ដោយ រដ្ឋា វិសាល RFA 2016-06-10
សាក្សីបញ្ជាក់ប្រាប់ប៉ូលិសថា សំឡេងផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់បានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី៩ ខែមិថុនា នៅក្បែរផ្ទះប្រធានភូមិស្រែគរមួយ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ខណៈប្រធានភូមិ និងក្រុមគ្រួសារកំពុងចូលរួមពិធីបុណ្យនៅក្នុងវត្ត។
មិនមានហេតុអាក្រក់ណាមួយកើតមានចំពោះនរណាម្នាក់ទេ ក៏ប៉ុន្តែប្រធានភូមិដែលជាមន្ត្រីគណបក្ស សម រង្ស៊ី លោក លាង លាភ បារម្ភពីសុវត្ថិភាពរបស់ខ្លួន និងចាត់ទុកស្នូរគ្រាប់កាំភ្លើងគឺជាការបាញ់គំរាមក្នុងរឿងនយោបាយ។
លោកថា ការបាញ់គំរាមនេះ ទំនងសម្ពាធនយោបាយដែលមន្ត្រីបក្សកាន់អំណាចនៅមូលដ្ឋានកំពុងរារាំងសកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ៖ «ខ្ញុំប្ដឹងទៅសមត្ថកិច្ចដែរ គាត់ទៅមើលដែរ។ ខ្ញុំគិតថា ប្រហែលគេគំរាមកំហែងខ្ញុំតាមខ្ញុំគិតមើលអត់ ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋណាផង ហេតុម៉េចបានជាគេមកបាញ់កាំភ្លើងនៅផ្ទះខ្ញុំ?»។
ផ្ទុយពីការបារម្ភនេះ នាយនគរបាលប៉ុស្តិ៍ឃុំស្រែគរ លោក ហត ស៊ត អះអាងថា បានចុះទៅពិនិត្យកន្លែងឮសូរសំឡេងផ្ទុះភ្លាមៗ ក៏ប៉ុន្តែមិនមានឃើញសំបកគ្រាប់ ឬវត្ថុតាងបញ្ជាក់ថា ជាការផ្ទុះអាវុធនោះឡើយ។ លោកទទួលស្គាល់ថា អ្នកភូមិរស់នៅក្បែរផ្ទះប្រធានភូមិពិតជាឮសំឡេងផ្ទុះ ក៏ប៉ុន្តែគ្មានអ្នកណាប្រាកដថា ជាសំឡេងអ្វីនោះឡើយ៕