ដោយ សូត សុខប្រាថ្នា RFA 2016-06-10
សមាគមយុវជនខ្មែរនៅខេត្តកំពង់ចាម បានរៀបចំកិច្ចពិភាក្សារចាំឆ្នាំមួយក្រោមប្រធានបទ "ភាពវៃឆ្លាតក្នុងការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ"។ គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចពិភាក្សានេះឡើង ដើម្បីចែករំលែកបទពិសោធន៍ និងលទ្ធផលការងារគម្រោងមួយនេះដល់អ្នកចូលរួម ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ ពិសេសលើកជាអនុសាសន៍ដើម្បីកាត់បន្ថយបញ្ហាចំណាកស្រុកដោយប្រថុយប្រថាន។
ក្រុមយុវជន និងអ្នកចូលរួមមួយចំនួនយល់ថា រាជរដ្ឋាភិបាលគប្បីបង្កើតការងារនៅក្នុងស្រុកឱ្យបានច្រើន ព្រមទាំងលើកកម្ពស់ការអប់រំដល់កុមារ និងយុវជនឱ្យបានប្រសើរ ទើបអាចកាត់បន្ថយការចំណាកស្រុកបាន។ បន្ថែមពីនេះ ប្រសិនបើយុវជនសម្រេចទៅរកការងារធ្វើនៅក្រៅស្រុក អាជ្ញាធរពាក់ព័ន្ធមានតួនាទីអប់រំបញ្ហាច្បាប់ដល់ពួកគាត់ ជៀសវាងការសម្រេចចិត្តដោយប្រថុយប្រថាន។
និស្សិតសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម កញ្ញា ខន សុខេង ឱ្យដឹងថា ការធ្វើចំណាកស្រុកច្រើនគឺធ្វើអោយប្រទេសជាតិបាត់បង់នូវធនធានមនុស្ស។ កញ្ញាសង្កេតឃើញថា មានមូលហេតុមួយចំនួនដែលនាំឱ្យយុវជនចំណាកស្រុក ក្នុងនោះដោយសារទីផ្សារការងារនៅក្នុងស្រុកមិនមានគ្រប់គ្រាន់ ប្រាក់បៀវត្សរ៍តិច គួបផ្សំនឹងការអប់រំផង។ កញ្ញាយល់ថា ប្រសិនបើរាជរដ្ឋាភិបាលបង្កើតការងារឱ្យបានច្រើន និងមានប្រាក់ខែសមរម្យ គឺធ្វើឱ្យយុវជនងាកមករកការងារធ្វើនៅក្នុងស្រុកជាក់ជាមិនខាន៖ «នាងខ្ញុំស្នើសុំឱ្យរាជរដ្ឋាភិបាលបង្កើតការងារឱ្យបានច្រើននៅក្នុងស្រុក ដើម្បីកុំឱ្យមានលំហូចេញនៃចំណាកស្រុកខុសច្បាប់»។
ការលើកឡើងរបស់យុវជននៅក្នុងកិច្ចពិភាក្សាដែលរៀបដោយសមាគមយុវជនខ្មែរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ដោយមានអ្នកចូលរួមប្រមាណ ៥០នាក់ មកពីបណ្ដាខេត្តចំនួនបីរួមមានខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តសៀមរាប។ កិច្ចពិភាក្សាដោយផ្ដោតទៅលើការចំណាកស្រុក ប្រកបដោយភាពវៃឆ្លាតមានន័យថា យុវជនត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់ និងធ្វើឡើងដោយស្របច្បាប់ ជៀសវាងធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះ ដោយការរំលោភបំពានផ្សេងៗ ព្រមទាំងជួញដូរមនុស្សជាដើម។
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តកំពង់ចាម អ្នកស្រី ស៊ី វណ្ណថា មានប្រសាសន៍ថា កាលពីពេលកន្លងទៅ បញ្ហាចំណាកស្រុកដោយប្រថុយប្រថានរបស់ពលរដ្ឋនៅខេត្តមួយនេះមានច្រើន ប៉ុន្តែបច្ចុប្បន្នថយចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីប្រជាជនទទួលបានចំណេះដឹងកាន់តែច្រើន តាមរយៈអាជ្ញាធរខេត្ត និងអង្គការជាដៃគូ។
អ្នកស្រីថា ការបង្កើតការងារនៅក្នុងស្រុកពិតអាចកាត់បន្ថយការចំណាកស្រុកប្រាកដមែន។ ជាមួយគ្នានោះ អាជ្ញាធរខេត្តក៏បានបង្កើតកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បុរស និងស្ត្រី ព្រមទាំងបានទាក់ទាញវិនិយោគទុនជាច្រើនមករកស៊ី ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ៖ «ការអប់រំរបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធគឺការអប់រំ នឹងធ្វើឱ្យគាត់បានយល់ពីបញ្ហាទាំងនេះ ហើយការចំណាកស្រុកនឹងថយ។ គាត់នឹងបែរមកធ្វើការនៅជិតៗផ្ទះ»។
ក្រៅពីការបង្កើតការងារក្នុងស្រុកឱ្យបានច្រើនហើយ រាជរដ្ឋាភិបាលក៏បានដាក់ផែនការទាក់ទាញកុមារ និងយុវជន ឱ្យបានចូលរៀនកាន់តែច្រើន។
អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារបង្ការទប់ស្កាត់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី សឿ សុជាតា បញ្ជាក់ថា នៅពេលពលរដ្ឋមិនមានចំណេះដឹងគ្រប់គ្រាន់ គឺងាយធ្វើឱ្យពួកគាត់សម្រេចចិត្តទៅធ្វើការងារនៅក្រៅប្រទេសដោយប្រថុយប្រថាន ពិសេសទៅដោយខុសច្បាប់។ អ្នកស្រីថា នៅពេលពលរដ្ឋទៅធ្វើការងារនៅក្រៅស្រុកដោយខុសច្បាប់ ធ្វើឱ្យពួកគាត់ត្រូវជួបបញ្ហាជាច្រើន ដូចជាបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការរំលោភបំពានកម្លាំងពលកម្ម ឬការជួញដូរមនុស្ស។
អ្នកស្រីយល់ថា នៅពេលពលរដ្ឋមានការអប់រំខ្ពស់ បញ្ហាចំណាកស្រុកនឹងត្រូវកាត់បន្ថយ៖ «ខ្ញុំយល់ឃើញថា ប្រសិនបើយើងទទួលបាលជោគជ័យក្នុងវិស័យអប់រំ ប្រជាជនយើងនឹងមានការត្រិះរិះពិចារណាបានត្រឹមត្រូវមិនចាញ់បោក មេខ្យល់ ហើយបានស្វែងយល់ពីគោលដៅដែលគេបានធ្វើចំណាកស្រុក»។
អ្នកស្រីបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហានេះ ធ្វើយ៉ាងណាទាក់ទាញសិស្សឱ្យបានចូលរៀនកាន់តែច្រើនតាមរយៈពង្រឹងគុណភាពគ្រូ សោភ័ណភាពសាលារៀន និងការផ្ដល់ជូនអាហារូបករណ៍ដល់សិស្សក្រីក្រជាដើម។
ប្រធានគម្រោងទេសន្តរប្រវេសក៍ការងារដោយភាពវៃឆ្លាតនៃសមាគមយុវជនខ្មែរ លោក សុខ ណារ័ត្ន មានប្រសាសន៍ថា មូលហេតុជ្រើសរើសយកខេត្តទាំងបីសម្រាប់អនុវត្តគម្រោងរបស់ខ្លួន ដោយសារខេត្តទាំងនេះ មានអត្រាចំណាកស្រុកទៅក្រៅប្រទេសច្រើនជាងគេ ហើយអត្រានៃការជួញដូរស្ត្រីទៅរៀបការជាមួយបុរសចិន គឺមានច្រើនចំពោះខេត្តកំពង់ចាម។ ទោះបីជាបែបនេះក្តី លោករកឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានផ្លាស់ប្ដូរពីការចំណាកស្រុកដោយប្រថុយប្រថានមកជាចំណាកស្រុកដោយស្របច្បាប់ និងបានគិតគូរច្បាស់លាស់ជាងមុន៖ «លទ្ធផល ក្នុងឆ្នាំនេះ យើងឃើញថា នៅក្នុងឃុំដែលយើងបានអនុវត្តគម្រោងហ្នឹងគាត់មានការយល់ដឹងអំពី ការធ្វើចំណាកស្រុកដោយឆ្លាតវៃ»។
លោកបន្ថែមទៀតថា ជាការប្រសើរ ពលរដ្ឋត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់មុនពេលទៅធ្វើការងារនៅក្រៅប្រទេស ពិសេសត្រូវចំណាកស្រុកស្របច្បាប់ និងសិក្សាឱ្យច្បាស់ពីកន្លែងដែលខ្លួនត្រូវទៅ។ ប្រសើរជាងនេះ ពលរដ្ឋត្រូវសម្លឹងមើលការងារនៅស្រុកកំណើតវិញ។
គម្រោងទេសន្តរប្រវេសក៍ការងារដោយឆ្លាតវៃ នឹងធ្វើជាបន្តបន្ទាប់ដោយមានយុទ្ធនាការផ្សេងៗ ដើម្បីអប់រំពលរដ្ឋ ពិសេសសិស្សានុសិស្សដោយលើកទឹកចិត្តពួកគាត់មិនឱ្យបោះបង់ចោលការសិក្សា ព្រោះវាជាមូលហេតុមួយនាំឱ្យមានចំណាកស្រុកដោយប្រថុយប្រថាន៕