្លោះ ឬ​គ្មាន​ការ​ភ័យ​ខ្លាច។ រីឯ​សន្តិភាព​វិជ្ជមាន គឺ​សំដៅ​លើ​នីតិរដ្ឋ ការ​គោរព​ច្បាប់ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​បែង​ចែក​ផល​សេដ្ឋកិច្ច​ដោយ​សមធម៌ ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ បក្ខពួក​និយម ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>