Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​ឆាប់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ

Image may be NSFW.
Clik here to view.
ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ នា​ខេត្ត​ព្រះសីហនុ លោក សេន ចន្ថា (ឆ្វេង) និង​ក្រុម​សហគមន៍​ប្រមូល​ផ្ដុំ​គ្នា​ស្នើ​ឲ្យ​អាជ្ញាធរ​ឆាប់​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ពួកគាត់។  RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-05-28

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០ នា​ខេត្ត​ព្រះសីហនុ ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការងារ​ចុះ​វាស់ និង​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ផ្សេងៗ និង​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​អាច​បង្កបង្កើនផល​កសិកម្ម​ឲ្យ​ទាន់​រដូវ​ភ្លៀង​ធ្លាក់។

អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កង្វល់​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ទេ ហើយ​មន្ត្រី​ជំនាញ​កំពុង​ចុះ​អនុវត្ត​ការងារ​កាត់​ឆ្វៀល​ដី ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មាន​ប្រសាសន៍​ថា រាល់​ថ្ងៃ​នេះ​មាន​សហគមន៍​ដែល​មាន​កង្វល់​លើ​បញ្ហា​សុវត្ថិភាព​ដីធ្លី​ជាង ២០​សហគមន៍ កំពុង​ទន្ទឹង​រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​វាស់ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ប្រើប្រាស់​ឲ្យ​បាន​ស្រប​ច្បាប់ ពិសេស​អាច​ឲ្យ​ពួកគាត់​អាច​បង្កបង្កើនផល​កសិកម្ម​ឲ្យ​ទាន់​រដូវ​មាន​ភ្លៀង​ធ្លាក់​មាន​សុវត្ថិភាព។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ស្វាគមន៍​ចំពោះ​សកម្មភាព​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​ក្នុង​អាណត្តិ​របស់​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សហគមន៍​នានា និង​ទទួល​យក​សំណូម ឬ​កង្វល់​ពលរដ្ឋ​មក​ដោះស្រាយ។

ទន្ទឹម​គ្នា​នេះ លោក ប៊ួន ណារិទ្ធិ ក៏​បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​ពន្លឿន​ការងារ​ចុះ​វាស់ដី ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​បាន​ឆាប់ ព្រោះ​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០ ក្នុង​ខេត្ត​នេះ ព្រួយ​បារម្ភ​ពី​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច៖ «ជា​ការ​ល្អ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ដី​នៅ​តាម​សហគមន៍​របស់​ប្រជាពលរដ្ឋ ពិសេស​សហគមន៍​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​យិះជៀ ចេញ​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​នេះ​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ទន្ទឹង​រង់ចាំ​ក្រុម​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ ខេត្ត តែ​មិន​ទាន់​ឃើញ​ចាត់វិធានការ​នោះ​ទេ»។

​ចំណែក​អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត ពិសេស​រដ្ឋាភិបាល ត្រូវ​មាន​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ឬ​ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន  ឬ​រង​ការ​រំលោភ​បំពាន​ផ្សេងៗ​ចប់​ឲ្យ​បាន​ឆាប់ និង​តម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ។

អ្នកស្រី​កត់សម្គាល់​ថា ក្នុង​អាណត្តិ​កន្លង​មក ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ទទួល​រង​នូវ​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ថា​គ្មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី ឬ​ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​ទេ ហើយ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្សពួក​ច្រើន​ជាង​ជួយ​ដោះស្រាយ​កង្វល់​ពលរដ្ឋ៖ «ខែ​វស្សា ឬ​ខែ​មាន​ទឹកភ្លៀង​បាន​ចូល​មក​ដល់ ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ដី​កសិកម្ម​ក្នុង​សហគមន៍​នេះ​ត្រូវ​ការ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ដី ដាំ​ដំណាំ ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន ឬ​មន្ត្រី​មាន​អំណាច​ផ្សេងៗ ទៅ​លើ​ដី​​លំនៅឋាន និង​ដី​កសិកម្ម​របស់​ពួកគាត់»។

ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្ម​ធំ លោក សេន ចន្ថា ហៅ​តា ឆក ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០​ទៀត នា​ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ ឲ្យ​ជួយ​ពន្លឿន​សកម្មភាព ឬ​កំណត់​ថ្ងៃ​ចុះ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១០៦​គ្រួសារ នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន យិះជៀ ឲ្យ​បាន​ឆាប់។

លោក សេន ចន្ថា បាន​ចោទ​ក្រុមហ៊ុន​ចិន ឈ្មោះ យិះជៀ ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ តែង​បាន​ប្រើ​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​យាម​ដី​ឲ្យ​ក្រុម​នេះ មក​គំរាម​បណ្ដេញ​ពួកគាត់​មិន​ឲ្យ​សង់ផ្ទះ ឬ​ធ្វើ​របរ​កសិកម្ម​លើ​ដី​ធ្លាប់​បង្កបង្កើនផល តាំង​ពី​ឆ្នាំ​១៩៩២ ជា​បន្តបន្ទាប់។

តំណាង​រូប​នេះ​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យិះជៀ ឲ្យ​បាន​ឆាប់ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​មូលដ្ឋាន​ខ្លួន​នៅ​នឹង​កន្លែង៖ «សូម​សម្ដេច​នាយករដ្ឋមន្ត្រី​ជួយ​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន យិះជៀ ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់»។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ថា ចំពោះ​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា គឺ​អាជ្ញាធរ​ខេត្ត​នេះ​បាន​ដាក់​ផែនការ​ចុះ​តាម​សហគមន៍​ទៅ​តាម​កាលកំណត់​របស់​មន្ត្រី​ជំនាញ។ លោក​បន្ត​ថា ក្រុម​ការងារ​នេះ​នឹង​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​មូលដ្ឋាន​ពលរដ្ឋ​កំពុង​រស់​នៅ​នឹង​ឈាន​ដល់​វាស់​បែងចែក​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​ស្របតាម​ច្បាប់​ជា​ធរមាន។

​យ៉ាង​នេះ​ក្ដី លោក យន្ត មីន ស្នើ​សុំ​​​ពេល​វេលា និង​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ចំពោះ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ ពីព្រោះ​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​តិច ហើយ​មាន​ការងារ​ច្រើន​ត្រូវ​ដោះស្រាយ​ជា​ប្រចាំ​ថ្ងៃ។

របាយការណ៍​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ២០​សហគមន៍ បន្ត​កើត​មាន​ទំនាស់​ដីធ្លី ហើយ​អាជ្ញាធរ​មិន​ទាន់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ពេល​ចន្លោះ​ពី ៥​ឆ្នាំ ទៅ​ដល់ ១៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​នោះ​ទេ ហើយ​មាន​ពលរដ្ឋ​ខ្លះ​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នេះ ក៏​មាន​វ័យ​ជរា និង​បាត់​បង់ជីវិត​ជា​បណ្ដើរៗ​ហើយ​ដែរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>