
ដោយ ចេង ម៉េងជូ RFA 2016-05-29
ក្រុមសហគមន៍ដីធ្លីដែលបានកំណត់យកថ្ងៃច័ន្ទជាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនោះ នៅតែអះអាងថា ពួកគេនឹងនៅតែបន្តប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការនេះបន្តទៀតនៅថ្ងៃច័ន្ទ ទី៣០ ឧសភា ដោយមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ច ព្រោះពួកគេប្រើសិទ្ធិសម្ដែងមតិដោយស្របច្បាប់។
ចំពោះគម្រោងសម្រាប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនាសប្ដាហ៍ទី៤ នេះ តំណាងសហគមន៍អេស.អូ.អេស (S.O.S) អ្នកស្រី ចា្រយ នីម ឲ្យដឹងថា សកម្មជនដីធ្លីប្រមាណ ៤០នាក់មកពីសហគមន៍ដីធ្លីចំនួន៤ នឹងជួបជុំគ្នានៅចំណុចផ្លូវជាតិលេខ៣ ឆ្ពោះទៅពន្ធនាគារព្រៃស ដោយលើកបដាទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបដែលកំពុងជាប់ឃុំ។
ដោយឡែកនៅក្នុងសហគមន៍បឹងកក់វិញ តំណាងសហគមន៍ អ្នកស្រី ទេព វន្នី ឲ្យដឹងថា សកម្មជនដីធ្លីក្នុងសហគមន៍ប្រមាណ ១០០នាក់ នឹងជួបជុំគ្នានៅម៉ោង ៥ល្ងាច សម្ដែងមតិបង្ហោះប៉ោងប៉ោងពណ៌ខ្មៅ ដែលមានសរសេរសារទាមទារដោះលែងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ឃុំ៕