ដោយ ហង្ស សាវយុត RFA 2016-05-28
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីភូមិចំនួន៥ របស់ខេត្តឧត្តរមានជ័យ បានលើកគ្នាទៅតំបន់ភ្នំអាតោ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Sino Hydro) ដែលកំពុងអនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា។ ប្រជាពលរដ្ឋទាំងនោះ មកពីសង្កាត់កូនក្រៀល ក្រុងសំរោង ឃុំលំទង ស្រុកអន្លង់វែង និងឃុំពង្រ ស្រុកចុងកាល់។
តំណាងប្រជាពលរដ្ឋដែលលើកគ្នាទៅតវ៉ាម្នាក់ សុំមិនបញ្ចេញឈ្មោះបានអះអាងកាលពីព្រឹកថ្ងៃសៅរ៍ទី២៨ ខែឧសភា ថា ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ បានធ្វើទំនប់ទឹកនៅតំបន់ភ្នំអាតោ រយៈពេលជិត ៣ឆ្នាំមកហើយ ដោយមិនទាន់ចេញសំណងឱ្យប្រជាពលរដ្ឋដែលប៉ះពាល់ដីស្រែចំការ និងលំនៅទេ៖ «នេះកំពុងនៅកន្លែងការដ្ឋានក្រុមហ៊ុន បានបិទការដ្ឋានជិតអស់ហើយ មិនបានឱ្យធ្វើទៀតទេ។ ទាមទាររឿងផលប៉ះពាល់ដោយសារក្រុមហ៊ុនបិទទំនប់ទឹកនេះ វាលិចផ្ទះ ដីស្រែ ចំការ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ចាប់តាំងពីអំឡុងឆ្នាំ២០១៤ មក អង្គការអាដហុក បានដាក់មេធាវីឱ្យការពារប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារការសង់ទំនប់ទឹកនេះ ប៉ុន្តែឃើញមានការទូទាត់សំណងឱ្យប្រជាពលរដ្ឋនៅឡើយទេ គឺបានត្រឹមតែអាជ្ញាធរចុះស្រង់ស្ថិតិនៃការខូចខាតប៉ុណ្ណោះ។
គម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ របស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ គឺស្ថិតនៅក្នុងភាពស្រពេចស្រពិល ដោយអាជ្ញាធរខេត្តឧត្តរមានជ័យ ធ្លាប់អះអាងថា សម្រាប់ប្រព័ន្ធស្រោចស្រពវិស័យកសិកម្ម ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលខ្លះនិយាយថា ទំនប់ទឹកនេះ អាចជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីទី២ ជាលក្ខណៈវិនិយោគទុនឯកជន៕