Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​ភូមិ​នៅ​ស្រុក​ឆែប​ជាង​២០០​គ្រួសារ​បារម្ភ​អត់​ដី​ធ្វើ​ស្រែ

Image may be NSFW.
Clik here to view.
អ្នក​ភូមិ​​បុះ ជាង ១៥០​នាក់ លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Ruoy Feng) មិន​ឲ្យ​បន្ត​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។ រូបភាព​សហគមន៍



ដោយ ហង្ស សាវយុត RFA 2016-05-20

រដូវ​ធ្វើ​ស្រែចម្ការ​សម្រាប់​ដើម​ឆ្នាំ​២០១៦ បាន​ចាប់​ផ្ដើម​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​ជា​បន្ត​បន្ទាប់​មក។ ក៏​ប៉ុន្តែ​កសិករ​ប្រមាណ​ជាង ២០០​គ្រួសារ នៅ​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​តែ​មាន​កង្វល់​ទៅ​លើ​បញ្ហា​គ្មាន​ដី​ធ្វើស្រែ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន បាន​ឈូស​ឆាយ និង​រំលោភ​យក​ដី​អាស្រ័យ​ផល​របស់​ពួកគេ​ស្ទើរ​តែ​អស់​ទៅ​ហើយ។

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់​នៅ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃ២ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​រដ្ឋាភិបាល​ថ្នាក់​ជាតិ គួរ​តែ​ចុះ​ពិនិត្យមើល​ការ​ប៉ះពាល់​ទៅ​លើ​ដី​ស្រែចម្ការ​របស់​ពួកគេ ហើយ​ជួយ​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ឱ្យ​អ្នក​ភូមិ​ឆាប់​បាន​ដី​ស្រែចម្ការ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ។

ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន​១ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជុំវិញ​ភូមិ​ដែល​ពួកគេ​រស់​នៅ​ហើយ​រំលោភ​លើ​ដី​ស្រែ និង​ដី​បម្រុង​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​រយៈពេល​ជាង ១​ខែ​មក​ហើយ។

បុរស​អ្នក​ភូមិ​ប្រើសក្អក ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​កំពុង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ឈូស​ឆាយ​នោះ គឺ​លោក ពាន សុផាត។ លោក​អះអាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ថា ក្នុង​រដូវ​ធ្វើ​ស្រែ​ឆ្នាំ​២០១៦ នេះ រូប​លោក​ក៏​ដូចជា​អ្នក​ភូមិ​ជាង ១០០​គ្រួសារ​ទៀត គឺ​មាន​ដី​ធ្វើស្រែ​តិចតួច​ដោយសារ​តែ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល គឺ​ក្រុមហ៊ុន​ចិន ឈ្មោះ​រួយហ្វេង (Ruoy Feng) បាន​ឈូស​រំលោភ​យក​អស់​ទៅ​ហើយ។

បុរស​ដដែល​បញ្ជាក់​ថា ទាំង​រូប​លោក និង​អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ចិន នោះ​ទេ ពីព្រោះ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ខ្លះ​តែង​មក​គំរាម​រក​ចាប់ចង ហើយ​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​នាំ​គ្នា​សម្លឹង​មើល​ដី​បាត់បង់ និង​ស្រក់​ទឹក​ភ្នែក​ប៉ុណ្ណោះ៖ «១​ខែ​ជាង​ហើយ គេ​ឈូស​ជុំវិញ​ភូមិ ហើយ​នៅ​បន្ត​រហូត​សព្វថ្ងៃ។ ដើម​ឈើ​ដែល​គេ​ឈូស គឺ​គេ​ដុត​ចោល តើ​ឱ្យ​អ្នក​ភូមិ​ទៅ​រក​អុស​ឯ​ណា​ទៀត រក​ឈើ​ពី​ណា​ធ្វើ​ផ្ទះ និង​រក​ដីស្រែ​ឯ​ណា​ទៀត»។

ក្រុម​អ្នកភូមិ​ចង់​ឃើញ​អាជ្ញាធរ​ស្រុក​ឆែប ក៏​ដូច​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី ជួយ​ពិនិត្យ​មើល​ការ​ប៉ះពាល់​មក​លើ​ពួកគេ ព្រម​ទាំង​ដោះស្រាយ​ឱ្យ​បាន​សមស្រប។ ក៏ប៉ុន្តែ​អភិបាល​ស្រុក​ឆែប លោក សុខ សានដារ៉ា បាន​ឆ្លើយ​តប​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ជុំវិញ​រឿង​ក្រុមហ៊ុន​ចិន យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជុំវិញ​ភូមិ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​នោះ​នៅ​ឡើយ។

លោក​អភិបាល​ស្រុក​ដដែល​មិន​ជឿ​ថា ក្រុមហ៊ុន​អាច​ហ៊ាន​ទៅ​ឈូស​រំលោភ​បំពាន​លើ​ដី​ប្រជាពលរដ្ឋ ហើយ​ប្រើ​កម្លាំង​សមត្ថកិច្ច​ទៅ​គំរាម​កំហែង​ស្រេច​តែ​ចិត្ត​នោះ​ទេ៖ «បើ​សិន​ណា​មាន​ក្រុមហ៊ុន​ចិន ទៅ​ឈូស​ឆាយ​អ៊ីចឹង ធម្មតា​ប្រជាពលរដ្ឋ​ត្រូវ​ប្ដឹង ឬ​ក៏​ជូន​ដំណឹង​មក​ស្រុក​ហើយ»។

​អាជ្ញាធរ​ស្រុក​ឆែប ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ម្ដុំ​ឃុំ​ម្លូព្រៃ នោះ មាន ២ គឺ​ក្រុមហ៊ុន​រួយហ្វេង និង​ក្រុមហ៊ុន ហេង យូ (Heng Yu)។

ទោះ​យ៉ាង​ណា​មេ​ឃុំ​ម្លូព្រៃ២ លោក សាប់ សាយ អះអាង​ថា ក្រុមហ៊ុន​ចិន ពិត​ជា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ និង​ដី​ព្រៃ​បម្រុង​ទុក​របស់​សហគមន៍​មែន។ លោក​មេ​ឃុំ​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន រួយហ្វេង បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​របស់​គេ​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១៥ មក​ម្ល៉េះ ហើយ​បច្ចុប្បន្ន​កំពុង​ឈូស​ឆាយ​ព័ទ្ធ​ជុំវិញ​ភូមិ​ចំនួន​២ គឺ​ភូមិ​បុះ និង​ភូមិ​ប្រើសក្អក៖ «ខ្ញុំ​ទៅ​សម្របសម្រួល​គេ​អត់​ព្រម​ទេ ខ្ញុំ​មាន​កង្វល់​ណាស់ ព្រោះ​មិន​ដែល​ឃើញ​ថ្នាក់​លើ​មក​មើល​ថា ប៉ះពាល់​ប្រជាពលរដ្ឋ​ប៉ុណ្ណា​គឺ​អត់​ឃើញ»។

លោក​មេ​ឃុំ​ម្លូព្រៃ២ ឱ្យ​ដឹង​ថា នៅ​ភូមិ​បុះ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ២៤៣​គ្រួសារ គឺ​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​ចិន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ប្រហែល​ពាក់​កណ្ដាល។ ចំណែក​នៅ​ភូមិ​ប្រើសក្អក​វិញ ដែល​មាន​អ្នក​ភូមិ​ជាង ២២០​គ្រួសារ មាន​អ្នក​ប៉ះពាល់​ដោយ​ការ​ឈូស​ឆាយ​ប្រហែល​ជាង ១០០​គ្រួសារ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​រំលោភ​លើ​ដី​ស្រែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រើស​ក្អក​នោះ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ​ដោយសារ​រូប​លោក​កំពុង​ជាប់​រវល់​ការងារ​ជា​ច្រើន គឺ​មិន​ទាន់​បាន​ចុះ​អង្កេត​នៅ​ឡើយ។

ទោះ​យ៉ាង​ណា​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដដែល​បញ្ជាក់​ថា តាម​លោក​ធ្លាប់​សិក្សា​មើល​លើ​ផែនទី​ខ្លះ គឺ​ពិត​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន សម្រាប់​ដាំ​អំពៅ​បាន​គ្រប់​ដណ្ដប់​លើ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​មែន៖ «យើង​តែងតែ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ករណី​ដែល​ដី​ភូមិ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ស្ថិត​ក្នុង​ប្លុក​របស់​ក្រុមហ៊ុន​បែប​ហ្នឹង គឺ​មុន​និង​ក្រោយ​ក្រុមហ៊ុន​នឹង​ឈូស​ឆាយ»។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា តាម​ការ​សិក្សា​ឃើញ​ថា ភូមិ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ២ គឺ​ស្ថិត​នៅ​ក្នុង​ផែនទី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​តែម្ដង ដូចជា​ភូមិ​ប្រើសក្អក និង​ភូមិ​បុះ​ជាដើម។

​បញ្ហា​នេះ​បង្កើត​ឱ្យ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល មាន​ការ​ងឿងឆ្ងល់​ថា តើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នក​ដើរ​គូស​ផែនទី​កំណត់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​អ្នក​វាយ​តម្លៃ​កន្លង​មក​នោះ ធ្វើការ​បែប​ណា​បាន​ជា​បង្កើត​ឱ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ដូច្នេះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>